កីឡាជាតិ
ជាតិ
U-14 Girls កម្ពុជា ប៉ះ​ថៃ នា​រសៀល​នេះ ក្រោយ​ចាញ់​មី​យ៉ាន់​ម៉ារ ៣-០
24, Jun 2015 , 9:00 am        
រូបភាព
ក្រុម​កុមារិកម្ពុជា (ខៀវ) នាជំនួប​ជាមួយមីយ៉ាន់ម៉ារ។ រូបថត MFF Twitter
ក្រុម​កុមារិកម្ពុជា (ខៀវ) នាជំនួប​ជាមួយមីយ៉ាន់ម៉ារ។ រូបថត MFF Twitter
ដោយ: រួបរួម
ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម១៤ឆ្នាំ ត្រូវបាន​មី​យ៉ាន់​ម៉ារ​យកឈ្នះ ៣-០ នា​ការប្រកួត​បើកឆាក​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFC U-14 Girls’s Regional Championship ប្រចាំ​តំបន់​អាស៊ាន នៅលើ​ទីលាន YFTC Field ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ម្សិលមិញ។ នា​វេលា​ម៉ោង២រសៀល​ថ្ងៃនេះ កម្ពុជា​ត្រូវ​ប៉ះ​ថៃ ដែល​បាន​យកឈ្នះ​ឡាវ​រហូតដល់ ៩-០ ។



ក្នុងការ​ប្រកួត​ដែល​តង់​មាន​រយៈពេល៣៥នាទី ក្រុម​មី​យ៉ាន់​ម៉ារ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន៣គ្រាប់​នៅក្នុង​តង់​ទីមួយ ដែល​សម្រេចបាន​ដោយ​កីឡាការិនី WIN SANDA TUN ចំនួន២គ្រាប់ (នាទី ទី២៣ និង​ទី៣៥ ) និង SAN THAW THAW មួយ​គ្រាប់ (នាទី៣៥+៣)។

ក្រុមកីឡា​ការិនី​ដែល U-14 កម្ពុជា ដែល​លោកគ្រូ​បង្វឹក មាស សំអឿន ដាក់​ឲ្យ​ចូល​លេង​ក្នុងជំនួប​ជាមួយ​មី​យ៉ាន់​ម៉ារ មាន៖ ភឿ ធូ (អ្នកចាំទី), ញ៉រ ស្រី​ណែ​ត (ប្រធាន​ក្រុម),ស៊ាន សាង​យី, យ៉​ន សោ​ភ័​ណ្ឌ​រស្មី (រ័ត្ន ឆៃអ៊ាង ២៩ ), ម៉េ​ត ម៉ា​យ៉ាន, ហៀ​ង សារី (មូល រស្មី​ភី ៦៥), លឹម សុជា (សុន ស៊ី​ណៃ ៦៥), ហ៊ិ​ន ស្រីអូន, ភឿន ស្រ​ល័ក្ខណ៍, ស្រី លាភ (ឆាយ វ៉ាន់ឌី ៤៤), ពឿ​ន គ​ន្ធា (សឿន វិ​ផា ២៥)។

ថៃ​ឡើង​ឈរលើ​តារាង​ពូ​ល A ក្រោយ​ជ័យជម្នះ ៩-០ លើ​ឡាវ ខណៈ​មី​យ៉ាន់​ម៉ារ​ដែល​បាន​យកឈ្នះ​កម្ពុជា ៣-០ ស្ថិតនៅ​លេខ២ ។ សម្រាប់​ពូ​ល B ម៉ាឡេស៊ី​យកឈ្នះ​សឹង្ហ​បុរី ៣-១ ខណៈ​ម្ចាស់ផ្ទះ​វៀតណាម បំបាក់​ហ្វីលីពីន ៣-០ ។

នេះ​ជា​លើក​ទី​បី​ហើយ​សម្រាប់​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ AFC U-14 Girls’s Regional Championship ប្រចាំ​តំបន់​អាស៊ាន។ កាលពី​ឆ្នាំ២០១៣ ក្រោម​ការដឹកនាំ​របស់​លោក Samuel Schweingruberគ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន​នាពេល​បច្ចុប្បន្ន​នោះ ក្រុម​កុមារី​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ៥ក្នុងចំណោម៦ក្រុម ដោយ​ម្ចាស់ផ្ទះ​វៀតណាម ជាប់​លេខ១ ថៃ លេខ២ និង​មី​យ៉ាន់​ម៉ារ បាន​លេខ៣ ។

នា​ការប្រកួត​នៅលើ​ទីលាន Thong Nhat Stadium នៃ​ទីក្រុង​ហូជីមិញ កាលពី​ឆ្នាំ២០១៤ លោក អ៊ុំ សាវង្ស បាន​ដឹកនាំ​ក្រុម​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​បី​នៅក្នុង​ពូ​ល A ដោយ​យកឈ្នះ​សឹង្ហ​បុរី ២-១ ចាញ់​វៀតណាម ៨-០ និង​ចាញ់​ហ្វីលីពីន ៥-០ ។ កាលណោះ ថៃ​ក្លាយជា​ម្ចាស់​ជើងឯក ហ្វីលីពីន​លេខ២ និង​ម្ចាស់ផ្ទះ​វៀតណាម​បាន​លេខ៣ ។

ក្រៅពី​តំបន់​អាស៊ាន ព្រឹត្តិការណ៍ AFC U-14 Girls’s Regional Championship ក៏បាន​រៀបចំ​នៅ​តំបន់ផ្សេងៗក្នុង​ទ្វីបអាស៊ី​ផងដែរ។  នៅ​តំបន់​ខាងកើត​ដែលមាន៨ក្រុម​ចូលរួម កូរ៉េខាងជើង​បាន​លេខ​មួយ ម្ចាស់ផ្ទះ​ចិន​លេខ២ ជប៉ុន​លេខ៣ រួមទាំង​រង្វាន់ Fair Play។ កីឡាការិនី​កូរ៉េខាងជើង Kim Yun Ok រក​គ្រាប់​បញ្ចូល​ទី​ច្រើនជាងគេ​ដោយមាន៩គ្រាប់ ខណៈ​មិត្ត​រួម​ជាតិ​របស់​នាង គឺ Kim Ryo-song ជាប់​ជា​កីឡាការិនី​ឆ្នើម​ប្រចាំការ​ប្រកួត។

នៅ​តំបន់​ខាងលិច​ដែល​មានតែ៥ក្រុម​ចូលរួម ហ្ស៊​ក​ដង់ បាន​ចំណាត់ថ្នាក់​លេខ​មួយ អារ៉ាប់​រួម អេ​មី​រ៉េត បាន​ចំណាត់ថ្នាក់​លេខ​ពីរ ប៉ា​ឡេ​ស្ទី​ន បាន​លេខ​បី ខណៈ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន បាន​រង្វាន់ Fair Play។ កីឡាការិនី​ហ្ស៊​ក​ដង់ LeenYasin Mohammad Al Btoushជាប់​ជា​កីឡាការិនី​ឆ្នើម​ប្រចាំការ​ប្រកួត​ផង និង​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ផង​ដែលមាន​ចំនួន១២គ្រាប់។

រីឯ​នៅ​តំបន់​អាស៊ី​ខាងត្បូង និង​កណ្តាល​ដែលមាន៧ក្រុម​ចូលរួម​នោះ ម្ចាស់ផ្ទះ​នេ​ប៉ាល់ ត្រូវ​ប៉ះ​បង់​ក្លា​ដែ​ស​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ឥណ្ឌា​ប្រជែង​យក​លេខ៣ជាមួយ​អ៊ីរ៉ង់។ ដោយសារតែ​នេ​ប៉ាល់​បានទទួល​រងគ្រោះ​ដោយសារ​រញ្ជួយ AFC មិនទាន់​កំណត់​ការប្រកួត​សារជាថ្មី​ឡើយ ដែល​កន្លងមក គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៥ ខែមេសា៕

កម្មវិធី​ប្រកួត​នៅថ្ងៃនេះ​នៅ​ទីលាន Vietnam YFTC Field ក្រុង​ហាណូយ៖

ម៉ោង២រសៀល៖

-កម្ពុជា ប៉ះ ថៃ
-ហ្វីលីពីន ប៉ះ សឹង្ហ​បុរី

ម៉ោង៤រសៀល៖
- ឡាវ ប៉ះ មី​យ៉ាន់​ម៉ារ
-ម៉ាឡេស៊ី ប៉ះ វៀតណាម



© រក្សាសិទ្ធិដោយ thmeythmey.com