ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​នឹង​ប​ញ្ជូ​ល​មេរៀន​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​ក្នុង​កម្រិត​មធ្យមសិក្សា​ប​ឋ​ម​ភូមិ
24, Jun 2015 , 8:39 pm        
រូបភាព
ដោយ:
ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន សហការគ្នា​ចងក្រង​សៀវភៅ​មេរៀន​ការអប់រំ​ប្រឆាំង​អំពើពុករលួយ ដាក់​ប​ញ្ជូ​ល​ក្នុង​មុខវិជ្ជា ពលរដ្ឋ ឬ​សិក្សា​សង្គម​ក្នុង​កម្រិត​មធ្យមសិក្សា​ប​ឋ​ម​ភូមិ ចាប់ពី​ថ្នាក់​ទី៧ ដល់​ថ្នាក់៩ បន្ថែម​លើ​ជំហាន​ដំបូង ដែល​ការអប់រំ​ផ្តោត​តែ​លើ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប)។ នៅ​ឆ្នាំ​បន្តបន្ទាប់ ក្រសួង​នឹងដាក់​ឲ្យ​អនុវត្តន៍​ក្នុង​កម្រិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ។


នា​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​គ្រូ​បង្គោល​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី២៤ មិថុនា​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បាន​ថ្លែងថា សៀវភៅ​អប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ សម្រាប់​កម្រិត​មធ្យមសិក្សា​បឋមភូមិ​នេះ គ្រោង​ដាក់​ឲ្យ​អនុវត្ត​ក្នុង​កម្មវិធីសិក្សា ចាប់ពី​ឆ្នាំ​សិក្សា ២០១៥ ២០១។ ហើយ​ថា សៀវភៅ​នេះ មាន​គោលបំណង កសាង​ធនធានមនុស្ស​ជំនាន់​ក្រោយ ឲ្យ​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ប្រកាន់ខ្ជាប់​នូវ​ភាព​ស្អាតស្អំ ស្រឡាញ់​យុត្តិធម៌ ប្រកាន់​សុចរិត​ភាព តម្លាភាព គោរព​ច្បាប់ គោរព​ខ្លួនឯង និង​អ្នកដទៃ។

វគ្គ​បណ្តុះបណ្តាល​សៀវភៅ​អប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ សម្រាប់​កម្រិត​មធ្យមសិក្សា​បឋមភូមិ​នេះ មាន​សិក្ខាកាម​ដែលជា​គ្រូ​បង្គោល​មកពី​ទូទាំងប្រទេស​ចំនួន៦០រូប។ វគ្គ​នេះ ប្រព្រឹត្តទៅ​រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី២៤ ដល់ទី២៦ ខែមិថុនា​នេះ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ បន្ទាប់ពី គ្រូ​បង្គោល​បាន​ជ្រាប​ពី​ខ្លឹមសារ និង​របៀប​បង្រៀន​មេរៀន​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ក្នុង​កម្រិតសិក្សា​បឋម​ភូមិ​រួច ពួកគេ​នឹង​ក្លាយជា​គ្រូ​បង្គោល បណ្តុះបណ្តាល​បន្ត​ដល់​លោកគ្រូ​អ្នកគ្រូ ដែល​ត្រូវ​បង្រៀន​មុខវិជ្ជា​នេះ នៅ​ទូទាំងប្រទេស​ទូទាំងប្រទេស ចាប់ពី​ឆ្នាំ​សិក្សា ២០១៥-២០១៦តទៅ។

គួរ​បញ្ជាក់ថា  កាលពី​ឆ្នាំ​សិក្សា ២០១៤-២០១៥ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​រួមគ្នា​រៀបចំ​សៀវភៅ​អប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​សម្រាប់​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយភូមិ ដាក់​ប​ញ្ជូ​ល​ក្នុង​កម្មវិធីសិក្សា​ដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com