ជាតិ
សង្គមជាតិ
លោក សម រង្សី រៀបចំ​អាហារ​ស្រាយ​បួស​ដល់​ខ្មែរឥស្លាម​នៅ​គេហដ្ឋាន​របស់លោក
25, Jun 2015 , 11:36 am        
រូបភាព
ភ្នំពេញ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី បានប្រកាស​រៀបចំ​ពិធី​ពិសា​អាហារ​ស្រាយ​បួស​ដល់​សាសនិក​ឥស្លាម នៅ​ដើមខែ​ក្រោយនេះ ហើយ​ដែល​កម្មវិធី​នេះ​រៀបចំឡើង​នៅ​គេហដ្ឋាន​របស់លោក​ផ្ទាល់។


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ខ្មែរឥស្លាម​បាន​ឲ្យ​ដឹងថា កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​សហគមន៍​ខ្មែរឥស្លាម។ លោក អ៊ី​សា អូស្មាន បាន​ពន្យល់ថា កន្លងមក​ធ្លាប់​មានការ​លើកឡើងថា ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ មិន​យកចិត្តទុកដាក់​នឹង​ខ្មែរឥស្លាម តែ​ផ្ទុយទៅវិញ​គណបក្ស​សង្គ្រោះ​ជាតិ តែង​យកចិត្តទុកដាក់​គ្រប់​បណ្តា​អ្នក​កាន់សាសនា មិន​ថា​សាសនា​ឥស្លាម​ឫ​ព្រះពុទ្ធ​នោះទេ។

កា​រៀបចំ​អាហារ​ស្រាយ​បួស​របស់​ថ្នាក់ដឹកនាំ​សង្គ្រោះ​ជាតិ​ជា​លើក​ទី១នេះ ធ្វើឡើង​នៅ​គេហដ្ឋាន​ផ្ទាល់​របស់​ប្រធាន​បក្ស ហើយ​ដែល​គ្រោង​នឹងមាន​អ្នកចូលរួម​ប្រមាណ១០០នាក់។ លោក អូស្មាន ពន្យល់ថា ដោយសារ​ទីតាំង​តូច ដូច្នេះ​ក្រៅពី​យុវជន​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ នឹងមាន​តំណាង​សហគមន៍​ខ្មែរឥស្លាម​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត​ចូលរួម ដែល​ក្នុងនោះ មាន​ពី​ខេត្ត​ត្បួ​ង​ឃ្មុំ កំពង់ចាម កំពង់ឆ្នាំង បន្ទាយមានជ័យ កណ្តាល តាកែវ និង​ខេត្ត​ក្រុង​មួយចំនួនទៀត។

យ៉ាងណាមិញ លោក អ៊ី​សា អូស្មាន បញ្ជាក់ថា​ការរៀបចំ​អាហារ​ស្រាយ​បួស​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី៥ កក្កដា ខាងមុខនេះ​មិនមែនជា​លើកចុងក្រោយ​ទេ គឺ​នៅមាន​លើកក្រោយៗទៀត ដើម្បី​បង្កើន​ភាព​សិ្ន​ទ្ធិ​ស្នាល ក៏ដូចជា​ការដឹង​សុខទុក្ខ​គ្នា​រវាង​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ និង​សហគមន៍​ខ្មែរឥស្លាម។ លោក អូស្មាន​រៀបរាប់ថា៖« នៅ​កម្មវិធី​នោះ មានការ​សំណេះសំណាល​គ្នា និយាយ​ពី​ធម៌​សាសនា​ឥស្លាម​ទាក់ទង​នឹង​បុណ្យ​ខែ​រ៉ា​ម៉ា​ឌន ហើយក៏​មានការ​សំណេះសំណាល​របស់លោក​ប្រធាន​សម រង្សី និង​សាសនិក​ឥស្លាម​ផងដែរ»។

គួរ​បញ្ជាក់ថា ក្រៅពី​លោក សម រង្សី ដែល​បានប្រកាស​រៀបចំ​អាហារ​ស្រាយ​បួស​នឹង​សហគមន៍​ខ្មែរឥស្លាម​ហើយ​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹងចូលរួម​ពិសា​អាហារ​ស្រាយ​ជា​ថ្នាក់ជាតិ​នៅ​ថ្ងៃស្អែក​នេះ នៅ​សាលសន្និសីទ​កោះ​ពេជ្រ ហើយ​ដែល​គ្រោង​នឹងមាន​អ្នកចូលរួម​ជាច្រើន​រយ​នាក់។ នេះ​ជា​លើក​ទី២ហើយ ដែល​ការរៀបចំ​ស្រាយ​បួស​របស់​រដ្ឋាភិបាល​ឆ្នាំ​ដំបូង ធ្វើឡើង​នៅ​ថ្ងៃទី ១៨ កក្កដា ឆ្នាំ២០១៤ ៕



© រក្សាសិទ្ធិដោយ thmeythmey.com