ជាតិ
អង្គការ​តម្លា​ភាព​កម្ពុជា​ប្រកាស​ចែក​ប័ណ្ណ​ប្រឆាំង​អំពើពុករលួយ​ជា​ផ្លូវការ
25, Jun 2015 , 7:35 pm        
រូបភាព
ដោយ:
អង្គការ​តម្លាភាព​កម្ពុ​ជា (TI Cambodia) បានប្រកាស​ចែក​ប័ណ្ណ​ប្រឆាំង​អំពើពុករលួយ​ដល់​ពលរដ្ឋ​គ្រប់​ជាតិ​សាសន៍​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី២៤ មិថុនា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន (CJCC)។ យុវជន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ធ្វើការ​លើ​វិស័យ​ឯកជន​ជាង៣០០នាក់ បាន​ចូល​ស្តាប់​ការពន្យល់​ពី​អត្ថប្រយោជន៍ និង​របៀប​ប្រើប្រាស​កាត​ប្រឆាំង​អំពើពុករលួយ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រួមគ្នា​ប្រឆាំង​អំពើពុករលួយ។



នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា កាត​ប្រឆាំង​អំពើពុករលួយ​នេះ គឺជា​ការលើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រឆាំង​អំពើពុករលួយ។ ពលរដ្ឋ​ដែល​ទទួលបាន​កាត​ប្រឆាំង​អំពើពុករលួយ មិនមែន​គ្រាន់តែ​យក​កាត់​នេះ ដើម្បី​តែ​កា​រប​ញ្ចុំ​តម្លៃ​នោះទេ គឺ​ត្រូវមាន​ស្មារតី ឆន្ទៈ និង​ការប្តេជ្ញាចិត្ត ដើម្បី​ធ្វើ​សកម្មភាព៥យ៉ាង។

សកម្មភាព​ទាំង៥ដែល​លោក ព្រាប កុល បាន​មានប្រសាសន៍​នោះ​មាន៖ ទី១) ខ្ញុំ​មិន​សូកប៉ាន។ ទី២) ខ្ញុំ​មិន​ស៊ីសំណូក។ ទី៣) ខ្ញុំ​ធ្វើការ​ជាមួយ​អ្នក​ដៃ ឬ​អង្គការ ស្ថាប័នផ្សេងៗដើម្បី​ចូលរួម​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ។ ទី៤) ខ្ញុំ​សម្តែង​មិ​ត​ប្រឆាំង​អំពើពុករលួយ និង​រាយការណ៍​បទល្មើស​ពុក​រលួយ។ និង​ទី៥) ខ្ញុំ​គាំទ្រ​តែ​បេក្ខជន​សម្រាប់​មុខតំណែង​សាធារណៈ​ណា ដែល​និយាយថា«ទេ»ចំពោះ​អំពើពុករលួយ និង​បង្ហាញថា​ខ្លួន​មាន​តម្លាភាព សុចរិត​ភាព និង​គណនេយ្យភាព។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាសន៍​ដែល​មិនទាន់​ទទួលបាន​កាន់​នេះ ហើយ​គិតថា​ខ្លួនឯង​ចង់​ចូល​រូ​ម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ សូម​ចូលទៅ​កាន់​គេហទំព័រ http://action.ticambodia.org/ ដើម្បី​ចុះឈ្មោះ​ជា​សមាជិក និង​ទទួលយក​កាត​នេះ។

សម្រាប់​លោក ព្រាប កុល ចង់​ឲ្យ​កាត​នេះ​មានតម្លៃ​ទៅលើ​មនសិការ​ប្រឆាំង​អំពើរ​ពុករលួយ និង​ការផ្តាច់​ជ្ញា​ចិត្ត​ច្រើនជាង​ការបញ្ចុះ​តម្លៃ​នៅក្នុង​កាត​នេះ។
លោក​បាន​បញ្ជាក់ថា​ការបញ្ចុះ​តម្លៃ​នេះ​គ្រាន់តែ​ជា​សក្ខីភាព​ដែល​បញ្ជាក់ថា វិស័យ​ឯកជន​ចូលរួម​គាំទ្រ​ដល់​អ្នក​ដែល​ប្រឆាំង​អំពើពុករលួយ​ដោយ​ការ​បញ្ចុះតម្លៃ​នៅតាម​ហាង និង​ក្រុមហ៊ុន​ដៃគូ​ដែល​បាន​ចុះ​កុងត្រា​ជាមួយនឹង​អង្គការ​តម្លាភាព​កម្ពុជា។ លោក ព្រាប កុល បាន​បន្ថែមទៀតថា ពលរដ្ឋ​ខ្មែរ​នៅតែ​គិតថា​ខ្លួនឯង​នៅមាន​ភារកិច្ច​ប្រ​ឆាំ​អំពើពុករលួយ កាត​នេះ​នៅតែមាន​ប្រសិទ្ធភាព ហើយ​ដរាបណា​អំពើពុករលួយ​នៅតែមាន កាត​នេះ​នៅតែមាន​សុពលភាព​ជានិច្ច។

សូមបញ្ជាក់ថា មកដល់ពេលនេះ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ចែក​កាត​ប្រឆាំង​អំពើពុករលួយ​នេះ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​នានា​បាន​ជាង៧ពាន់​នាក់​ហើយ។ ហើយ​ក្រុមហ៊ុន​ដែល​បាន​ចុះ​កុងត្រា​ជាមួយនឹង​អង្គការ​តម្លាភាព​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​មាន​ជាង៨០ក្រុមហ៊ុន និង​នៅតាម​បណ្តា​ខេត្ត​នានា​មាន​ជាង៣០ក្រុមហ៊ុន៕



© រក្សាសិទ្ធិដោយ thmeythmey.com