ជាតិ
CNRP មិន​បានទទួល​ការអញ្ជើញ​ឲ្យ​ចូលរួម​ពិធី​ខួបកំណើត​CPPឡើយ
27, Jun 2015 , 10:36 am        
រូបភាព
បើទោះជា​បាន​បង្កើត​វប្បធម៌​សន្ទនា​ជាមួយគ្នា ក៏​ទំនងជា​មិន​មានន័យថា ទំនាក់ទំនង​រវាង​គ​ណ​បក្ស​គូរ​ប្រជែង​នយោបាយ​ទាំងពីរ​ គឺ​គណបក្ស​ប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះជាតិ អាច​រំកិល​ចូលគ្នា រហូតដល់​អញ្ជើញ​គ្នា​ឲ្យ​ចូលរួម​ក្នុង​ពិធី​រម្លឹក​ខួប​នៃ​ការបង្កើត​គណបក្ស​ដែរ។


លោក ហុង សុខ​ហួរ មន្ត្រីជាន់ខ្ពស់​នៃ​ខុទ្ទកាល័យ​លោក​សម រង្ស៊ី បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗថា រហូតដល់​ព្រឹក​ថ្ងៃ​សៅរ៍​នេះ គណបក្ស​សង្គ្រោះ​ជាតិ​មិន​បានឃើញ​លិខិត​អញ្ជើញ​​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ចូលរួម​ពិធី​រម្លឹក​ខួប​គណបក្ស​នៅ​ថ្ងៃអាទិត្យ​ទី២៨មិថុនា​នេះឡើយ។ ទោះ​យ៉ាងនេះ​ក្តី មន្ត្រី​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិនទាន់​ហ៊ាន​សន្មត​ជាចុងក្រោយ​ថា វា​ពិតជា​គ្មាន​ការអញ្ជើញ​នោះដែរ ខណៈដែល​ពិធី​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ស្អែក។ «យើង​មិន​បានឃើញ​លិខិតអញ្ជើញ​ទេ​រហូតដល់​ព្រឹក​ថ្ងៃ​សោ​រ៍​នេះ។ ធម្មតា​បើ​គេ​អញ្ជើញ យើង​គួរ​ទទួលបាន​លិខិតអញ្ជើញ៤៨ម៉ោង​មុន​ដែរ។ ប៉ុន្តែ អ្វីៗក៏​អាចទៅរួច​ដែរ»។ នេះ​ជា​ប្រសាសន៍​របស់លោក ហុង សុខ​ហួរ។

«អ្វីៗក៏​អាចទៅរួច» លុះត្រាតែ​ក្នុងករណី​ដែល​លោក ហ៊ុន សែន ដែល​អាច​នៅ​បន្ត​សន្ទនា ឬ​ទាក់ទង​តាម​ទូរ​សព្ទ​ជាមួយ​លោក សម រង្ស៊ី ដូចដែល​លោក​ធ្លាប់បាន​បង្ហើប​ក្នុងពេល​កន្លងមក ហើយ​លោក ហ៊ុន សែន ក៏​អញ្ជើញលោក សម រង្ស៊ី ផ្ទាល់មាត់។ ប៉ុន្តែ​បើ​ស្តាប់​ការអះអាង​របស់លោក លោក ឈឹម ផល​វរុណ ដែលជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ គណបក្ស​ប្រជាជន​កម្ពុជា​មិនមាន​ទម្លាប់​អញ្ជើញ​គណបក្សប្រឆាំង​ឲ្យ​ចូលរួម​ក្នុង​ពិធី​រម្លឹក​ខួបកំណើត​បក្ស​នោះទេ។

ផ្ទុយទៅវិញ លោក ឈឹម ផល​វរុណ បានដឹង​ច្បាស់​អំពី​វត្តមាន​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែលជា​គណបក្ស​សម្ព័ន្ធភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ «តាម​ដឹង​គឺ​នឹងមាន​ព្រះ​វត្តមាន​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ឯក​ឧ​ត្ត​ម ញឹក ប៊ុនឆៃ ឯកឧត្តម នុត សុខុម និង​ឯកឧត្តម សាយ ហាក់ ពី​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ យើង​មិនមាន​ទម្លាប់​អញ្ជើញ​គណបក្សប្រឆាំង​ទេ»។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com