សង្គមជាតិ
អន្តរជាតិ
ក្រិ​ក​ធ្វើ​ប្រជាមតិ ក្រោយ​គ្មាន​សង្ឃឹម​ក្នុង​ការចរចា​ជាមួយ​ម្ចាស់បំណុល
27, Jun 2015 , 11:40 pm        
រូបភាព
នាយករដ្ឋមន្ត្រី​ក្រិច​សម្រេច​ថា​នឹង​រៀបចំ​ប្រជាមតិ​នៅ​ថ្ងៃ៥ កក្កដា​ខាងមុខ ដើម្បី​ឲ្យ​ប្រជាជន​ក្រិ​ក​សម្រេច​ជោគវាសនា​ប្រទេសជាតិ​ខ្លួន​ថា​គួរតែ​ទទួលយក​សំណើ​របស់​ម្ចាស់បំណុល​បរទេស។ ក្រិ​ក​សុខចិត្ត​ធ្វើ​ប្រជាមតិ​ដោយសារ​ក្តីសង្ឃឹម​ចេះតែ​តិចទៅៗ ហើយ​ម្ចាស់បំណុល​ទាមទារ​ឲ្យ​ក្រិ​ក​អនុវត្ត​កំណែទម្រង់​និង​គោលនយោបាយ​ត្បិតត្បៀត បើ​ចង់បាន​លុយ​ដោះបំណុល។ ប៉ុន្តែ​ប្រជាជន​ក្រិ​ក​មិន​ពេញចិត្ត​លក្ខខណ្ឌ​ទាំងនេះ​ទេ។


 
ក្រោយ​ចរចា​គ្មាន​បាន​ផ្លែផ្កា ម្ចាស់បំណុល​នៅតែ​រក្សា​ជំហរ​បង្ខំ​ឲ្យ​ក្រិ​ក​អនុវត្តតាម​សំណើរ​របស់ខ្លួន​សិន មុននឹង​ផ្តល់​លុយ​ជួយ​ក្រិ​ក នាយករដ្ឋមន្ត្រី​ក្រិ​ក Alexis Tsipras បានប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ថា ក្រិ​ក​នឹងមាន​ប្រជាមតិ​មួយ​នៅ​ថ្ងៃ ៥កក្កដា​ខាងមុខ ដើម្បី​ឲ្យ​ប្រជាជន​សម្រេច​លើ​ជោគវាសនា​ប្រទេសជាតិ​ថា​តើ​គួរ​ទទួល​សំណើរ​ម្ចាស់បំណុល​ឬ​អត់​ទេ។ ប្រជាជន​ក្រិ​ក​ត្រូវ​សម្រេចចិត្ត​រួមគ្នា លើ​បញ្ហា​អាយុជីវិត​ប្រទេសជាតិ ព្រោះ​ទាំង​រដ្ឋាភិបាល​ក្រិ​ក​និង​ប្រជាជន​ក្រិ​ក​សុទ្ធតែ​យល់ថា សំណើរ​របស់​ក្រុម​ម្ចាស់បំណុល​គ្មាន​ភាពស្មោះត្រង់​និង​មិន​ត្រឹមត្រូវ​ឡើយ។
 
លោកនាយក​រដ្ឋមន្ត្រី Tsipras បាន​ថ្លែងថា សំណើរ​និង​លក្ខខណ្ឌ​នានា​របស់​ក្រុម​ម្ចាស់បំណុល​ពិតជា​រំលោភ​លើ​ច្បាប់​សហភាព​អឺរ៉ុប ជាពិសេស​សិទ្ធិ​ធ្វើ​ការងារ ស្មើភាព​គ្នា​និង​ដោយ​ភាពថ្លៃថ្នូរ។ ដូច្នេះហើយ​លោក​មិនអាច​សម្រេច​ម្នាក់ឯង​ឡើង វា​ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​ប្រជាជន​ក្រិ​ក​ទូទាំងប្រទេស។  
 
នាយករដ្ឋមន្ត្រី​ខាងលើ​បានប្រកាស​ដូច្នេះ ក្រោយពេល​ដែ​លោក​ចំណាយពេល​ច្រើន​ម៉ោង​ជជែក​ជាមួយ​មេដឹកនាំ​អឺរ៉ុប និង​ម្ចាស់បំណុល​ផ្សេងទៀត​នៅ​ក្រុង​ប្រ៊ុ​យ​សែ​ល ហើយ​ក្រុម​ម្ចាស់បំណុល​សុខចិត្ត​បន្ថែម​ពេល៥ខែ​លើ​គម្រោង​ផ្តល់​លុយ​ជំនួយ​ដល់​ក្រិ​ក។  សំណើរ​របស់​ម្ចាស់បំណុល​អាច​ផ្តល់​លុយ​ជំនួយ ១៥.៥ពាន់​លាន​អឺរ៉ូ ប៉ុន្តែ​រឿង​សំខាន់​វា​មាន​លក្ខ​ខ​ណ្ខ​សម្រាប់​ក្រិ​ក ដែល​ត្រូវ​ធ្វើតាម​ជាពិសេស​អនុវត្ត​គោលនយោបាយ​កំណែទម្រង់។ នៅ​ថ្ងៃ​សៅរ៍​នេះ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អឺរ៉ុប​នឹង​ជជែក​ពិភាក្សាគ្នា​ទៀត​ពី​បញ្ហា​នេះ​ផងដែរ។
 
បើទោះជា​ក្រិ​ក​រិះគន់​សហភាព​អឺរ៉ុប និង​ម្ចាស់បំណុល​រឿង​សំណើរ​នេះ​ក៏ដោយ លោកស្រី​អធិការបតី​អាឡឺម៉ង់ អែន​ជេ​ឡា មឺ​ហ្កែ​ល បាន​អះអាងថា វា​ជា​សណ្តាន​ចិត្ត​ដ៏​ពិសេស ដែល​ក្រិ​ក​គួរតែ​ទទួលយក។ លក្ខ​ណ្ឌ​ដែល​ក្រិ​ក​ត្រូវ​ទទួលយក បើសិន​ក្រិ​ក​ចង់បាន​លុយ​ដោះបំណុល​នោះ​គឺ រដ្ឋាភិបាល​ត្រូវ​កាត់បន្ថយ​ការចំណាយ រួមទាំង​ចំណាយ​លើ​សេវាសាធារណ​បម្រើប្រជាជន ហើយ​ក្រិ​ក​ក៏​ចាំបាច់​តំឡើង​ពន្ធ​លើ​វិស័យ​ជំនួញ និង​រាល់​ផលិតផល​លក់​ចេញ​និង​សេវា​ផងដែរ។ ជុំវិញ​បញ្ហា​ប្រជាមតិ​នេះ គេ​ភ័យខ្លាច​ថា ប្រជាជន​ក្រិ​ក​នឹង​បោះឆ្នោត​បដិសេធ​សំណើរ​ម្ចាស់បំណុល ដែល​មានន័យថា​ក្រិ​ក​នឹង​មិនមាន​លុយ​សម្រាប់​សង​ម្ចាស់បំណុល​ឡើយ។ រដ្ឋាភិបាល​ក្រិ​ក​អាច​ប្រកាស​មិន​សងបំណុល ហើយ​ចាក​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ ដែល​វា​នឹង​បង្ក​ផលប៉ះពាល​ខ្លាំង​ដល់​តំបន់​អឺរ៉ុប និង​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​ផង៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com