ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​ទីស្តីការ​ថ្កោលទោស​ការប៉ះទង្គិច​វៀត​ណា​ម-កម្ពុជា​នៅ​ព្រំដែន
29, Jun 2015 , 12:56 pm        
រូបភាព
អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ថ្លែង​សោកស្ដាយ និង​ថ្កោលទោស​ទាំង​ភាគី​កម្ពុជា និង​រៀ​ត​ណា​ម​ដែល​បាន​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង។ ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រទូសរ៉ាយ​ដោយ​ហិង្សា​ទល់នឹង​ប្រជាជន​វៀតណាម​កាលពី​ថ្ងៃទី២៨មិថុនា ត្រង់ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។ ភាគី​កម្ពុជា​បាន​ចោទប្រកាន់​ប្រជាជន​វៀតណាម​ថា កំពុង​សាងសង់​ផ្លូវ​នៅក្នុង​តំបន់​ដែល​ប្រទេស​ទាំងពីរ​មិនទាន់​ឯកភាពគ្នា។



ការប៉ះទង្គិច​គ្នា​ក្នុង​សំណុំរឿង​បញ្ហា​ព្រំដែន រវាង​ក្រុម​អ្នកតំណាងរាស្ត្រ និង​ពលរដ្ឋ​ខ្មែរ ទល់នឹង​ប្រជាជន​វៀតណាម នៅក្នុង​ខេត្តស្វាយរៀង​នៅ​រសៀល​ថ្ងៃទី២៨មិថុនា បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈដែល​ទំនាស់​ព្រំដែន​កម្ពុជា​វៀតណាម​បាន​កំពុង​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​ហិង្សា​នេះ។ មន្ត្រី​រដ្ឋាភិបាល​រូបនេះ មិន​ចង់​បន្ទោស​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​បាន​ដឹកនាំ​ពលរដ្ឋ​តវ៉ា​បញ្ហា​ព្រំដែន​នោះទេ ប៉ុន្តែ​សម្រាប់​លោក ការដោះស្រាយ​បញ្ហា​ព្រំដែន​តាម​យន្តការ​រដ្ឋាភិបាល គឺជា​រឿង​ល្អ​បំផុត។ លោក ផៃ ស៊ី​ផាន អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា៖«យើង​លើកកម្ពស់​ប្រជាពលរដ្ឋ​អ្នកស្នេហាជាតិ​ដែល​បាន​ស្វះស្វែង​ការពារ​ព្រំដែន។ តែ​បញ្ហា​នេះ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​កំពុង​ដោះស្រាយ​ជាមួយគ្នា។ ដូចនេះ​បើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឯកសារ​អ្វី​បន្ថែម​គួរ​យកមក​ឲ្យ​រដ្ឋាភិបាល។ រដ្ឋាភិបាល​កំពុង​ដោះស្រាយ​ដោយ​សន្ដិភាព ឈរលើ​មូលដ្ឋាន​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន»។ លោក​បន្ថែមថា៖«រដ្ឋាភិបាល​នឹង​តាម​អនុវត្ត​តាមច្បាប់​ជាតិ និង​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ។ ហើយ​បើ​មិនមាន​លទ្ធផល​នោះ ចុងក្រោយ​រដ្ឋាភិបាល​នឹងដាក់​ពាក្យ​ទៅ​អង្គការសហប្រជាជាតិ ឬ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ»។

យ៉ាងហោចណាស់​ភាគី​កម្ពុជា១០នាក់​រងរបួស រីឯ​ភាគី​វៀតណាម​រងរបួស៨នាក់ ក្នុងការ​ប៉ះទង្គិច​ដោយ​ហិង្សា។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ខេត្តស្វាយរៀង។

ប៉ុន្តែ​នៅក្នុង​របាយការណ៍​នោះ អាជ្ញាធរខេត្ត​ស្វាយរៀង​ប្រកាស​មិន​ទទួលខុសត្រូវ​ចំពោះ​ផ្លូវច្បាប់ លើ​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​នេះ​ទេ ដោយ​សំអាងថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​សកម្មភាព ដោយ​មិនបាន​ផ្ដល់ដំណឹង និង​រក​កិច្ចសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាមុន។

មន្ត្រី​ស៊ើបអង្កេត​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការលើកឡើង​របស់​អា​ជ្ញា​ធរ​ខេត្តស្វាយរៀង​នេះ គឺជា​ការ​គេចវេះ​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​អាជ្ញាធរ​មិនបាន​ជួយ​ការពារ​ប្រជាពលរដ្ឋ​ខ្លួនឯង ទើប​បណ្ដាល​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​នេះ។ លោក​បន្ថែមថា៖«អាជ្ញាធរខេត្ត​ស្វាយរៀង​គួរតែ​ការពារ​តំណាងរាស្ត្រ និង​ប្រជាពលរដ្ឋ​កម្ពុជា ព្រោះ​សកម្មភាព​របស់​ពួកគេ​គ្រាន់តែ​ជា​ដំណើរ​ទស្សនកិច្ច ចង់ដឹង​ចុះ​ត្រួតពិនិត្យ​ព្រំដែន ក្នុង​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់ខ្លួន»។

ការប៉ះទង្គិច​គ្នា​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នេះ គឺ​កើតឡើង​ខណៈដែល​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក រៀល ខេ​ម​រិ​ន្ទ្រ និង​លោក អ៊ុំ សំអាន ចុះ​ពិនិត្យ​ព្រំដែន​ខេត្តស្វាយរៀង ត្រង់ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោ ខេត្តស្វាយរៀង។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នោះ​ចោទថា វៀតណាម​បាន​រំលោភ​ទឹកដី​ខ្មែរ និង​កំពុង​ធ្វើ​ផ្លូវ​ក្នុង​តំបន់​ដែល​មិនទាន់​ឯកភាពគ្នា៕


© រក្សាសិទ្ធិដោយ thmeythmey.com