ជាតិ
បទវិភាគ
ប្រជាជន​ខ្មែរ​រង់ចាំ​អ្នកខ្លាំង!
01, Jul 2015 , 8:59 am        
រូបភាព
ដោយ:
ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាជន​កម្ពុជា កាន់តែ​ច្រើនឡើង បាន​គាំទ្រ លើកទឹកចិត្ត​ដល់​អ្នក​ដែលមាន​សមត្ថភាពពូកែៗ ស្ទើ​គ្រប់​វិស័យ ជាពិសេស គឺ​វិស័យ​អប់រំ និង​វិស័យ​កីឡា​តែម្តង។ កន្លងមក​នៅក្នុង​វិស័យ​អប់រំ នៅពេលដែល​សិស្ស និស្សិត សាស្ត្រាចារ្យ ណាមួយ​ដែលមាន​សមត្ថភាព​ខ្លាំង ប្រឡង​បាន​ចំណាត់ថ្នាក់​ល្អ ឬ​ទទួលបាន​ពានរង្វាន់​ល្អ​ជាងគេ​ប្រចាំ​ប្រទេស ឬ​តំបន់ ឬក៏​នៅលើ​ពិភពលោក​នោះ ប្រជាជន​ខ្មែរ​តែង​អបអរសាទរ​នឹង​លើកទឹកចិត្ត​ដល់​ពួកគេ។ តួយ៉ាង​ដូចជា ករណី​កីឡាការិនី ស៊ន សៀវ​ម៉ី និង​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ជាដើម។



អ្នកដឹកនាំ អ្នកនយោបាយ និង​ប្រជាជន​ខ្មែរ កាន់តែ​ច្រើនឡើង ផ្តើម​ឲ្យ​តម្លៃ គាំទ្រ និង​លើកទឹកចិត្ត​ដល់​អ្នកមាន​សមត្ថភាព ដែល​បាន​សាង​ស្នាដៃល្អៗសម្រាប់​ក​ត្តិ​យស​កម្ពុជា ក្នុង​ឆាក​ជាតិ និង​អន្តរជាតិ។ ជាក់ស្តែង​នៅក្នុង​វិស័យ​អប់រំ ករណី​សិស្ស ១១ នាក់ ដែល​ប្រឡង​មធ្យមសិក្សា​ជាប់​និទ្ទេស A កាលពី​ឆ្នាំ ២០១៤ កន្លងទៅ ករណី​អ្នកគ្រូ​នាង ផល្លា បេក្ខជន​ជ័យលាភី​ពានរង្វាន់​គ្រូ​ឆ្នើម​ពិភពលោក និង​ករណី​សិស្ស​ដែល​ទទួលបាន​ជ័យលាភី​មេដាយសំរិទ្ធ និង​ប្រាក់ ក្នុង​ការប្រកួត​រូបវិទ្យា​អូ​ឡាំ​ព្យា​ដ​ទ្វីបអាស៊ី​នៅ​ប្រទេស​ចិន កាលពីពេលថ្មីៗនេះ  ព្រមទាំង​ជ័យលាភីផ្សេងៗទៀត​នៅលើ​ឆាក​អន្តរជាតិ​របស់​សិស្ស និស្សិត គ្រូ សាស្ត្រាចារ្យ​ខ្មែរ សុទ្ធតែ​បានទទួល​ការ​សាទរ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន និង​រដ្ឋាភិបាល។ ក្រៅពី​ទទួលបាន​គាំទ្រ​ផ្នែក​ផ្លូវចិត្ត អ្នក​ដែលមាន​សមត្ថភាព​ពូកកែៗទាំងនោះ ថែមទាំង​ទទួលបាន​វត្ថុ ឬ​ថវិកា​ពី​រដ្ឋាភិបាល​ទៀតផង។

ចំណែក​វិស័យ​កីឡា​វិញ ក៏​ប្រជាជន​ខ្មែរ​គាំទ្រ​ខ្លាំង​ផងដែរ​នាពេល​បច្ចុប្បន្ន។ ម្ចាស់​មេដាយមាស​តៃ​ក្វាន់​ដូ​ក្នុង​ព្រឹត្តិការណ៍ ASAIN GAME ស៊ន សៀវ​ម៉ី និង​ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់​ក្នុង​ព្រឹត្តិការណ៍ Women’s World Championship of Petanqueនៅ​ប្រទេស​បារាំង កាលពី​ឆ្នាំ២០១៣អ្នកស្រី កែ ឡេង សុទ្ធតែ​រដ្ឋាភិបាល​រៀបចំ​ហែរ​ក្បួន​អបអរសាទរ​ចំពោះ​ជ័យលាភី​របស់​ពួកគេ។ ជាមួយគ្នានេះ វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី​នៃ​ព្រឹត្តិការណ៍ World Cup ពីរ​ប្រកួត​ចុងក្រោយ​នេះ គឺ​កម្ពុជា​ប៉ះ​ជាមួយ​សិង្ហ​បុរី និង​អា​ហ្វ​ហ្កា​និ​ស្ថាន ដែលមាន​អ្នកទស្សនា​រាប់ម៉ឺន​នាក់ បានបញ្ជាក់​យ៉ាងច្បាស់​ថា ប្រជា​ជនក​ម្ព​ជា ជាពិសេស​គឺ​យុវជន កាន់តែ​ច្រើនឡើង​ចូលរួម​គាំទ្រ លើកទឹកចិត្ត​ដល់​កីឡាករ​កម្ពុជា បើទោះជា​កម្ពុជា​បរាជ័យ​ទាំង​ពីរលើក​ក្នុងការ​ប្រកួត​ក៏ដោយ។ ការបរាជ័យ​នេះ មិនបាន​ធ្វើ​ឲ្យ​ពួកគេ​បាក់​ទឹកចិត្ត​នឹង​រារែក​មិន​ទៅ​គាំទ្រ​ការប្រកួត​លើក​ក្រោយ​ទៀត​នោះទេ។ នៅក្នុង​ព្រឹត្តិការណ៍​នេះ កីឡាករ​ដែល​ឆ្នើម​នៅក្នុង​ក្រុម ត្រូវ​អ្នកគាំទ្រ​ស្រែក​បញ្ចេញ​ឈ្មោះចំៗយ៉ាង​កងរំពង។

តាមរយៈ​សកម្មភាព​ទាំងអស់នេះ ប្រាកដ​ណាស់​ថា ប្រជាជន​ខ្មែរ កំពុងមាន​ផ្នត់គំនិត​ផ្តល់​តម្លៃ និង​គាំទ្រ​ដល់​អ្នក​ដែលមាន​សមត្ថភាព​ខ្លាំង​ពូកែ​និយាយ​ឲ្យ​ខ្លី​គឺ​ពលរដ្ឋ​ខ្មែរ​កំពុងតែ​រង់ចាំ​អ្នកខ្លាំង​មកពី​គ្រប់ទិសទី​ក្នុងប្រទេស​កម្ពុជា ដែល​សមត្ថភាព​ខ្ពស់​ជួយ​លើក​កិ​ត្ត​យស​ប្រទេសជាតិ ដើម្បី​ផ្តល់​កម្លាំងចិត្ត​ដល់​ទាំងនោះ។ កន្លងមក កីឡាករ សិស្ស និស្សិត សាស្ត្រាចារ្យ​មួយចំនួន នៅពេលដែល​ពួកគេ ប្រកួតប្រជែង​ឬ​ប្រឡង​យក​ពានរង្វាន់​ណាមួយ​ជា​លក្ខណៈ​អន្តរជាតិ ហើយ​បរាជ័យ​នោះ ពេលខ្លះ​ពួកគេ​មិនបាន​ទទួលស្គាល់​ពី​ចំណុច​ខ្វះខាត​របស់ខ្លួន​តែ​ម្យ៉ាង​នោះទេ តែ​ពួកគេ​ក៏​ទម្លាក់កំហុស​មកលើ​រដ្ឋា​ភិ​បាល និង​ប្រជាជន​ខ្លួន​ថា មិនសូវ​ឲ្យ​តម្លៃ និង​គាំទ្រ​ទាំង​ផ្នែក​ថវិកា និង​លើកទឹកចិត្ត​ដល់​ពួកខ្លួន។ ក៏ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន​អ្នកណា​ដែលមាន​សមត្ថភាព ពួកគេ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ទាំង​ផ្នែក​ថវិកា និង​ការគាំទ្រ​ទាំង​ផ្លូវចិត្ត ពី​សំណាក់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា។ ហើយ​តាមរយៈ​សកម្មភាព​នេះ វា​ក៏​ជា​សារ ប្រាប់​ទៅ​កីឡាករ-កីឡាការិនី​ថា បើ​ពួកគេ​ប្រកួតប្រជែង​ចាញ់​គេ កុំ​ទម្លាក់កំហុស​លើ​រដ្ឋាភិបាល និង​ប្រជាជន​ខ្លួន​តែ​ម្យ៉ាង​ដូច​លើក​មុន​ទៀត។

ការគាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល និង​ប្រជាជន​ចំពោះ​អ្នក​ដែលមាន​សមត្ថភាព​នេះ វា​មិនមែន​ត្រឹមតែ​ជា​ចំណុច​វិជ្ជមាន​មួយ ដែល​ជំរុញ​ទឹកចិត្ត​អ្នក​ដែលមាន​សមត្ថភាព​បច្ចុប្បន្ន ពោលគឺ កីឡាករ សិស្ស និស្សិត និង​គ្រូ​ជាដើម ឲ្យ​ខំប្រឹង​បន្ថែមទៀត​នោះទេ តែ​វា​ក៏​បំផុស​នូវ​ទឹកចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មាន​កម្លាំងចិត្ត និង​ខិតខំ ដើម្បី​ពង្រឹងសមត្ថភាព​របស់​ពួកគេ​បន្ថែមទៀត។ ពីព្រោះថា ប្រសិនបើ​ពួកគេ​ខ្លាំង មាន​សមត្ថភាព​ខ្ពស់ នឹង​ទទួលបាន​ការលើកទឹកចិត្ត និង​មាន​កិត្តិយស​នៅក្នុង​សង្គម​ដូច​សិស្ស​ច្បង​គេ​ដែរ។ ពេលនោះ ចំនួន​អ្នក​ពូកែ អ្នកមាន​សមត្ថភាព ដែល​ប្រកួត​ប្រ​ជែក​គ្នា ដើម្បី​ស្វែងរក​កិត្តិយស​ជូន​ជាតិ​នៅក្នុង​ប្រទេស​យើង នឹងមាន​ចំនួន​កាន់តែ​ច្រើនឡើង។ ហើយ​នៅពេលដែល​ក្នុងសង្គម​មាន​ធនធានមនុស្សពូកែៗច្រើន ប្រទេសជាតិ​នឹង​ឆាប់​រីកចម្រើន៕


© រក្សាសិទ្ធិដោយ thmeythmey.com