ជាតិ
នយោបាយជាតិ
អ្នកកំពង់ភ្លុកនៅស្ងៀមស្ងាត់រង់ចាំឲ្យអាជ្ញាធររៀបចំការបោះឆ្នោតសាជាថ្មី សៀមរាប៖ រហូតមកដល់ពេលនេះ ការបោះឆ្នោតមិនជ្រើសរើសប្រធានសហគមន៍ គ្រប់គ្រងការលក់សំបុត្រនៅសហគមន៍ទេសចរណ៍កំពង់ភ្លុក មិនទាន់សម្រេចបាននៅ ឡើយទេ។ អាជ្ញាធរស្នើឲ្យពលរដ្ឋនៅស្ងៀមស្ងាត់ រង់ចាំការអន្តរាគមន៍ និងរៀបចំការបោះ ឆ្នោតសាជាថ្មី ក្រោយពីមានអំពើហិង្សាមួយបានផ្ទុះឡើង ប្រឆាំងមិនឲ្យបោះឆ្នោតនេះ។
រាយការណ៍ព័ត៌មានដោយ លោក រឿន ភារុន
ការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍គ្រប់គ្រងការលក់សំបុត្រទូក និងកាណូត របស់សហគមន៍កំពង់ភ្លុក បានអូសបន្លាយរហូតមកដល់ថ្ងៃសុក្រនេះ។ ការអូសបន្លាយនេះ ដោយសារ មានការរំខានមួយបានកើតឡើង កាលពីថ្ងៃទី២៧ មិថុនាកន្លងទៅ ដោយជំទាស់មិនឲ្យអ្នកភូមិកំពង់ភ្លុកមានសិទ្ធិតែឯងលើចំណូលពីការលក់សំបុត្រទូក និងកាណូតពីភ្ញៀវទេសចរ។
ភាគីដែលប្រឆាំងមិនឲ្យមានការបោះឆ្នោតនាពេលកន្លងទៅ ត្រូវគេស្គាល់ថា ជាអ្នករស់នៅ តំបន់ឆ្ងាយ មាននៅតំបន់ចុងឃ្នៀស មេជ្រៃ និងខ្លះក៏ជាអ្នកភូមិកំពង់ភ្លុកដែរ។ នេះបើតាម ការអះអាងពីមេឃុំកំពង់ភ្លុក ដែលបានផ្តល់បទសម្ភាសន៍នឹងអ្នកសារព័ត៌មានកន្លងទៅ។
ពលរដ្ឋនៅកំពង់ភ្លុកអះអាងថា ពលរដ្ឋដែលមកតវ៉ានៅថ្ងៃនោះ ត្រូវបានក្រុមហ៊ុន ស៊ូជីង ដែលធ្លាប់មានទំនាស់នឹងអ្នកភូមិកំពង់ភ្លុក និងដែលជំទាស់មិនព្រមបញ្ឈប់ការលក់ សំបុត្រទូក និងកាណូតតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នង។
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលចុះថ្ងៃទី ១៩ មេសា ឆ្នាំ២០១៥ រដ្ឋាភិបាលបាន បង្គាប់ឲ្យក្រុមហ៊ុន ស៊ូជីង បញ្ឈប់ការលក់សំបុត្រទូក និងកាណូត ដល់ភ្ញៀវទេសចរ នៅតំបន់ទេសចរណ៍កំពង់ភ្លុក។ រំលងបានបន្តិច គេដឹងថា អ្នកតំណាងរាស្ត្រមណ្ឌល សៀមរាប លោក សៀង ណាំ រួមនិងមន្ត្រីនៃសាលាខេត្តបានចុះទៅប្រកាសនូវសេចក្តី ជូនដំណឹងនេះ ហើយប្រកាសរៀបចំបោះឆ្នោតរើសប្រធាន និងអនុប្រធាន ដើម្បីគ្រប់គ្រងការលក់សំបុត្រនៅតំបន់នោះ។យ៉ាងណា ការបោះឆ្នោតត្រូវបានផ្អាកទៅវិញ ក្រោយមានអំពើហិង្សាប្រឆាំងមិនឲ្យ បោះឆ្នោត ហើយដែលហិង្សានោះ បានបង្កឲ្យភាគី ទាំងសងខាងរងរបួស៥នាក់ផងដែរ។
លោក ស៊ុន ចាន់សេរី សមាជិកសហគមន៍កំពង់ភ្លុក បាននិយាយថា លោកនិងអ្នកភូមិ ឯទៀត ដែលប្រកបរបរដឹកភ្ញៀវតាមទូក និងកាណូត នៅស្ងៀមស្ងាត់តាមការស្នើសុំ ពីអាជ្ញាធរ។ អាជ្ញាធរដែលថា ខ្លួននឹងអន្តរាគមន៍លើអ្នកដែលប្រឆាំងនឹងការបោះឆ្នោត នោះ។ ទាក់ទងនឹងបញ្ហានេះ អភិបាលរងខេត្តសៀមរាប លោក ប៊ុន ថាឫទ្ធិ មិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃសុក្រនេះ។ យ៉ាងណា លោក ប៊ុន ថាឫទ្ធិ ធ្លាប់ព្រមានអ្នក ដែលប្រឆាំងនឹងការបោះឆ្នោតនោះដែរ។
គួរបញ្ជាក់ថា សហគមន៍ទូក និងកាណូតកំពង់ភ្លុកស្ថិតនៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ភ្ញៀវទេសចរ តែងជួលទូក និងកាណូតជិះ មើលតំបន់ទេសចរណ៍ធម្មជាតិនៅទីនោះ និងគយគន់ភូមិបណ្តែតទឹករបស់អ្នកភូមិ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com