ព័ត៍មានសុខភាព
សុខភាព៖ ការ​រាំងរដូវ​អាច​បណ្តាលមកពី​បញ្ហា​ប្រដាប់ភេទ
05, Jul 2015 , 12:24 pm        
រូបភាព
ដោយ: ថ្មីៗ

រាំងរដូវ គឺជា​ការបាត់ មិនមាន​ឈាមរដូវ អាច​ម្តង ឬ​ច្រើន​ខែ។ ស្ត្រី​ដែល​បាត់​រដូវ​យ៉ាងហោចណាស់​ចំនួន​បី​ដង ឬ​ក្មេងស្រី​ដែល​មិន​ទាប់​ចាប់ផ្តើម​មក​រដូវ​នៅ​អាយុ ១៥ឆ្នាំនេះ អាច​ចាត់ទុកថា មាន​បញ្ហា​រាំងរដូវ។ មូលហេតុ​ចំបង​បំផុត​នៃ​ការ​រាំងរដូវ គឺ​ការ​មាន​ផ្ទៃពោះ។ ចំណែកឯ​មូលហេតុ​ផ្សេងទៀត​នៃ​កា​រាំងរដូវ អាច​រួមមាន​បញ្ហា​សរីរាង្គ​បន្ត​ពូជ​ឬ​បញ្ហា​ក្រពេញ​ដែល​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន​ស្ត្រី។ ចំពោះ​បញ្ហា ដែល​ជាប់ទាក់ទង​នឹង​សរីរាង្គ​បន្ត​ពូជ​ខុស​ប្រក្រតី អាចមាន​ដូចជា៖



១) ការ​មាន​កោសិកាក្រិនៗក្នុង​ស្បូន៖ លក្ខខណ្ឌ​ដែល​ធ្វើអោយ​ជាលិកា​ឡើង​ក្រិន នៅក្នុង​ស្រទាប់​ខាងក្នុង​នៃ​ស្បូន​ពេលខ្លះ​អាច​កើតមានឡើង​បន្ទាប់ពី​ការវះកាត់​សម្រាលកូន ឬ​ការព្យាបាល ការ​មាន​ដុំ​សាច់​ក្នុង​ស្បូន។ ការ​មាន​កោសិកា​ក្រិន​លើ​ស្បូន រារាំង​ការកើនឡើង​នៃ​ស្រទាប់​សាច់​ស្បូន ដែលជា​ហេតុ​ធ្វើអោយ​រាំងរដូវ។

២) គ្មាន​សរីរាង្គ​បន្ត​ពូជ៖ ពេលខ្លះ​មាន​បញ្ហា​កើតឡើង​ក្នុងអំឡុងពេល​អភិវឌ្ឍ​ន៍​រាងកាយ​របស់​ទារក​ក្នុង​ផ្ទៃ​ម្តាយ ដែលនាំឱ្យ​ក្មេងស្រី អាច​កើតមក​ដោយ​គ្មាន​ផ្នែក​ណាមួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​បន្ត​ពូជ​ដូចជា​ស្បូន​មាត់ស្បូន​ឬ​ទ្វារមាស។ ដោយសារតែ​ប្រព័ន្ធ​បន្ត​ពូជ​របស់​នាង មិនបាន​អភិវឌ្ឍន៍​តាម​ធម្មតា​បាន នាង​មិន​អាចមាន​រដូវ​បានឡើយ។

៣) ភាពខុសប្រក្រតី​របស់​ទ្វារមាស៖
ការស្ទះ​ទ្វារមាស​អាច​បង្អាក់​ការហូរ​ឈាមរដូវ។ ភ្នាស ឬ​ជញ្ជាំង អាច​នឹងមាន​វត្តមាន​នៅក្នុង​ទ្វារមាស ហើយនឹង​រារាំង​លំហូរ​ឈាម​ពី​ស្បូន​និង​ក​ស្បូន​បាន៕

ផ្តល់​សិទ្ធិ​ដោយ​ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com