ជាតិ
​​​ន​យោ​បាយ​ជាតិ​
ភាពមិន​ច្បាស់​លាស់​នៃ​កិច្ចប្រជុំ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម ​​
06, Jul 2015 , 10:11 am        
រូបភាព
ដោយ:
 តាម​គម្រោង ចាប់ពី​ថ្ងៃទី៦ដល់ នេះ​តទៅ​រហូតដល់ ថ្ងៃទី៩ ខែកក្កដា គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម ចាប់ផ្តើម​ប្រជុំ ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ដែល​នៅ​សេសសល់ និង​បញ្ហា​តាម​ខ្សែបន្ទាត់​ព្រំដែន​ផ្សេងទៀត​កន្លងមក។ ក៏ប៉ុន្តែ កិច្ចប្រជុំ​នេះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើនរូប សុទ្ធតែ​មិនដឹង​ពី​ទីតាំង​ពិត​ប្រា​ដក​ដែល​មន្ត្រី​ព្រំដែន​បើក​កិច្ចប្រជុំ​នោះទេ។

 
ប្រធាន​និង​អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង និង​លោកស្រី កុយ ពិសី សុទ្ធតែ​មិន​លើក​ទូរ​សព្ទ​ទេ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ រីឯ​អ្នក​ពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ សុន្ទរី និង​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ព្រមទាំងលោក ទិត សុធា មន្រ្តីអង្គភាព​ប្រតិកម្ម​រហ័ស​នៃទីស្តី​ការ​គណៈរដ្ឋមន្រ្តី ក៏​សុទ្ធតែ​អះអាងថា ពួកខ្លួន​មិនបាន​ដឹង​ពី​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម រៀបចំ​ធ្វើ​នៅ​កន្លែង​ណា និងនៅម៉ោង​ប៉ុន្មាន​នោះដែរ​។ 
 
តាម​គម្រោង​កិច្ចប្រជុំ​នេះ ត្រូវធ្វើឡើង​នៅក្នុង​ខេត្តសៀមរាប តែ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា  បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ ត្រូវ​ប្តូរ​មក​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​វិញ។ ហើយលោក ក៏មិនបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើនៅរាជធានីភ្នំពេញ ត្រង់កន្លែងណានោះទេ។

កាចុះផ្សាយរបស់សារព័ត៌មានCEN ដែលស្រង់​សម្តី​មន្រ្តី​ជាន់​ខ្ពស់​ទីស្តីការ​គណៈរដ្ឋមន្រ្តីដោយមិនបញ្ចេញ​ឈ្មោះ បានឲ្យដឹងថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាមនេះ ចាប់ផ្តើមធ្វើដោយស្ងាត់ៗនៅភ្នំពេញនៅថ្ងៃចន្ទនេះ ហើយការប្តូរទីតាំងមកភ្នំពេញ ដើម្បីការពារ​សុវត្ថិ​ភាពមន្រ្តីជាន់​ខ្ពស់​វៀតណាម​។ 

ចំណែកឯសារព័ត៌មាន Fresh News  វិញ បានចុះផ្សាយផ្ទុយពី​​សារព័ត៌មាន​CEN ដោយសារព័ត៌មាននេះ​យោងទៅតាម​សម្តី​របស់​លោក វ៉ា គឹមហុង ថា កិច្ចប្រជុំគណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម  ត្រូវលើកពេលទៅធ្វើនៅថ្ងៃទី ០៧ ខែកក្កដា ស្អែកវិញ នៅទីស្តីការ​គណៈរដ្ឋមន្រ្តី​។ បើតាមលោក វ៉ា គឹមហុង ដែលប្រាប់សារព័ត៌មាន Fresh News ការលើកពេលនេះ ដោយសារ​មន្រ្តី​ព្រំដែន​វៀតណាម​ទើប​មក​ដល់កម្ពុជា ហើយរៀបចំ​មិនទាន់​​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com