ជាតិ
សង្គមជាតិ
ចូលទៅ​លំហែកាយ​នៅក្នុង​អាកាសយានដ្ឋាន​បាត់ដំបង​ត្រូវ​ចំណាយ ៥០០ ទៅ២០០០រ​រៀល
07, Nov 2015 , 1:25 pm        
រូបភាព
ដោយ:
បាត់ដំបង៖ ក្នុងមួយថ្ងៃៗ ពលរដ្ឋ​ក្រុង​បាត់ដំបង​មិនតិចជាង២០០ ទៅ ៣០០នាក់​ឡើយ​ដែល​បាន​ចូលទៅក្នុង​អាកាសយានដ្ឋាន​បាត់ដំបង ដើម្បី​អង្គុយ​លំហែកាយ ខ្លះ​លេង​បាល់​នៅ​ទីលាន​របស់​ប្រ​លាន​នោះ។ ពលរដ្ឋ​ដែល​ទៅ​ដំណើរ​ទៅ​ទីនោះ​ដោយ​ម៉ូតូ និង​រថយន្ត ត្រូវ​ចំណាយលុយ​ពី៥០០ ទៅ២០០០រៀល​អោយ​ទាហាន​ដែល​នៅចាំ​នៅ​ច្រកចូល​នោះ។



បូរី ដែលជា​យុវជន​ម្នាក់​ហើយ​ឧស្សាហ៍​ទៅ​លំហែកាយ​នៅ​ទីនោះ​ញឹកញាប់​នោះបាន​ប្រាប់ថា រឿង​ទាហាន​យកលុយ​នេះ​គាត់​បាន​ឆ្ងល់​ជា​យូ​ណាស់​មកហើយ ហើយ​ពេល​សួរ​ទៅ​អ្នកយក​លុយ​នោះ គេ​បាន​ឆ្លើយថា«មេ​អោយ​យក»។ គាត់​បាន​បន្តទៀតថា៖«ខ្ញុំ​ពិតជា​ឆ្ងល់​ខ្លាំងណាស់​តើ​ការ​យកលុយ​នេះ​យកទៅ​ធ្វើ​អ្វី?ណាមួយ​គ្មាន​វិក័យប័ត្រ​នោះទេ។ បើ​និយាយអោយចំ​ទៅនេះ​គឺ​យកទៅ​ច្រក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ហើយ​មើលទៅ។ ដ្បិតតែ​លុយ​តែ៥០០រៀល​មែន តែមួយថ្ងៃៗមិនមែន​ម៉ូតូ​មួយ​ទេ​ដែល​ចូលទៅ​ទីនេះ»។

យុវតី វួ​ចណៃ ក៏​ឧស្សាហ៍​ចេញចូល​នៅ​ប្រ​លាន​យន្តហោះ​នោះដែរ។ វួ​ចណៃ​បាន​និយាយថា​នាង​មិន​ដែរ​ចាប់អារម្មណ៍​ពី​រឿង​យកលុយ​នេះ​ទេ ព្រោះ​វា​មិន​ច្រើនតែ​កញ្ញា​គិតថា វា​ជា​ចំនួន​តិចតួច។ តែ​កញ្ញា​ក៏​ចង់ដឹង​ដូចគ្នា​ថា តើ​លុយ​ដែល​មនុស្ស​ទាំងអស់ ដែល​មក​កម្សាន្ត​នៅក្នុង​ព្រលានយន្តហោះ​នេះ បង់​ឲ្យ​អ្នកយាម​នោះ គេ​យកទៅ​ទីណា? «មួយវិញទៀត​តើ​អ្នកណា​ជា​អ្នកបញ្ជា​ឲ្យ​យកលុយ​នៅទីនេះ។ ក្រែង​វា​ជា​កន្លែង​សាធារណៈ​មែន​ទេ?» នេះ​ជា​សំណួរ​របស់​វួ​ចណៃ។

នាយ​ទា​ហ៊ាន​ម្នាក់​ដែល​នៅចាំ​យកលុយ​នៅមុខ​ប្រ​លាន​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា៖«លុយ​នេះ​គឺ​មេ​ដែល​នៅទីនេះ ជា​អ្នក​អោយ​យក»។
អ្នកសារព័ត៌មានថ្មីៗមិនអាច​សុំ​ការបំភ្លឺ​ពី​មេ​ទា​ហ៊ាន​ដែល​នៅ​ទីនោះ​បានឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com