ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក វ៉ា គឹមហុង បដិសេធមិនទៅ​មើល​ព្រំដែន​​តាម​ការ​បបួល​របស់​លោក រៀល​ ខេមរិន្ទ្រ
08, Jul 2015 , 1:02 pm        
រូបភាព
នៅ​ទី​បំផុត​ទៅ​ប្រធានគណៈកម្មាធិការ​ព្រំដែន​​​កម្ពុជា ​លោក វ៉ា គឹមហុង បានប្រកាសបដិសេធ​មិនទៅពិនិត្យ​មើលបង្គោល​ព្រំដែននៅ​ថ្ងៃ​ទី ១៩ ខែកក្កដា ស្ថិត​នៅ​ក្នុង​ភូមិ​ធ្លក ឃុំ​ត្នោត​ ស្រុក​កំពង់រោទិ៍​ ខេត្ត​ស្វា​យ​រៀង​ តាម​ការ​បបួល​របស់​លោក​ រៀល​ ខេមរិន្ទ្រ​ នោះឡើយ។លោក រៀល ខេមរិន្រ្ទ ចាត់ទុកការបដិសេធរបស់លោក វ៉ា គឹមហុង នេះថា ជារឿង​មិន​សម​ហេ​តុ​ផល និងជាការមិនទទួលខុសត្រូវ។




​លោក វ៉ា គឹមហុង ប្រធានកិច្ចការព្រំដែន បានប្រកាសបដិសេធ​មិនទៅពិនិត្យ​មើលបង្គោល​ព្រំដែននៅ​ថ្ងៃ​ទី ១៩ ខែកក្កដា ស្ថិត​នៅ​ចំណុច​ដែល​មាន​ហិង្សា​កើតឡើង​កាលពី​ចុង​ខែ​មិថុនា ក្នុង​ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង​​ ​ តាម​ការ​បបួល​របស់​លោក​ រៀល​ ខេមរិន្ទ្រ​ នោះឡើយ។ លោក វ៉ា គឹមហុង បញ្ជាក់ថា រូបលោកមិនភារកិច្ចអ្វីដែលត្រូវទៅត្រួតពិនិត្យទីនោះ តាម​សំ​ណើ​របស់តំ​ណាងរាស្រ្តបក្សប្រឆាំងឡើយ។ នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ លោក វ៉ា គឹមហុង បានថ្លែងប្រាប់​អ្នក​កាសែត​យ៉ាង​ខ្លី​ក្រោយ​ពីកិច្ច​ប្រជុំ​ព្រំដែន​ដូច្នេះ​ថា៖«ខ្ញុំមានកាតព្វ​កិច្ចអីទៅជា​មួយ​លោកឯកឧត្តមហ្នឹង ខ្ញុំខាង​រដ្ឋាភិ​បាល​ទេ។​គាត់នីតិបញ្ញត្ត ខ្ញុំ​នីតិ​ប្រតិបត្តិ។ គេដាំ(បង្គោល)រួចហើយ ចង់ទៅមើលទៅមើលទៅ គ្មានអ្នកណាហាមឃាត់ » ។

ចំពោះការបដិសេធនេះ លោក រៀល ខេមរិន្រ្ទ ដែលបានបបួលលោក វ៉ា គឹមហុង ចុះត្រួតពិនិត្យព្រំដែន ចោទការបដិសេធរបស់លោក វ៉ា គឹមហុង នេះថា ជារឿងមិនសមហេតុផល និងសបញ្ជាក់ថា លោក វ៉ា គឹមហុង ខ្វះការទទួលខុសត្រូវ ខណៈដែលលោក វ៉ា គឹមហុង ជាអ្នកបង្កើតរៀបចំព្រំដែននេះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តំណាងរាស្រ្តមណ្ឌលស្វាយ​រៀងរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំសោកស្ដាយចំពោះការបដិសេធនេះ។ លោក វ៉ា គឹមហុង គា​ត់ជាអ្នកទទួល​បន្ទុកកិច្ច​ការ​ព្រំដែន ជាអ្នកបង្កើតព្រំដែន ដូច្នេះការបដិសេធនេះ គាត់ដូចជាមិនទទួលខុសត្រូវ។ ហើយខ្ញុំនៅតែចង់ឲ្យគាត់ទៅ បើគាត់ទៅពិនិត្យជាមួយខ្ញុំ និ​ង​ប្រ​ជា​ព​លរដ្ឋគឺជារឿងល្អ ដើ​ម្បីឲ្យ​បាន​ដឹងច្បាស់ទាំងអស់គ្នា»។

លោក រៀល ខេមរិន្រ្ទ  បន្ថែមថា ក្រៅពីបបួលលោក វ៉ា គឹមហុង  រូបលោកក៏រៀបចំលិខិតអញ្ជើញតំណាងរាស្រ្តក្នុងរដ្ឋសភាទាំងអស់ចុះទៅត្រួតពិនិត្យព្រំដែននៅថ្ងៃទី១៩ កក្កដាដែរ។តំណាងរាស្រ្តបក្សប្រឆាំង ដែលនឹងដឹកនាំប្រជាពលរដ្ឋ យុវជន ទៅពិនិត្យព្រំដែននៅថ្ងៃទី១៩ កក្កដានោះ បញ្ជាក់យ៉ាងដូច្នេះថា៖«នៅថ្ងៃពុធ​នេះខ្ញុំនឹង​បញ្ជូ​នលិខិតអញ្ជើញ​តំ​ណាង​រាស្រ្ត​ទាំងអស់នៅក្នុងរដ្ឋសភា ដែលជាអ្នកតំណាងឲ្យប្រជាពលរដ្ឋ ចុះទៅត្រួតពិនិត្យព្រំដែនដែរ។

កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា លោក រៀល ខេ​មរិ​ន្ទ្រ បាន​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​លោក វ៉ា គឹមហុង ដើម្បី​បបួល​លោក​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​ជាមួយ​គ្នា នៅ​ចំណុច​ដែល​មាន​ហិង្សា​កើតឡើង​កាលពីថ្ងៃទី២៨ ខែ​មិថុនាកន្លងមក ក្នុង​ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង​។​ ក្នុង​លិខិត​ផ្ញើជូន​លោក វ៉ា គឹមហុង ចុះ​ថ្ងៃ​ទី​៦ ខែកក្កដា តំណាងរាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌ​ល​ស្វាយរៀង​រូបនេះ បញ្ជាក់ថា ការ​អញ្ជើញ​លោក វ៉ា គឹមហុង ទៅ​ពិនិត្យ​មើល​បង្គោលព្រំ​ដែន​កម្ពុជា​លេខ ២០២​និង​២០៣​នៅ​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង ធ្វើឡើង​តាម​​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ យុវជន យុវតី និង​ព្រះសង្ឃ​ខ្មែរ​។

គួរបញ្ជាក់ថា គណៈកម្មាធិការព្រំដែនកម្ពុជា និងវៀតណាម បានបើកិច្ចប្រជុំពិភាក្សាគ្នាលើបញ្ហាព្រំដែននេះ អស់រយៈពេល២ថ្ងៃហើយ តែមិនទាន់មានលទ្ធផលនៅឡើយទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com