ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំ​ណា​រាស្ដ្រ CNRP ស្នើ​ឲ្យ​លោក ហ៊ុន សែន ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តរតនគិរី
09, Jul 2015 , 8:39 am        
រូបភាព

 
ក្រុម​អ្នកតំណាងរាស្ដ្រ​គណ​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​បញ្ឈប់​សក​ម្ម​ភាព​ក្រុមហ៊ុន​របស់លោក ទ្រី ភាព និង​ក្រុមហ៊ុន​របស់លោក អាន ម៉ា​រ៉ា​ឌី​ដែល​កំពុងតែ​ធ្វើ​អាជីវកម្ម​កាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​ភូមិសាស្ដ្រ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្ដ​រតនគិរី។ នេះ​បើតាម​លិខិត​របស់​ក្រុមតំណាងរាស្ដ្រ​បក្សប្រឆាំង ផ្ញើជូន​លោក ហ៊ុន សែន ចុះ​ថ្ងៃទី៨ ខែកក្កដា​នេះ។



ក្រុម​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង បាន​ប្រមូលគ្នា​ចុះហត្ថលេខា​លើ​លិខិត​រួមមួយ ដាក់ជូន​លោក ហ៊ុន សែន ដើម្បី​ជួយ​ទប់ស្កាត់​ជាបន្ទាន់​នូវ​សកម្មភាព​អាជីវកម្ម កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ពី​សំណាក់​ក្រុមហ៊ុន​របស់ លោក ទ្រី ភាព និង​ក្រុមហ៊ុន​របស់ លោក អាន ម៉ា​រា​ឌី។

ការចោទប្រកាន់​ក្រុមហ៊ុន​ទាំងពីរ​ថា​បាន​កាប់​ព្រៃឈើ​ធ្វើ​អាជីវកម្ម ពី​សំណាក់​អ្នក​តំ​ណា​រាស្ត្រ​បក្សប្រឆាំង​នេះ ដោយ​សំអាងថា បាន​ប្រទះឃើញ​សកម្មភាព​នៃ​ការកាប់បំផ្លាញ និង​ដឹកជញ្ជូន​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ពេលដែល​ក្រុម​ខ្លួន​ចុះទៅពិនិត្យ​ផ្ទាល់​នៅក្នុង​ឧទ្យាន​ជាតិ​ជី​រៈ​ជ័យ ដែលជា​តំបន់​ព្រៃស្រោង ស្ថិតនៅក្នុង​តំបន់​កន្ទុយ​នាគ ស្រុក​តា​វែង ខេត្តរតនគិរី កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ។

ខ្លឹមសារ​នៃ​លិខិត​ដដែល​បន្តថា បច្ចុប្បន្ននេះ ព្រៃឈើ​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ តំបន់​កន្ទុយ​នាគ​កំពុងតែ​ប្រឈម​យ៉ាងខ្លាំង​ពី​ការកាប់បំផ្លាញ និង​អាច​ឈានទៅរក​វិនាសកម្ម​ព្រៃឈើ ដោយសារតែ​ក្រុមហ៊ុន ទាំងពីរ​នេះ។

តំណាងរាស្ដ្រ​ទាំងនោះ​បញ្ជាក់ថា ប្រសិនបើ​គ្មាន​ការទប់ស្កាត់​ទាន់ពេល​ទេ ព្រៃឈើ​នៅ​តំបន់​នោះ​នឹងត្រូវ​បាត់បង់​ទាំងស្រុង​នាពេល​ដ៏​ខ្លី​ខាងមុខ​ជាមិនខាន៕






© រក្សាសិទ្ធិដោយ thmeythmey.com