កីឡាជាតិ
ជាតិ
FIFA Ranking៖ ចាញ់២លើក​ក្នុង​ជម្រុះ World Cup នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ១៨១វិញ
09, Jul 2015 , 4:29 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ១៧៨ទៅ​លេខ១៨១វិញ នៅក្នុង​តារាង​ចំណាត់ថ្នាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA World Rangking) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៩ ខែកក្កដា នេះ។



ចំណាត់ថ្នាក់​នេះ គឺ​ផ្អែកទៅលើ​ការប្រកួត​ចំនួន៣លើក​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន លោក Ohara Kazunori កាលពី​អំឡុង​ខែមិថុនា។ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​មី​យ៉ាន់​ម៉ារ​កាលពី​ថ្ងៃទី៥ ខែមិថុនា នៅ​ប្រទេស​ថៃ កម្ពុជា បាន​យកឈ្នះ​ក្នុង​លទ្ធផល ១-០ ។ ជ័យជម្នះ​បាន​នាំ​ឲ្យ​កម្ពុជា​ទទួលបាន​អត្រា​ពិន្ទុ ១៤៥.៣៥ ប៉ុន្តែ​ក្នុង​យុទ្ធនាការ​ជម្រុះ World Cup ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី កម្ពុជា បាន​ចាញ់​សឹង្ហ​បុរី ៤-០ និង​ចាញ់​អា​ហ្វ​ហ្គា​នី​ស្ថាន ១-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

យោងតាម FIFA Ranking កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី១៨១ ដូច​ម៉ា​កាវ ដែល​ខ្លួន​បាន​ទម្លាក់​ចេញពី​ការប្រកួត​ជម្រុះ​បឋម​នៃ​ព្រឹត្តិការណ៍ World Cup ។ ក្រុម​ដែល​នៅ​ពីលើ​កម្ពុជា និង​ម៉ា​កាវ មានដូចជា យ៉េ​មែន ប៉ា​គី​ស្ថាន ម៉ា​ល់​ឌី​វ ឡាវ និង ចិន-តៃប៉ិ ខណៈ​ក្រុម​នៅ​តំបន់​អាស៊ី​ដែលមាន​ចំណាត់​ថ្នាក់ទាប​ជាង​កម្ពុជា និង​ម៉ា​កាវ មាន ស្រីលង្កា ប្រ៊ុយណេ នេ​ប៉ាល់ និង​ម៉ុង​ហ្គោ​លី។

សម្រាប់​ចំណាត់ថ្នាក់​រួម​លើ​ពិភពលោក អា​ហ្ស​ង់​ទីន​ឈរ​លេខ​មួយ ហើយ​អាល្លឺម៉ង់ បែលហ្ស៊ិក កូ​ឡុំ​ប៊ី ហូ​ឡង់ ប្រេ​ស៊ី​ល ព័រ​ទុយ​ហ្គា​ល់ រ៉ូ​ម៉ា​នី អង់គ្លេស និង​វេ​លស៍ ស្ថិតក្នុង​តំបន់ top 10 ៕


© រក្សាសិទ្ធិដោយ thmeythmey.com