អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រិ​ក​សុំ​ជំនួយ​ថ្មី​ពី​តំបន់​អឺរ៉ូ ដោយ​សន្យា​អនុវត្ត​កំណែទម្រង់​នៅ​សប្តាហ៍​ក្រោយ
09, Jul 2015 , 6:47 pm        
រូបភាព
ដោយ:
ដើម្បី​ទទួលបាន​ជំនួយ​ថ្មី និង​ចៀសវាង​មិនអោយ​ក្រិ​ក​ដើរ​ចេញពី​តំបន់​អឺរ៉ូ នាយករដ្ឋមន្ត្រី​ក្រិ​ក អា​ឡិច​ស៊ិ​ស ស៊ិ​ស​ប្រាស បាន​សន្យា​បង្ហាញ​សំណើ​កំណែទម្រង់ថ្មីៗ ដល់​ម្ចាស់បំណុល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជា​កំណែទម្រង់​មាន​លក្ខណៈ​ច្បាស់លាស់ និង​ត្រឹមត្រូវ​យុត្តិធម៌។ ថ្ងៃ​ពុធ​ម្សិលមិញ ក្រិ​កបាន​ស្នើសុំ​គំរោង​ជំនួយ​ថ្មី​សម្រាប់​រយៈពេល៣ឆ្នាំ ដោយបាន​សន្យាថា នឹង​អនុវត្ត​នូវ​វិធានការ​កែទម្រង់​ពន្ធ​និង​ប្រាក់​ចូលនិវត្តន៍ ចាប់ពី​សប្តាហ៍​ក្រោយនេះ​តែម្តង។


ពលរដ្ឋ​ក្រិ​ក​បោះឆ្នោត​បដិសេធ​សំណើ​ម្ចាស់បំណុល កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន មិនមែន​មានន័យថា ពួកគេ​ចង់​ដើរ​ចេញពី​តំបន់​អឺរ៉ូ​ទេ តែ​គឺ​ពួកគេ​មិនអាច​ទទួល​សំណើ​ម្ចាស់​បំំ​ណុល​ដែល​រឹតបន្តឹង​ដល់​ជីវភាព​រស់នៅ​ពួកគេ។ សំណើ​ម្ចាស់បំណុល​ហាក់​បាន​ជាន់ឈ្លី​មើលងាយ​ពលរដ្ឋ​ក្រិ​ក​ពេក។ ដើម្បី​ចៀស​មិនអោយ​ក្រិ​ក​ដកខ្លួន​ពី​តំបន់​អឺរ៉ូ និង​ទទួលបាន​កំចី​ថ្មី សម្រាប់​រយៈពេល៣ឆ្នាំ​ខាងមុខ ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​ក្រិ​ក​នឹង​បង្ហាញ​សំណើ​កំណែទម្រង់​ថ្មី ដែលមាន​លក្ខណៈ​ជាក់ស្តែង និង​យកជាការបាន ជា​សំណើ​ដែល​ត្រឹមត្រូវ និង​យុត្តិធម៌​សម្រាប់​សង្គម​ក្រិ​ក។

ម្សិលមិញ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រិ​ក​ថ្មី គឺ​លោក Euclide Tsakolotos បាន​សរសេរ​លិខិត​ទៅ​ចលនា​ស្ថិរភាព​ហិរញ្ញវត្ថុ ហៅ​កាត់​ថា MES ជា​ផ្នែក​ទទួលបន្ទុក​គ្រប់គ្រង​វិបត្តិ​ហិរញ្ញវត្ថុ​តំបន់​អឺរ៉ូ។ លោក​Tsakolotos សរសរ​សុំ​ខ្ចីប្រាក់​តំបន់​អឺរ៉ូ​សម្រាប់​ពេល៣ឆ្នាំ​ទៀត ដោយ​សន្យា​ចាត់​អោយមាន​កំណែទម្រង់​និង​វិធាន​ការដែល​ធានា​អោយ​ហិរញ្ញវត្ថុ​សាធារណៈ​ក្រិ​កមាន​ស្ថិរភាព។ គួរ​បញ្ជាក់ថា លោក​Euclide Tsakolotos បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រិ​ក កាលពី​ថ្ងៃ​ចន្ទ បន្ត​ពី​លោក Yanis Varousfakis។ លោក​Varousfakis បានសម្រេច​ចុះ​ពី​តំណែង ដោយសារ​លោក​យល់ច្បាស់​ថា ម្ចាស់បំណុល​មិន​ពេញ​ចិត្តនឹង​អត្តចរិត​ដ៏​មានៈ​របស់លោក ក្នុងពេល​ចរចា​កន្លងមក​ទេ។

តាំង​ពីថ្ងៃ​អង្គារ​មក បណ្តា​ប្រទេស​អឺរ៉ុប​កំពុងតែ​ពិភាក្សាគ្នា​បន្ទាន់​នៅ​ក្រុង​ព្រុ​ច​សែ​ល ដើម្បី​សម្រេច​អោយបាន​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ នូវ​គំរោង​ជំនួយ​ថ្មី សម្រាប់​ក្រិ​ក ធ្វើយ៉ាងណា​មិនអោយ​ក្រិ​ក​ដកខ្លួន​ពី​តំបន់​អឺរ៉ូ៕


© រក្សាសិទ្ធិដោយ thmeythmey.com