ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ហឿន សុភ័ក្ត្រ៖ ស្នើ​អាហារូបករណ៍​បរទេស​បន្ត​ថ្នាក់អនុបណ្ឌិត ៥លើក ទើប​ជាប់
11, Jul 2015 , 6:59 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ មាន​វ័យ ២៧ឆ្នាំ កញ្ញា ហឿន សុភ័ក្ត្រ ទើបនឹង​ទទួលបាន​អាហារូបករណ៍ Fullbright ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត លើ​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គមនាគមន៍ នៅ University of Missouri សហរដ្ឋអាមេរិក។ សុភ័ក្ត្រ និយាយថា មុនពេល​នាង​ទទួលបាន​អាហារូបករណ៍ Fullbright របស់​រដ្ឋាភិបាល​អាមេរិក នៅ​ឆ្នាំ២០១៥នេះ នាង​ធ្លាប់បាន​ដាក់ពាក្យ​ស្នើ អាហារូបករណ៍​បរទេស​ចំនួន ៤លើក តែ​ពេលនោះ​នាង​ពុំ​ជាប់​អាហារូបករណ៍​នោះទេ។ កញ្ញា​ក៏​មិន​បោះបង់​ឆន្ទៈ​នេះដែរ ទឹកចិត្ត​ស្រលាញ់ និង​ចង់​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស បាន​ជំរុញ​ឲ្យ​កញ្ញា សុភ័ក្ត្រ ព្យាយាម​សិក្សា​ភាសា​អង់គ្លេស ធ្វើការ​ងារ​រក​ពិសោធន៍​បន្ថែមទៀត ដើម្បី​បន្ត​ដាក់​អាហារូបករណ៍។ តើ កញ្ញា ហឿន សុភ័ក្ត្រ ធ្វើ​ដូចម្តេច​ទើប​ទទួលបាន អាហារូបករណ៍ Fulbright អាមេរិក ដែល​ត្រូវបាន​បង្កើតឡើង តាំងពី​ឆ្នាំ ១៩៤៦ មក?



ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ចថ្មីៗ និង​កញ្ញា ហឿន សុភ័ក្ត្រ និស្សិត​អាហារូបករណ៍ Fullbright ៖
សំឡេង



កញ្ញា សុភ័ក្ត្រ បាន​ស្វែងរក​អាហារូបករណ៍​បន្ត​ថ្នាក់អនុបណ្ឌិត ទៅ​ក្រៅប្រទេស ចាប់តាំងពី កញ្ញា​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​សេដ្ឋកិច្ច និង​ព័ត៌មាន នៅ​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ក្នុង​ឆ្នាំ ២០១០មក​ម្លេះ។ ប៉ុន្តែ​ការដាក់​ស្នើសុំ អាហារូបករណ៍​មួយ​លើក​ជា​ពីរ តាមរយៈ​គេហទំព័រ​កម្មវិធី​អាហារូបករណ៍​នោះ នាង​មិន​ជាប់​នោះទេ។ សុភ័ក្ត្រ និយាយថា នាង​បានដាក់​ពាក្យ​ស្នើ​អាហារូបករណ៍ ទៅ​ក្រៅប្រទេស​ធ្លាក់​ចំនួន ៤លើក តែ​នាង​មិនបាន​គិតថា នាង​គ្មាន​សមត្ថភាព​រហូត​នោះទេ។

ការដាក់​អាហារូបករណ៍ជាមុនៗ បាន​ក្លាយជា​បទពិសោធ​ន៍​សម្រាប់​នាង ក្នុង​ឈាន​រក​អាហា រូបករណ៍​បន្តទៀត។ មាន​ដើមកំណើត​មកពី​ខេត្តកំពង់ចាម សុភ័ក្ត្រ តែង​ជំរុញ​ទឹក​របស់​នាង​ថា នាង​អាច​ទទួលបាន​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ដូចនេះ នាង​ក៏​អាច​យក​អាហា រូបករណ៍​ថ្នាក់អនុបណ្ឌិត​ដែរ។

សុភ័ក្ត្រ បាន​ប្រាប់​ពីបទ​ពិសោធន៍​ដើម្បី​ទទួលបាន​អាហារូបករណ៍​ថា ទីមួយ, បេក្ខជន​ត្រូវមាន ពិន្ទុ​ភាសា​អង់គ្លេស TOELT iBT យ៉ាងហោចណាស់ ៨៨ ឬ​ពិន្ទុ IELTS យ៉ាងហោចណាស់ ៧.០។ ទី​ពីរ, បេក្ខជន​ត្រូវ​រៀបរាប់​ពី​ប្រវត្តិរូប​ការងារ ការសិក្សា​មុខវិជ្ជា​ដែល​ចង់ទៅ​រៀន សំណេរ​រៀបរាប់​ពី​ខ្លួនឯង (Personal Statement) សំណេរ​រៀបរាប់​ពី​គោលបំណង​នៃ​ការសិក្សា (Study Objectives) និង​លិខិត​អំណះអំណាង​ពី​សាស្ត្រាចារ្យ​អ្នក​រួម​ការងារ ឬ​ប្រធាន​នៅ​កន្លែងធ្វើការ​ជាដើម។ ការដាក់​ពាក្យ​គឺ​ធ្វើតាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំងអស់។ បេក្ខជនគ្រាន់តែផ្ញើ​ពាក្យ​តាម​អ៊ីនធឺណិត​ហើយ​ចាំ​ដំណឹង​ទៅ​ថា​ជាប់ ឬ​មិន​ជាប់។ បើ​មិនឮ​ដំណឹង​អ្វី​មកវិញ​សោះ​មានន័យថា​ធ្លាក់​។ ប្រសិនបើ​ជាប់​ទៅ​វគ្គ​បន្ទាប់​បេក្ខជន​នឹងត្រូវ​ឆ្លងកាត់​ការសម្ភាសន៍នៅក្នុង​ស្ថានទូត​អាមេរិក៕


© រក្សាសិទ្ធិដោយ thmeythmey.com