ជាតិ
​​​ន​យោ​បាយ​ជាតិ​
ធ្លាប់តែ​ហូបបាយ​ជាមួយ​កឹម សុខា ពេលនេះ​កឹម សុខា មិននៅ​ សម រង្ស៊ី ហូបបាយ​ជាមួយ ហ៊ុន សែន
12, Jul 2015 , 4:05 pm        
រូបភាព
ដោយ:

វា​ពិតជា​មានការ​ភ្ញាក់ផ្អើល​ណាស់ នៅពេលដែល​សាធារណៈជន​ឃើញ​គ្រួសារ​របស់​មេដឹកនាំ​កំពូល​បក្សនយោបាយ​ទាំង​ពីររូប ណាត់ជួប​ពិសា​បាយ​ជុំគ្នា ដើម្បី​បង្កើត​ភាពស្និទ្ធស្នាល​រវាង​គ្រួសារ​ក្រ​កូ​ល ហ៊ុន និង​ត្រកូល សម។ ទន្ទឹមនឹងនេះ អ្នកនយោបាយ​ចាស់វស្សា​របស់​កម្ពុជា​ទាំងពីរ ដែល​ធ្លាប់​មើលមុខ​គ្នា​មិន​ចំ​នោះ ថែមទាំង​ឆ្លៀត​ថតរូប Selfie ជាមួយគ្នា​ទៀតផង។

 
នៅពេលដែល​ឃើញ​សកម្មភាព​របស់លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ក្នុង​ពិធី​ពិសា​អាហារ​ជុំគ្នា កាលពី​ម្សិលមិញ គេ​ក៏​នឹកឃើញ​ផងដែរ ដល់​តួអង្គ លោក កឹម សុខា ដែលជា​ដៃគូ​ស្លាប់​រស់​របស់លោក សម រង្ស៊ី។ តាមរយៈ​រូបថត សេល​ហ្វី (Selfie)  និង​ពិធី​ពិសា​បាយ​ជុំគ្នា​រវាង​គ្រួសារ​លោក​ប្រធាន​គណបក្សធំៗទាំងពីរ បាន​បញ្ជាក់ថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កំពុងតែ​ល្អូកល្អិន​នឹង​គ្នា​យ៉ាងខ្លាំង ខណៈដែល​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​កំពុង​បំពេញបេសកកម្ម​ការងា​រ​នៅ​ប្រទេស​ស្វី​ស។
 
លោក សម រង្ស៊ី ដែលជា​ញឹកញាប់ តែងតែ​អង្គុយ​ពិសា​បាយ និង​ដើរ​លំហែកាយ ជុំគ្នា​ជាមួយ​លោក កឹម សុខា នោះ បាន​ប្តូរ​មក​អង្គុយ​តុ​ពិសា​បាយ​ជុំគ្នា​ជាមួយ​លោក ហ៊ុន សែន ដែល​ធ្លាប់ជា​សត្រូវ​នឹង​គ្នា វិញ​ម្តង។ លោក កឹម សុខា និង​លោក ហ៊ុន សែន កន្លងមក​មើលមុខ​គ្នា​មិនសូវ​ចំ​នោះទេ។ លោក ហ៊ុន សែន ធ្លាប់​រិះគន់​លោក កឹម សុខា ថា ជា​មនុស្ស​ក្បាលរឹង  និង​ធ្លាប់​ព្រមាន​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ពី​អនុ​ប្រធានរដ្ឋសភា ព្រមទាំង​ធ្លាប់ និយាយ​ពី​បុណ្យសព​លោក កឹម សុខា ខណៈដែល​លោក កឹម សុខា មិនទាន់​ស្លាប់​ផង។ 
 
ដូច្នេះ​តើ​លោក កឹម សុខា មាន​អារម្មណ៍​ត្រេកអរ ឬ​អន់ចិត្ត​ខ្លះ​ដែរ នៅពេលដែល​ឃើញ​មហាមិត្ត​របស់លោក គឺ​លោក សម រង្ស៊ី ដែល​ធ្លាប់​ស្បថ​ជាមួយគ្នា​ថា លោក​ទាំងពីរ​គ្មាន​ថ្ងៃ​បែកបាក់​គ្នា​នោះ ថតរូប​Selfie និង​ពិសា​បាយ​ជុំគ្នា​ជាមួយ​លោក ហ៊ុន សែន យ៉ាង​ល្អូកល្អិន?
 
តែ​យ៉ាងណា​ក្នុងនាម​ជា​អ្នកនយោបាយ ហើយ​ជា​ជនជាតិខ្មែរ​ដូចគ្នា ការ​ចាប់ដៃគ្នា ញញឹម​ដាក់គ្នា ពិភាក្សាគ្នា​របស់​អ្នកនយោបាយ​ដទៃទៀត ដើម្បី​ប្រយោជន៍​ប្រទេសជាតិ គឺជា​រឿង​ដែល​គួរ​សាទរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com