អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ងាត់ៗ ឥណ្ឌូនេស៊ី​ត្រៀម​សង់​មូលដ្ឋានទ័ព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទប់ទល់​ចិន
13, Jul 2015 , 2:33 pm        
រូបភាព
 ស្ងាត់់ៗ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ស្រាប់តែ​ប្រកាស​សង់​មូលដ្ឋាន​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​នា​ខាងមុខ។ ឥណ្ឌូនេស៊ី​មិនមែនជា​ភាគី​ជម្លោះ​ឡើយ ប៉ុន្តែ​រឿង​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​កើតទុក្ខ​មិន​សុខចិត្ត​នោះ​គឺ​ផែនទី​ឯកតោភាគី«រាង​អក្សរ​អ៊ុយ ឬ​រាង​អណ្តាត»របស់​ចិន​ដែល​គូស​ចូល​ទាំង​ប្រជុំ​កោះ Natuna របស់ខ្លួន​ផង។ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ធ្លាប់​ប្រកាស​ម្តង​ហើយ​ថា ឥណ្ឌូនេស៊ី​មិន​ទទួលស្គាល់​ផែនទី ដែល​ចិន​កំពុង​ប្រើប្រាស់​ឡើយ។ គម្រោង​សង់​មូលដ្ឋានទ័ព​របស់​ឥណ្ឌូនេស៊ី​អាច​នឹង​បន្ថែម​កម្តៅ​ជម្លោះ​រវាង​ភាគី​ដែល​កំពុង​ក្តៅ​ស្រាប់​ផង។ កន្លងមក​សកម្មភាព​ទន្ទ្រាន​វាតទី​នៅ​សមុទ្រ​ចិន​ខាងត្បូង​របស់​ក្រុង​ប៉េកាំង​ដោយ​សង់​កោះ​សិប្បនិម្មិត បាន​បង្ក​ឲ្យ​បណ្តា​រដ្ឋ​ពាក់ព័ន្ធ​ជាពិសេស​វៀតណាម ហ្វីលីពីន និង​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​ខ្លាំង​សម្បារ​និង​បារម្ភ​ផង។ ឥឡូវនេះ ហ្វីលីពីន​កំពុង​រង់ចាំ​ស្តាប់​ការវិនិច្ឆ័យ​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​រឿង​សកម្មភាព​វាតទី​របស់​ចិន ខណៈ​ចិន​អះអាងថា​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្រុងឡាអេ គ្មាន​យុត្តាធិកា​ឯណា​សម្រេច​រឿង​ជម្លោះ​សមុទ្រ​ចិន​ឡើយ។ គេ​កំពុង​រង់ចាំ​មើល​បញ្ហា​ជម្លោះ​នេះ​នឹង​វិ​វត្ត​ទៅដល់​ណា​ទៀត​នៅពេល​ខាងមុខ។



សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖




ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​បញ្ហា​ប្រឈម​ធំ​សម្រាប់​តំបន់ និង​សហគមន៍​អន្តរជាតិ។ កម្តៅ​នៃ​ជម្លោះ​ចេះតែ​កើនឡើង ដោយសារ​សកម្មភាព​ភាគី​ពាក់ព័ន្ធ ជាពិសេស​សកម្មភាព​វាតទី​របស់​ចិន​នៅក្នុង​ដែន​ជម្លោះ។ វៀតណាម និង​ហ្វីលីពីន​ដែលមាន​ខ្នងបង្អែក​ធំ​នោះ​ចេះតែ​ឡាំប៉ា ស្រែក​ថ្កោលទោស​ចិន​ឥត​ឈប់ និងរ​ត់រក​ជំនួយ​ពី​ក្រៅ​ថែម​មក​ទប់ទល់​ជាមួយ​ចិន​ផង។ ហ្វីលីពីន​កន្លងមក​បាន​អូសទាញ​ជប៉ុន​ឲ្យ​ចូលមក​លូក​ឡំ​ក្នុង​បញ្ហា​ជម្លោះ​ដែនទឹក​នេះ​ផង។ ក្រៅពី​ប្រើប្រាស់​នយោបាយ​ការបរទេស ហ្វីលីពីន​ឆ្លៀត​បញ្ជូន​បណ្តឹង​ប្រឆាំង​ចិន​ទៅកាន់​ជ​ម្ឈ​ត្ត​ការ​អន្តរជាតិ​ប្រចាំ​ក្រុងឡាអេ​ផង ប៉ុន្តែ​ចិន​មិន​ឈឺក្បាល​វិលមុខ​សោះ ដោយ​គិតតែ​ពី​ប្រឹង​វាតទី​បាន៨០០ហិកតា ដោយ​បូម​ដី​សាង​កោះ​សិប្បនិម្មិត​នៅ​តំបន់​ជម្លោះ​ធ្វើ​ព្រងើយ។ ចិន​អាង​លើ​ការកាន់កាប់​ពី​ប្រវត្តិសាស្ត្រ និង​ផែនទី៩ចំណុច«រាង​អណ្តាត»ដែល​គូស​ជា​លក្ខណៈ​ឯកតោភាគី​តាំងពី​ឆ្នាំ ១៩៤៧មុន​ប្រកាស​ខ្លួន​ជា​សាធារណរដ្ឋ​មកម្ល៉េះ​នោះ។ ប៉ុន្តែ រឿង​ប្រើប្រាស់​ផែនទី​នេះ បាន​បង្ខំ​ឲ្យ​រដ្ឋ​មិនមែន​ភាគី​ជម្លោះ​សោះ​ហក់​ចូល​ក្នុងការ​ប្រណាំងប្រជែង​អាវុធ​ត្រៀម​ទប់​ចិន​ដែរ។ នោះ​គឺ​បងធំ​អាស៊ាន​ឥណ្ឌូនេស៊ី។

១.ឥណ្ឌូនេស៊ី​ត្រៀម​សង់​មូលដ្ឋាន​យោធា​ការពារ​កោះ​ខ្លួន​ដែល​ចិន​ទារ​យក
អ្នកណា​ក៏​ដឹង ឥណ្ឌូនេស៊ី​មិនដែល​ទារ​យក​ផ្នែក​ណា​នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ។ ភាគី​ជម្លោះ​មានតែ វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ប្រ៊ុយណេ និង​ចិន​តែប៉ុណ្ណោះ។ ត្រលប់​មកវិញ គម្រោង​ឥណ្ឌូនេស៊ី​ថា​នឹង​សង់​មូលដ្ឋាន​យោធា​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នោះ គឺ​ដោយសារតែ​ក្រុង​ប៉េកាំង​ប្រើប្រាស់​ផែនទី ៩ចំណុច «រាង​អណ្តាត» ដែល​គូស​ចូល​ទាំង​ប្រជុំ​កោះ​ឥណ្ឌូនេស៊ី Natuna ផង ដោយ​អះអាងថា ផែនទី​គូសឡើង​តាម​ការកាន់កាប់​ជាក់ស្តែង​តាម​ប្រវត្តិសាស្ត្រ។

ជុំវិញ​ផែនការ​សាងសង់​មូលដ្ឋានទ័ព​នេះ រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី Ryamizard Ryacuduបានបង្ហាញ​ការគាំទ្រ​ពេញទំហឹង​ព្រោះ​វា​នឹង​ជួយ​ពង្រឹងកម្លាំង​ទ័ព​ឥណ្ឌូនេស៊ី​ដើម្បី​ការពារ​ផលប្រយោជន៍​រដ្ឋ។ លោក​បាន​លួច​បង្ហើប​ថា ទីតាំង​សំខាន់​ដែល​អាច​នឹងត្រូវ​រដ្ឋាភិបាល​ពិចារណា​ដាក់​កងទ័ព​មាន​កោះ Sambas កោះ Kalimantan ខាងលិច, Natuna, កោះ Riau កោះ Tarakan និង កោះ​Kalimantanខាងជើង​ផង។ បច្ចុប្បន្ននេះ​ស្ថាប័ន​ពាក់ព័ន្ធ​កំពុងតែ​ជជែក​ពិភាក្សា​ពី​គម្រោង​ពង្រឹងកម្លាំង​ទ័ព​ឥណ្ឌូនេស៊ី ហើយ​ក្រោយ​ផែនការ​រៀបចំ​រួចរាល់​អស់ គេ​នឹង​បញ្ជូន​បន្តទៅ​ការិយាល័យ​ប្រមុខរដ្ឋ​ដើម្បី​សម្រេច។ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូ​កូ វី​ដូ​ដូ នឹង​សម្រេច​ចុងក្រោយ​ថា​តើ​មូលដ្ឋានទ័ព​នឹងត្រូវ​សាងសង់​នៅទីណា​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ។ បើតាម​មន្ត្រី​យោធា យន្តហោះ​ចម្បាំង នាវា​និង​អា​វុ​ធុន​ធ្ងន់​ផ្សេងទៀត​នឹងត្រូវ​ពង្រាយ​ដើម្បី​ការពារ​បូរណភាព​ដែនដី និង​អធិបតេយ្យ​របស់​ឥណ្ឌូនេស៊ី ករណី​មានការ​រំលោភ​ណាមួយ​កើតឡើង។

ត្រលប់​មកវិញ ជុំវិញ​ការប្រើប្រាស់​ផែនទី​ដែល​គូស​ជា​លក្ខណៈ​ឯកតោភាគី​របស់​ក្រុង​ប៉េកាំង​នោះ បានក្លាយ​ជា​រឿង​ស្មុគស្មាញ​យូរ​មកហើយ។ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូ​កូ វី​ដូ​ដូ បាន​អះអាង​ម្តង​ហើយ​ថា ផែនទី៩ចំណុច​របស់​ចិន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដែល​ចែង​ក្នុង​ច្បាប់​អន្តរជាតិ​ឡើយ ហើយ​ឥណ្ឌូនេស៊ី​ចាំបាច់​ត្រូវការពារ​ដែនដី​របស់​ខ្លួន​ដាច់ខាត។ ផែនទី​ខាងលើ​ត្រូវបាន​គូសឡើង​ក្រោយ​សង្គ្រាមលោកលើកទី២ អំឡុង​ឆ្នាំ ១៩៤៧ ដើម្បី​ទាមទារ​យក​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​កាលនោះ​ចំណុច​សរុប​មាន១២ មិនមែន៩ដូច​ផែនទី​សព្វថ្ងៃ​ដែល​ចិន​កំពុង​ប្រើ​ឡើយ។ ក្រោយ​ប្រកាស​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថ្ងៃ ១តុលា ឆ្នាំ១៩៤៩ មេដឹកនាំ​ចិន ជូន អេ​ន​ឡាយ ចាប់ផ្តើម​កែប្រែ​និង​សើរើ​ផែនទី​មាន​ស្រាប់ ដោយ​ប្តូរ​ចំណុច​មក​ត្រឹម៩ រាង​អក្សរ​អ៊ុយ ឬ​រាង​អណ្តាត​តែម្តងទៅ ហើយ​រដ្ឋាភិបាល​ចិន​បន្តបន្ទាប់​ក៏​នៅ​ប្រើប្រាស់​ផែនទី​ដដែល​នេះ​រហូតមក។ ចិន​ប្រើប្រាស់​ផែនទី​នេះ ដើម្បី​ច្បាម​យក​ដែនទឹក​ជិត ៩០ភាគរយ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល។

២. ឥណ្ឌូនេស៊ី​រក្សា​តុល្យភាព​នៃ​ជំហរ​របស់ខ្លួន​មិន​ឲ្យ​ប៉ះពាល់​ភាគី​ជម្លោះ
គម្រោង​សង់​មូលដ្ឋានទ័ព​របស់​ភាគី​មិន​ជាប់​ជម្លោះ​ដូចជា​ឥណ្ឌូនេស៊ី​ជា​រឿង​ថ្មី​មួយ ហើយ​ការប្រឆាំង​ផែនទី​របស់​ចិន​ក៏​រិត​តែ​ធ្វើ​ឲ្យ​រដ្ឋ​អាស៊ាន​មាន​ជំហរ​កាន់តែ​មាំ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះដែនសមុទ្រ​ជាមួយ​ចិន​ពេលខាងមុខ។ ឥណ្ឌូនេស៊ី​ជា​មេដឹកនាំ​ក្រុម​ប្រទេស​អាស៊ាន​ឬ និយាយ​បែប​សាមញ្ញ​ថា​ជា​បងធំ​នោះ នឹងធ្វើ​ឲ្យ​អាស៊ាន​មាន​ទម្ងន់​ជាង​មុន​ក្នុងការ​តតាំង​ជាមួយ​ចិន​ដោយ​ការដោះស្រាយ​ដោយ​សន្តិវិធី​បន្តទៅ​មុខ​ទៀត។ យ៉ាងណាមិញ រដ្ឋាភិបាល​ក្រុង​ហ្សា​កាតា ព្យាយាម​ដើរ​យ៉ាង​ប្រុងប្រយ័ត្ន​ជុំវិញ​ការអន្តរាគមន​ដោះស្រាយ​ជម្លោះ​ដែនទឹក​ដ៏​រាំ​រ៉ៃ​នេះ​ដោយ​រក្សា​ជំហរ​របស់ខ្លួន​ឲ្យ​មាន​តុល្យភាព។ នេះ​បញ្ជាក់ថា ឥណ្ឌូនេស៊ី​អាច​នឹង​បន្ត​ព្យាយាម​ធ្វើជា​សន្ធាន​ការី​ជួយ​សម្របសម្រួល​ភាគី​ជម្លោះ​ចិន​និង​សមាជិក​អាស៊ាន​ក្នុង​ក្របខណ្ឌ​អាស៊ាន​នៅពេល​ខាងមុខ​ទៀត។

 ឥណ្ឌូនេស៊ី ទោះជា​ចិត្តធំ​សាង​មូលដ្ឋានទ័ព​នៅក្បែរ​កោះ​ឬ​លើ​កោះ​ដែល​ចិន​ទាមទារ​ក៏ដោយ តែ​រដ្ឋាភិបាល​នេះ​ប្រឹងប្រែង​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទំនង​ខ្លួន​ជាមួយ​ក្រុង​ប៉េកាំង និង​រដ្ឋ​អាស៊ាន​ផ្សេងទៀត។ នេះ​ក៏​ព្រោះតែ​ឥណ្ឌូនេស៊ី​មាន​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ល្អប្រសើរ​ជាមួយ​ចិន​ផង។ តែ​យ៉ាងណាក៏ដោយ​បញ្ហា​ប្រយោជន៍​ពាក់ព័ន្ធ​ដែនទឹក​និង​ធនធាន​សមុទ្រ បង្ខំ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ក្រោម​ការដឹកនាំ​របស់លោក វី​ដូ​ដូ ព្រមាន​ចិន​ម្តងម្កាល​ដោយ​បាញ់​កម្ទេច​ទូក​នេសាទ​ចិន​ខុសច្បាប់​ដែល​ចូលមក​នេសាទ​ក្នុង​ដែនទឹក​របស់ខ្លួន។ ចិន​ទាមទារ​ឲ្យ​ឥណ្ឌូនេស៊ី​គោរព​អធិបតេយ្យ​របស់ខ្លួន ខណៈ​ឥណ្ឌូនេស៊ី​ចោទ​អ្នកនេសាទ​ចិន​ថា​បាន​រំលោភ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ខ្លួន​ផង។ លោក វី​ដូ​ដូ អះអាងថា ឥណ្ឌូនេស៊ី​ខាត​លុយរាប់​ពាន់​លាន​រាល់​ឆ្នាំ ព្រោះតែ​ការ​លួច​នេសាទ​ខុសច្បាប់​មកពី​វៀតណាម​និង​ចិន៕


© រក្សាសិទ្ធិដោយ thmeythmey.com