ជាតិ
សង្គមជាតិ
សា​សា ធូរចិត្ត​ក្រោយ​លោក ស ខេង ប្រកាស​ឲ្យ​មន្ត្រី​តាម​ចាប់ខ្លួន​លោក សុខ ប៊ុន
14, Jul 2015 , 4:44 pm        
រូបភាព

កញ្ញា ឯក សុជាតា ហៅ​សា​សា សម្តែង​អារម្មណ៍​សប្បាយចិត្ត និង​អរគុណ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បានប្រកាស​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់​តាម​ចាប់ខ្លួន​លោក សុខ ប៊ុន ដែល​ប្រើ​អំពើហិង្សា​លើក​ញ្ញា មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់។ ការប្រកាស​របស់លោក ស ខេង ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​បញ្ហា​បច្ចុប្បន្នភាព​ព្រំដែន​កម្ពុជា-វៀតណាម នាពេល​ព្រឹក ថ្ងៃនេះ។



ការប្រកាស​របស់លោក ស ខេង ដែល​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​មន្ត្រីនគរបាល​ទាំងអស់​តាម​ចាប់ លោក សុខ ប៊ុន ពិតជា​ធ្វើ​ឲ្យ​កញ្ញា សា​សា ធូរចិត្ត និង​កក់ក្តៅ​យ៉ាងខ្លាំង។ កញ្ញា​សម្តែង​ពី​អារម្មណ៍​ខ្លួន​យ៉ាងនេះ​ថា៖ «ខ្ញុំ​សប្បាយចិត្ត​មែនទែន ពេលដែល​ដឹងថា ឯកឧត្តម ស ខេង ប្រកាស​ឲ្យ​ចាប់ខ្លួន​លោក សុខ ប៊ុន។ ខ្ញុំ​ពិតជា​អរគុណ​គាត់​ខ្លាំងណាស់ ដែល​គាត់​ជួយ​អន្តរាគមន៍។ ពេល​គាត់​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​អីចឹង ធ្វើ​ឲ្យ​ខ្ញុំ និង​ស្ត្រី​ដទៃទៀត​មាន​ទំនុកចិត្ត ចំពោះ​អ​ជ្ញា និង​សមត្ថកិច្ច ហើយក៏​ជាការ​ព្រមាន​កុំ​ឲ្យ​អ្នកមាន​លុយ មានអំណាច​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​លើ​អ្នកទន់ខ្សោយ​ជាង​ខ្លួន»។

ការប្រកាស​របស់​ឧបនាយករដ្ឋមន្ត្រី​រូបនេះ ស្របពេល​ដែល​លោក សុខ ប៊ុន ចេញ​លិខិត​សុំទោស​កញ្ញា សា​សា ជា​សាធារណៈ និង​សងជំងឺចិត្ត ចំនួន ១០ម៉ឺន ដុល្លារ ព្រមទាំង​លាលែង​ចេញពី​ដំណែង​ទាំងអស់។ បើទោះបីជា លោក សុខ ប៊ុន សុំទោស​កញ្ញា​សា​សា ជា​សាធារណៈ និង​សម្តែង​ការសោកស្តាយ​ចំពោះ​ទង្វើ​របស់ខ្លួន យ៉ាងណាក៏ដោយ ក៏​កញ្ញា​សា​សា មិន​ត្រជាក់ចិត្ត​សូម្បីតែ​បន្តិច។

កញ្ញា​បញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗថា៖ «ក្រៅពី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ អ្វី​ក៏​ខ្ញុំ​មិនអាច​ទទួលយក​បានដែ​រ។ បើ​រឿង​លុយ ខាង​ខ្ញុំ​មិន​និយាយ​តែម្តង ទោះជា​ប៉ុនណា​ក៏ដោយ។ អ្វីដែល​ខ្ញុំ​ចង់បាន​ធំ​បំផុត គឺ​សុំ​ឲ្យ​លោក សុខ ប៊ុន ចេញមុខ​មក​ដោះស្រាយ​ជាមួយ​ខ្ញុំ​តាមផ្លូវ​ច្បាប់ មិនត្រូវ​លាក់ខ្លួន​អីចឹង​ទេ»៕




© រក្សាសិទ្ធិដោយ thmeythmey.com