ជាតិ
ហេតុអ្វី UN រក​ផែនទី​កម្ពុជា​មិនទាន់​ឃើញ?
16, Jul 2015 , 8:39 pm        
រូបភាព
អ្នកវិភាគ​នយោបាយ យល់ថា ផែនទី​ដែល​រដ្ឋាភិបាល​បានស្នើ​ខ្ចី​ពី​អង្គការសហប្រជាជាតិ (UN )តែ​មិនទាន់​រកឃើញ​នោះ អាចជា​ហេតុផល​មួយ​ត្រឹមត្រូវ។ តែ​ហេតុផល​រក​មិនឃើញ​នេះ អ្នកវិភាគ​នយោបាយ​យល់ថា អាចមកពី​អង្គការសហប្រជាជាតិ  ខ្វះ​បច្ចេកទេស​ថែរក្សា​ឯកសារ ឬ មកពី​មេដឹកនាំ​ជំនាន់​មុន​មិនបាន​យកទៅដាក់​នៅ​អង្គការសហប្រជាជាតិ។



លោក សុខ ទូច អ្នកវិភាគ​នយោបាយ យល់ថា អង្គការសហប្រជាជាតិ ដែល​មិនទាន់​រកឃើញ​ផែនទី​ប្រគល់​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​បាន​នោះ គឺអាច​មកពី​ការ​កង្វះ​បច្ចេកទេស​នៅក្នុង​ការ​ទុកដាក់​ថែរក្សា​ផែនទី។ លោក សុខ ទូច សង្ស័យថា បើសិនជា​អង្គការសហប្រជាជាតិរ​ក​ផែនទី​កម្ពុជា​មិនឃើញ​នោះ មានន័យថា ប្រហែលជា​មេដឹកនាំ​កម្ពុជា​ជំនាន់​មុន មិនមាន​ឯកសារ​ផែនទី​យកទៅ​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ។ «ទិដ្ឋភាព​នេះ​ខ្ញុំ​យល់ថា​មាន​ចំណុច​មួយចំនួន ទី១ អាច​មេដឹកនាំ​ជំនាន់​មុន ដាក់​ផែនទី​ទៅ​UN ហើយ តែ​ខ្វះ​ការថែរក្សា ដែល​ធ្វើ​ឲ្យ​ចាស់ ឬ បាត់។ ទី២ អាចមកពី​មេដឹកនាំ​ជំនាន់​មិនមាន​ផែនទី​យកទៅ​តម្កល់ទុក​នៅ​UN តែ​ប្រាប់​ប្រជាពលរដ្ឋ​ថា​មាន​ផែនទី​តម្កល់ទុក និង​ទី៣ អាច UN រក​ផែន​ទីនោះ​មិនទាន់​ឃើញ​ពិតមែន»។ នេះ​ជាការ​ពន្យល់​របស់លោក សុខ ទូច។

ដោយឡែក​លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ មានការ​ភ្ញាក់ផ្អើល​ដែរ​នៅពេល​ឮថា​អង្គការសហប្រជាជាតិរ​ក​ផែនទី​កម្ពុជា​មិនទាន់​ឃើញ ខណៈដែល​ស្ថាប័ន​មួយ​នេះ​មាន​ប្រព័ន្ធគ្រប់គ្រង​ត្រឹមត្រូវ។ តែ​យ៉ាងណា លោក​ជឿថា ផែនទី​ដែល​កម្ពុជា​បាន​តម្កល់​នៅ​អង្គការសហប្រជាជាតិ អាច​មិនទាន់​រកឃើញ​នេះ អាចជា​ហេតុផល​មួយ​ត្រឹមត្រូវ​ដែរ ដោយសារ​អង្គការសហប្រជាជាតិ ជា​កន្លែង​តម្កល់ទុក​ឯកសារ​ផែនទី​ពិភពលោក​ទាំងអស់។

ទាក់ទង​នឹង​ផែនទី ដែល​រដ្ឋាភិបាល​ស្នើសុំ​ខ្ចី​ពី​អង្គការសហប្រជាជាតិ​នោះ លោក ហ៊ុន សែន បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី១៦ កក្កដា​នេះ ថា ខាង​ភាគី​អង្គការសហប្រជាជាតិ មិនទាន់​រកឃើញ​ផែនទី​នោះឡើយ។

កាលពី​ថ្ងៃ១៥កក្កដា លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន បាន​សរសេរ​លិខិត​ចំនួន៣ ទៅ​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅ​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស័​រ ហូ​ឡង់ និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីត ខេ​មេ​រ៉ុ​ន ដើម្បី​ស្នើសុំ​ចម្លង​ផែនទី​របស់​កម្ពុជា​ជាមួយ​វៀតណាម ដែល​រដ្ឋាភិបាល​កម្ពុជា​គិតថា​ប្រទេស​មហាអំណាច​ទាំង៣នេះ​រក្សាទុក​ដល់​សព្វថ្ងៃ​នេះ។

ប្រមុខ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បាន​ផ្ញើលិខិត​ចេញទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​ទាំង៣ នេះ ដើម្បី​ស្នើសុំ​ខ្ចី​ផែនទី​ដែល​ប្រទេស​ទាំងអស់​សុទ្ធ​តែមាន​តាំងពីដើម​ទស្សវត្សរ៍​ឆ្នាំ១៩៦០ ដើម្បី​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ខ្នាត ១/១០០ ០០០ ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ហើយ​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​ក្នុងការ​កំណត់ និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

ចំពោះ​លិខិត​ចំនួន៣នេះ អ្នកវិភាគ​លោក សុខ ទូច និង​លោក អ៊ូ វីរៈ យល់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បង្ហាញថា ខ្លួន​មិនបាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ឡើយ ហើយក៏​មិន​នៅ​ស្ងៀម​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែរ។ ហើយ​រដ្ឋាភិបាល​ក៏​ចង់​បញ្ចប់ទំនាស់​ខ្មែរ​និង​ខ្មែរ ដើម្បី​រួបរួមសាមគ្គី​គ្នា​ឡើងវិញ ។ ជាពិសេស​យក​ផែនទី​មក​ផ្ចាញ់​អ្នកចោទ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ៕


© រក្សាសិទ្ធិដោយ thmeythmey.com