ជាតិ
សង្គមជាតិ
កម្ពុជា និងវៀតណាម​ឯកភាព​​ទប់ស្កាត់​​​ឧប្បត្តិហេតុ​​​ហិង្សា​​តាម​​ព្រំដែន​​
17, Jul 2015 , 1:54 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមការងារ​ទ្វេភាគី​កម្ពុជា និងវៀតណាម បាន​ឯកភាពគ្នា​នឹងមិន​ឱ្យមាន​ឧប្បត្តិហេតុហិង្សា​កើតឡើង​ ដូច​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ ការឯកភាព​គ្នា​នេះ ធ្វើឡើង​បន្ទាប់ពី​ភាគី​ទាំងពីរ​ចុះ​ពិនិត្យ នៅ​បង្គោល​ព្រំដែន​លេខ​ ២០២-២០៣ នៅ​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង នៅ​ថ្ងៃទី១៦ កក្កដា​នេះ។



យោងតាម​ការប្រកាស​ល​ទ្ធ​ផល​រួម ក្រុមការងារ​ភាគី​ទាំងពីរ​កម្ពុជា និងវៀតណាមបាន​អះអាងថា គោរព​រាល់​ស​ទ្ធិ​សញ្ញា​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​ហើយ និង​សេចក្តីប្រកាសព័ត៌មានរួម​កម្ពុជា​ និងវៀតណាម ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ព្រមទាំង​ទប់ស្កាត់​ឧប្បត្តិហេតុហិង្សា​កើតឡើង​រវាង​កម្ពុជា-វៀតណាម ដូច​ថ្ងៃទី២៨ ខែមិថុនា។ ការឯកភាព​នេះ ភាគី​កម្ពុជាដឹកនាំ​ដោយ លោក ឡុង វិ​សា​ឡូ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ភាគី​វៀតណាមដឹកនាំ​ដោយ លោក ង្វៀន អា​ញ់​យុង អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​រដ្ឋ នៃ​ក្រសួងការបរទេស​វៀតណាម។

គួរបញ្ជាក់​ផងដែរ នៅ​ថ្ងៃទី១៦ ខែកក្កដា​នេះ កម្ពុជា​ស្នើ​ឲ្យ​វៀតណាម​រក្សា​ភាពស្ងប់ស្ងាត់​តាមព្រំដែន ស្របពេល​កំពុងមាន​ប​ញ្ហា​ដែរ។ មន្ត្រីជាន់ខ្ពស់​នៃ​កងកម្លាំង​ការពារ​ព្រំដែន​ប្រទេសកម្ពុជា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី អគ្គ​ស្នងការរង​នគរបាលជាតិ និង​មេបញ្ជាការកងទ័ព​ការពារ​ព្រំដែន​វៀតណាម លោក វ៉ ត្រុ​ង​វៀត បាន​ឯកភាពគ្នា​នឹង​ខិតខំ​ទប់ស្កាត់ រាល់​អំពើហិង្សា នៅតាម​បន្ទាត់​ព្រំដែន​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ។ ទន្ទឹមគ្នា​នោះ ភាគី​កម្ពុជាបានស្នើ​ឲ្យ​ភាគី​វៀតណាម​បន្ត​ភាព​ស្ងៀមស្ងាត់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន។

គួរកត់សម្គាល់​ដែរ​ថា ការឯកភាព​គ្នា​នេះ ធ្វើឡើង​មុនពេល​ដែល​តំណាងរាស្ត្រ​មកពី​គណបក្សសង្គ្រោះ​ជាតិ លោក រៀល ខេ​ម​រិ​ន្ទ្រ គ្រោង​ដឹកនាំ​ប្រជាជន​ជាង ២ពាន់​នាក់ ចុះទៅពិនិត្យ​បង្គោល​ព្រំដែន​លេខ ២០២-២០៣ នៅ​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង នៅ​ថ្ងៃទី១៩ ខែកក្កដា​នេះ​ម្តងទៀត៕​


© រក្សាសិទ្ធិដោយ thmeythmey.com