ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទីស្តីការគណៈរដ្ឋមន្ត្រី៖ លោក សម រង្ស៊ី មាន​ចេតនា​បន្ថោក​តម្លៃ​អធិបតេយ្យភាព
18, Jul 2015 , 6:30 pm        
រូបភាព
អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ចោទ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​បាន​ទិញ​ផែនទី​កម្ពុជា​ពី​ផ្សារ​នៃ​ប្រទេស​បារាំង​ក្នុងតម្លៃ ១៦៨ ដុល្លារ ថា ជា​ទង្វើ​ដែលមាន​ចេតនា​អាក្រក់​ក្នុងការ​បន្ទាបបន្ថោក បន្ដុះបង្អាប់​នូវ​តម្លៃ​ការងារ​របស់​រដ្ឋាភិបាល​ដែល​បាន​ប្រសូត្រ​ចេញពី​ការបោះឆ្នោត។ការ​ប្រតិ​កម្មនេះ ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ផែនទី​បារាំង មុន​ឆ្នាំ ១៩៥៣ ខ្នាត ១/១០០.០០០ បង្ហាញ​ពី​ព្រំដែន​កម្ពុជា-វៀតណាម ទាំង ២៦ ផ្ទាំង ដែលមាន​ដាក់លក់​នៅ​ប្រទេស​បារាំង ក្នុងតម្លៃ១៦៨ ដុល្លារ​អាមេរិក ។



សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយ​នៅ​ថ្ងៃទី ១៧ ខែ កក្កដា ចាត់ទុក​ទង្វើ​របស់លោក សម រង្ស៊ី​ថា ជាការ​បន្ថោក​តម្លៃ​នៃ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ និង​មាន​ចេតនា​បង្ហាញ​ឲ្យ​ឃើញថា ផែនទី​ដែល​ទិញ​នៅតាម​ផ្សារ​នេះ មានតម្លៃ​ថ្លៃ​ជាង​ផែនទី​ផ្លូវ​ការដែល​រដ្ឋាភិបាល បាននិងកំពុង​ប្រើ និង​ជាង​ផែនទី​ដែល​អាចមាន​រក្សាទុក​នៅ​ប្រទេស​មហាអំណាច​ទាំង៣ទៅទៀត។

ទីស្ដីការគណៈរដ្ឋមន្ត្រី យល់ថា ទង្វើ​ដែលមាន​គ្មាន​ការទទួលខុសត្រូវ​រប​ស់លោក សម រង្ស៊ី គឺអាច​មានតម្លៃ​ស្មើ​ទៅនឹង​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អធិបតេយ្យភាព បូរណភាព​ទឹក​កម្ពុជា។ ទន្ទឹមនឹងនេះ​ទីស្តីការគណៈរដ្ឋមន្ត្រី ស្នើ​ឲ្យ​លោក សម រង្ស៊ី បញ្ឈប់​នូវ​ការយក​ព្រំដែន ក៏ដូចជា​យក​ផែនទី​នៅ​ទីផ្សារ​មក​ធ្វើជា​ល្បែង​នយោបាយ ដើម្បី​បំភ័ន្ត​សាធារណមតិ​ក្នុង​ផលប្រយោជន៍​នយោបាយរ​បស់​ខ្លួន ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​បុក​របសខ្លួន​កាលពី​ថ្ងៃទី១៦ កក្កដា ថា ផែនទី​បារាំង មុន​ឆ្នាំ ១៩៥៣ ខ្នាត ១/១០០.០០០ បង្ហាញ​ពី​ព្រំដែន​កម្ពុជា-វៀតណាម ទាំង ២៦ ផ្ទាំង ដែល​ទាំងអស់គ្នា​ចង់បាន​ពេលនេះ មាន​ដាក់លក់​នៅ​ប្រទេស​បារាំង ក្នុងតម្លៃ ១៥៣,៩១ Euros ស្មើនឹង ១៦៨ ដុល្លារ​អាមេរិក។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទិញ​ផែនទី​ទាំង ២៦ ផ្ទាំង (វិ​ក័យ​ប​ត្រ​ភ្ជាប់​មក​ជាមួយនេះ) យកមក​បង្ហាញ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស។ ច្បាប់ដើម​នៃ​ផែនទី​នេះ មានតែ​មួយច្បាប់​គត់ ដែល​តម្កល់ទុក នៅ​ប្រទេស​បារាំង។ អ្វីដែល​គេ​ដាក់លក់​នោះ គឺជា​ច្បាប់​ចម្លង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ដា​ក់ប​ញ្ជូ​ល​ក្នុង DVD (រូបថត​ភ្ជាប់​មក​ជាមួយនេះ) ដែល​គេ​ធានា​ជា​ផ្លូវការ​ថា ដូច​ច្បាប់ដើម ។

កាលពី​ថ្ងៃ១៥កក្កដា លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន បាន​សរសេរ​លិខិត​ចំនួន៣ ទៅ​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅ​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស័​រ ហូ​ឡង់ និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីត ខេ​មេ​រ៉ុ​ន ដើម្បី​ស្នើសុំ​ផ្ទៀងផ្ទាត់ និង​ចម្លង​ផែនទី​របស់​កម្ពុជា​ជាមួយ​វៀតណាម ដែល​រដ្ឋាភិបាល​កម្ពុជា​គិតថា​ប្រទេស​មហាអំណាច​ទាំង៣នេះ​រក្សាទុក​ដល់​សព្វថ្ងៃ​នេះ ខណៈដែល​អង្គការសហប្រជាជាតិ មិនទាន់​រកឃើញ​ផែនទី​កម្ពុជា ប្រគល់​ឲ្យ​រដ្ឋាភិបាល​ខ្ចី៕






© រក្សាសិទ្ធិដោយ thmeythmey.com