អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា​ត្រៀម​ប្រើ​អំណាច​ការពារ​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​នៅ​សភា មិន​ខ្វល់​ពី​អ៊ីស្រាអែល
20, Jul 2015 , 5:06 pm        
រូបភាព
ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ម្សិលមិញ​នេះ​បញ្ជូន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី  រ៉ង់​ទៅ​ស្ថាប័ន​នីតិបញ្ញត្តិ​ដើម្បី​ផ្តល់​សច្ចាប័ន។ គេ​សង្កេតឃើញថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​អំពាវនាវ​ឲ្យ​សភា​អាមេរិក​ទាត់ចោល​កិច្ចព្រមព្រៀង​នេះ ដោយ​អះអាងថា​វា​នឹង​ជួយ​ឲ្យ​ក្រុង​តេ​ហេ​រ៉ង់​បង្កើន​សកម្មភាព​ភេរវកម្ម​របស់ខ្លួន​ក្នុង​តំបន់។ យ៉ាងណាក៏ដោយ​លោក អូ​បា​ម៉ា បាន​ព្រមាន​ហើយ​ថា លោក​នឹង​ប្រើ​អំណាច​ជំទាស់​របស់លោក​ប្រ ឆាំង រាល់​ចេតនា​ទាត់ចោល​កិច្ចព្រមព្រៀង​នេះ​របស់​សមាជិកសភា​ផង។



សូមស្ដាប់ព័ត៌មានលម្អិត៖



ក្រោយ​មហាអំណាច៦ និង​អ៊ីរ៉ង់ ឯកភាពគ្នា​ទទួលយក​កិច្ចព្រមព្រៀង​មួយ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គេ​មើលឃើញថា អ៊ីរ៉ង់​អាចមាន​លទ្ធភាព​កសាង​ទំនាក់ទំនង​ការទូត នយោបាយ និង​សេដ្ឋកិច្ច​ជាមួយ​ពិភព​ខាងក្រៅ។ អ៊ីរ៉ង់​អាច​រួច​ផុតពី​ទណ្ឌកម្ម និង​អាចមាន​លទ្ធភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​រីកលូតលាស់​ទៅមុខ​រហ័ស។ គេ​ឃើញ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់ Sigmar Gabriel ដឹកនាំ​ក្រុម​ប្រតិភូ​មួយក្រុម ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​តេ​ហេ​រ៉ង់។ វត្តមាន​មន្ត្រីជាន់ខ្ពស់​អាល្លឺម៉ង់ គ្មានអ្វី​ក្រៅពី​ពិភាក្សា​លើ​ចំណង​សេដ្ឋកិច្ចរ​វារ​ដ្ឋ​ទាំងពីរ ត្រៀមលក្ខណៈ​មុន មាន​ការដក​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ចេញ​នាពេលខាងមុខ។

យ៉ាងណាក៏ដោយ បញ្ហា​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​នេះ នៅមាន​រឿងចម្រូងចម្រាស​ច្រើន​ត្រូវ​ដោះស្រាយ ជាពិសេស​ការផ្តល់​សច្ចា​ប័ន​លើ​កិច្ចព្រមព្រៀង​នេះ ដោយ​ស្ថាប័ន​សភា​អាមេរិក​នៅពេល​ខាងមុខ។   លោក​អូ​បា​ម៉ា បាន​បញ្ជូន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​លោក ច​ន ឃឺ​រី ចុះហត្ថលេខា​ទៅ​សភា​ហើយ​កាលពី​ម្សិលមិញ ដើម្បី​ឲ្យ​សមាជិកសភា​ទាំងនោះ បោះឆ្នោត​ផ្តល់​សច្ចាប័ន។ សម្ព័ន្ធមិត្ត​អាមេរិក គឺ​អ៊ីស្រាអែល ដ​ង្ហើ​យ​ឲ្យ​សមាជិកសភា​អាមេរិក​បោះឆ្នោត​ទាត់ចោល​កិច្ចព្រមព្រៀង​នេះ ដើម្បី​បញ្ចៀស​បញ្ហា​ធំ​កើតឡើង។

បើ​ទោះ​មានការ​សាទរ និង​គាំទ្រ​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ច្រើន​ក៏ដោយ អ្នកនយោបាយ​អាមេរិក និង​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​មិនបាន​ត្រេកអរ​ជាមួយ​ឡើយ។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា​កំហុស​ប្រវត្តិសាស្ត្រ​មួយ ហើយ​លោក​ព្រមាន​ថា អ៊ីស្រាអែល​មិន​ទទួលស្គាល់​កិច្ចព្រមព្រៀង​នេះ​ទេ។ កន្លងមក សមាជិកសភា​អាមេរិក មើលឃើញ​ពី​គ្រោះថ្នាក​ធំ​ដែល​នៅពេលដែល​កិច្ចព្រមព្រៀង ផ្ទុយ​ពី​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា។ គ្រោះថ្នាក់​គឺ​ដោយសារ​អ៊ីរ៉ង់​ជា​រដ្ឋ​មហាអំណាច​តំបន់ ដែល​សកម្ម​ក្នុងការ​ជ្រោមជ្រែង​រដ្ឋ​ដែល​ប្រឆាំង​អាមេរិក​ដូចជា​ស៊ី​រី និង​ក្រុម​ប្រដាប់អាវុធ​មួយចំនួន​ដែល​អាមេរិក​ចាត់ទុកជា​ក្រុម​ភេ​វជន (ដូចជា​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន ក្រុម​ហេ​ស្បូ​ឡា​លី​បង់ និង​ក្រុម​ហ៊ូ​ធី​នៅ​យេ​ម៉ែន)។ 

ក្រោយ​មានការ​សម្រេចយក​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ភ្លាម សមាជិក​ព្រឹទ្ធសភា​និង​បេក្ខជន​ប្រធានាធិបតី​លោក Rand Paul បានប្រកាសថា លោក​នឹង​បោះឆ្នោត​ប្រឆាំង​ការផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នាពេលខាងមុខ។ ក្រៅពី​ព្រឹទ្ធសមាជិក​នេះ គេ​ឃើញ​សមាជិកសភា​មកពី​បក្ស​សាធារណៈ​ច្រើន​ផ្សេងទៀត​ត្រៀម​បោះឆ្នោត​ប្រឆាំង​ដែរ។

យ៉ាងណាក៏ដោយ​លោក អូ​បា​ម៉ា បាន​ព្រមាន​ថា លោក​នឹង​ប្រើ​អំណាច​ជំទាស់​ទាត់ចោល​រាល់​ចេតនា​រារាំង​ការ​ឈានទៅ​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​របស់​ក្រុម​សមាជិកសភា។ លោក អូ​បា​ម៉ា ចង់​ដោះស្រាយ​បញ្ហា​នេះ តាំងពី​ពេល​លោក​ឡើងកាន់តំណែង​ដំបូង​ម្ល៉េះ ហើយ​លោក​ជឿជាក់ថា ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​ឲ្យ​កាន់តែ​ស្និទ្ធ មិន​ត្រឹមតែ​សាង​បាន​សន្តិភាព​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ជួយ​ផ្លាស់ប្តូរ​សង្គម​អ៊ីរ៉ង់​ក្នុងពេល​ខាងមុខ​ដូចគ្នា។

សូម​រម្លឹកថា ទំនាក់ទំនង​អាមេរិក​និង​អ៊ីរ៉ង​ប្រេះឆា ក្រោយ​ចលនា​បដិវត្តន៍​ផ្តួល​របបរាជានិយម​នៅ​អ៊ីរ៉ង់​ឆ្នាំ១៩៧៩ និង​ការចាប់​ចំណាប់ខ្មាំង​អាមេរិក​ដោយ​វាយប្រហារ​ស្ថានទូត​អាមេរិក​បន្តបន្ទាប់​គ្នា​ផង។ តាំងពី​ពេលនោះ​មក អ៊ីរ៉ង់​ក្លាយជា​សត្រូវ​ដ៏​ធំ​របស់​រដ្ឋ​អាមេរិក​នៅ​មជ្ឈិមបូព៌ា និង​ជា​គ្រោះថ្នាក់​សម្រាប់​អ៊ីស្រាអែល ដែលជា​សម្ព័ន្ធ​របស់​អា​មេ​រិ​ក៕


© រក្សាសិទ្ធិដោយ thmeythmey.com