ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍​បរាជ័យ​ដោះស្រាយ​រឿង​ការដំឡើងថ្លៃ​សេវា​ពេល​​បុណ្យទាន
21, Jul 2015 , 5:08 pm        
រូបភាព
សៀមរាប៖ ការដំឡើងថ្លៃ​ផ្ទះសំណាក់ សណ្ឋាគារ និង​ម្ហូបអាហារ វា​សឹង​ក្លាយជា​រឿង​សាមញ្ញ​ទៅហើយ​នៅតាម​បណ្តា​ខេត្ត​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា។ ក្នុង​រដូវ​បុណ្យទានម្តងៗ គេ​តែង​ឮ​ការ​រអ៊ូរទាំ​ពី​សំណាក់​ភ្ញៀវទេសចរ ដែល​ពិបាក​រក​កន្លែង​ស្នាក់នៅ និង​ម្ហូប​ឡើងថ្លៃ​កប់​ពពក។ ក្រសួងទេសចរណ៍ ដែល​រ៉ាប់រង​នឹង​បញ្ហា​ខាងដើម​នេះ ជានិច្ចកាល​តែង​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ធ្វើយ៉ាងណា​មិនត្រូវ​ដំឡើង​សេវា​ថ្លៃ​ផ្ទះសំណាក់ សណ្ឋាគារ និង​ម្ហូបអាហារ​ពេល​មានបុណ្យធំៗ ដូចជាពិធីបុណ្យចូលឆ្នាំ និង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជាដើម។ យ៉ាងណាមិញ បញ្ហា​ដដែល​នេះ​នៅតែមាន ហើយ​រាល់​កិច្ចប្រជុំ​តែង​លើកឡើង តែ​ត្រង់​ថា ក្រសួង​មិនទាន់មាន​ចំណាត់ការ​ជាក់លាក់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ។



រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បានទទួល​ស្គាល់​ចំពោះ​ភាពបរាជ័យ​របស់លោក​ក្នុងការ​ទប់ស្កាត់ ការដំឡើងថ្លៃ​សេវាកម្ម​ក្នុង​រដូវ​បុណ្យសំខាន់ម្តងៗ ។ លោក ថោង ខុន បន្ថែមថា លោក​តែងតែ​ណែនាំ​ដល់​ម្ចាស់​សេវាកម្ម​ទាំងអស់ ពិចារណា​ចំពោះ​ការដំឡើងថ្លៃ​ ព្រោះថា​ពួកគេ​នឹងត្រូវបាត់បង់អតិថិជនទំាងនោះនៅពេលក្រោយ។ បើតាម​ការអះអាង​រប​ស់លោក ថោង ខុន បញ្ហា​នេះ​ក៏បាន​រង្គោះរង្គើ​ដល់​កំណើន​ភ្ញៀវទេសចរ​នៅ​កម្ពុជា​ផងដែរ ហើយ​ពួកគេ​អាច​បង្វែរ​ទិសដៅ​ទៅ​ប្រទេស​ដទៃ នៅពេល​មានបុណ្យសំខាន់ៗ ។

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​វិស័យ​ទេសចរណ៍ ជាមួយ​ផ្នែក​ឯកជន​នៅ​សាលាខេត្ត​សៀមរាប​នៅ​ព្រឹក​ថ្ងៃទី២០ កក្កដា លោក ថោង ខុន បាន​ពន្យល់​ដល់​ផ្នែក​ឯកជន ជាពិសេស​មគ្គុទ្ទេសក៍​ទេសចរណ៍ ដែលមាន​ចម្ងល់​ជុំវិញ​បញ្ហា​ខាងលើ​ថា លោក​នឹង​ខិតខំ​បន្ថែម​ដើម្បី​ធ្វើយ៉ាងណា ទប់ស្កាត់​ការដំឡើងថ្លៃ​សេវា​អំឡុងពេល​មាន​ពិធី​បុណ្យទាននេះ។ លោក​រដ្ឋមន្ត្រី​ពន្យល់ថា ក្រៅពី​ការចុះ​អប់រំ ក្នុងនោះ​ដំណោះស្រាយ និង​នយោបាយ​ថ្មីដែលត្រូវអនុវត្តនោះ គឺ​ត្រូវ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​រៀបចំផ្ទះ​ទទួលភ្ញៀវ ដែលមាន​ចំនួន​ច្រើន​ពេល​មានបុណ្យ​ទានម្តងៗ ។

«ធម្មតា​នៅពេល​មានបុណ្យ​ទាន តម្រូវការ និង​ការប្រើប្រាស់ មិន​ស្របគ្នា​ទេ។ ការ​បំផុស​ឲ្យ​ពលរដ្ឋ​ចេះ​រៀបចំផ្ទះ ដើម្បី​ទទួលភ្ញៀវ​ទេសចរ គឺជា​ន​យោ​យ​បាយ​ថ្មី ហើយ​ប្រទេស​ជាច្រើន​ក៏​គេ​បាន​អនុវត្ត​រួចហើយ​ដែរ មាន​ប្រទេស​កូរ៉េខាងត្បូង​ជាដើម...»។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍។

សូម​ស្តាប់​ការពន្យល់​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជុំវិញ​បញ្ហា​ការដំឡើងថ្លៃ​សេវា ក្នុង​រដូវ​បុណ្យសំខាន់ៗ និង​ការខ្វះខាត​ផ្គត់ផ្គង់​ម្ហូបអាហារ​នៅតាម​អាហារ​ដ្ឋា​ន​មួយចំនួន  









© រក្សាសិទ្ធិដោយ thmeythmey.com