ជាតិ
សង្គមជាតិ
និស្សិត​ជាច្រើន​រអ៊ូ​ថា រៀន​ចប់ មិនចេះ​អ្វី​សោះ
15, Aug 2015 , 4:25 pm        
រូបភាព
 
និស្សិត​ជាច្រើន​កំពុងតែ​សួរ​ខ្លួនឯង​ថា តើ​ពួកគេ​ចេះ​អ្វីខ្លះ ក្រោយពី​ពួកគេ​បញ្ចប់​ពី​ថ្នាក់​មហាវិទ្យាល័យ ហើយ​ក្លាយជា​ក្រុម​បញ្ញវន្ត​នោះ? ទាំង​អ្នក​កំពុង​សិក្សា និង​ទាំង​អ្នក​ដែល​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ពួកគេ​បានបង្ហាញ​អារម្មណ៍​ថា ពួកគេ​គ្មាន​ចំណេះដឹង​អ្វី​ពិតប្រាកដ​សោះ។ មូលហេតុ​អ្វី? នៅពេល​សួរ​សំនួរ​នេះ អ្នកខ្លះ​ឆ្លើយថា គ្រូបង្រៀន​ខ្វះ​បច្ចេកទេស​បង្រៀន រីឯ​អ្នក​ខ្លះទៀត ពួកគេ​បាន​ស្តីបន្ទោស​ខ្លួនឯង​ដែល​មិនបាន​ខំប្រឹង​រៀនសូត្រ។


តាំងពី​ចាប់ផ្តើម​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ កញ្ញា ឈួន ចិន្តា មិនបាន​ចាប់អារម្មណ៍​ថា ខ្លួន​មិនបាន​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​នោះឡើយ។ បច្ចុប្បន្ននេះ ចិន្តា ទើបបាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទីផ្សារ​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ហើយ ចិន្តា បាន​ភ្ញាក់ខ្លួន​ថា ចិន្តា មិនបាន​ចេះ​អ្វី​ទាំងអស់។ «ខ្ញុំ​រៀន​មិនចេះ​ទេ​ក្នុង​រយៈពេល៤ឆ្នាំនេះ ហើយ​មិនដឹងថា​ជំនាញ​រៀន​ចប់​នេះ​អាច​យកទៅ​បម្រើ​ការងារ​បាន​ឬ​អត់»? ចិន្តា ពោល​ប្រាប់​ដោយ​មិន​លាក់លៀម​ការ​ខ្មាសអៀន​ឡើយ ហើយក៏​បានប្រកាស​ទទួល​ស្គាល់​កំហុស​ខ្លួនឯង ដែល​មិនបាន​ខិតខំ​រៀនសូត្រ​ក្នុង​រយៈពេល៤ឆ្នាំកន្លងមក។

ថាច់ គឹម​ថា​ញ់ ដែលជា​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ដែល​កំពុង​សិក្សា​មហា​វិទ្យា​អក្សរសាស្ត្រ​ខ្មែរ​ក្នុង​ក្របខណ្ឌ​អាហារូបករណ៍​របស់​ក​ម្ពុ​ជា​នោះ ក៏​ទទួលស្គាល់​កំហុស​ខ្លួនឯង ដែល​មិនបាន​ខិតខំ​រៀនសូត្រ​ដែរ។ មិនមែន​ថា គឹម​ថា​ញ់ ខ្ជិល​ពេក​នោះទេ ប៉ុន្តែ​គឹម​ថា​ញ់ បញ្ជាក់ថា មកពី​ខ្លួន​ត្រូវ​ធ្វើការ​ដើម្បី​រកប្រាក់​ឧបត្ថម្ភ​ការរៀនសូត្រ«ខ្ញុំ​មិនសូវ​បាន​សិក្សា​បន្ថែម ស្រាវជ្រាវ​បន្ថែម ព្រោះ​ក្រោយពី​រៀន​ហើយ​ទៅធ្វើ​ការ ហើយ​ពេលធ្វើ​ការនឿយហត់ ខ្ញុំ​គ្មាន​អារម្មណ៍​រៀន។ ខ្ញុំ​មិនបាន​មើលសៀវភៅ​គ្រប់គ្រាន់»។ នេះ​ជាការ​ពន្យល់​របស់ គឹម​ថា​ញ់។ ប៉ុន្តែ គឹម​ថា​ញ់ ហាក់​នៅមាន​ពេល​សម្រាប់​ការកែប្រែ​ខ្លួន ដោយសារតែ​គឹម​ថា​ញ់ ទើបតែ​នៅ​រៀន​នៅ​ឆ្នាំ​ទី២ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ការមិន​យកចិត្តទុកដាក់​រៀនសូត្រ​របស់​និស្សិត​គឺជា​រឿង​មួយ ប៉ុន្តែ​និស្សិត​មួយចំនួនទៀត​បានដាក់​ការទទួលខុសត្រូវ​ទៅលើ​គ្រូបង្រៀន​វិញ។ ពួកគេ​ស្តីបន្ទោស​ថា គ្រូបង្រៀន​ខ្លះ​មិនមាន​បច្ចេកទេស​បង្រៀន ហើយ​ថា​និស្សិត​ដែល​អាច​ខ្ជិល​បាន ក៏​ដោយសារតែ​គ្រូបង្រៀន​មិន​ដាក់ពិន័យ​តឹងតែង​ដែរ។

យុវជន ខេង វណ្ណ​ដេ​ត ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ផង និង​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ផង​នោះ និយាយ​យ៉ាង​ដូច្នេះ៖«ខ្ញុំ​យល់ថា​គ្រូ​ខ្លះ​បង្រៀន​លឿន​ពេក ឬ​ពន្យល់​លឿន​ពេក។ ហើយ​ពេលខ្លះ​គាត់​បង្រៀន​តា​មសិ​ស្សណា​ពូកែ សិស្ស​ចេះ មិន​តាម​សិស្ស​មិនសូវ​ចេះ​នោះទេ»។ វណ្ណ​ដេ​ត បន្តថា​គ្រូបង្រៀន​ខ្លះ​គិតតែ​បង្រៀន​ខ្លួនឯង ដោយ​មិនបាន​ខ្វល់​ពី​រឿង​សិស្ស​បាន​យល់ ឬ​មិនបាន​យល់​ឡើយ។

កញ្ញា យិន រូ​យ៉ា ជា​សិស្ស​រៀន​ពូកែ​ផ្នែក​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​ម្នាក់​នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប។ ថ្វី​ដ្បិត​រូយ៉ា ទទួលស្គាល់ថា មាន​និស្សិត​ខ្លះ​មិន​យកចិត្តទុកដាក់​រៀនសូត្រ​ដោយ​ខ្លួនឯង​មែន ប៉ុន្តែ​រូយ៉ា​ក៏​កត់សម្គាល់ថា ការដែល​និស្សិត​មិនអាច​រៀន​ចេះ​ចាំ​នោះ ក៏​ដោយសារតែ​គ្រូបង្រៀន​មួយចំនួន​មិន​យកចិត្តទុកដាក់​ក្នុងការ​បង្រៀន​ដែរ។ រូ​យ៉ា រំ​ឮ​ក​យ៉ាង​ដូច្នេះ៖«ពេលខ្លះ​សិស្ស​យកចិត្តទុកដាក់​សិក្សា តែ​បែរជា​គ្រូបង្រៀន​ដូចជា​លេងសើច ពន្យល់​មិន​ច្បាស់ គិតតែ​ដាក់​កិច្ចការ​ឲ្យ​សិស្ស​ធ្វើ​ទៅវិញ ដោយសារតែ​ពួកគាត់​រវល់​បង្រៀន២ ឬ៣សាកលវិទ្យាល័យ»។

និស្សិត​រៀន​មិនចេះ គឺ​មកពី​ការសិក្សា​ថ្នាក់​នៅក្រោម​ខ្សោយ។ នេះ​ជា​យោបល់​របស់លោក សុខ ទូច ដែលជា​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យា​ខេមរៈ ដែល​បន្ត​លើកឡើងថា កម្រិត​នៃ​ការអាន​នៅ​ទាប កង្វះ​បណ្ណាល័យ សៀវភៅ​ជា​ភាសារ​បរទេស​មាន​ច្រើន​ជា​សៀវភៅ​ភាសា​ខ្មែរ ជាដើម ទាំងអស់​នេះហើយ ដែល​សម្រាប់​លោក សុខ ទូច វា​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ចំណេះដឹង​សិស្ស​ខ្សោយ នៅ​កម្រិតសិក្សា​មុន​ថ្នាក់​មហាវិទ្យាល័យ។ លោក សុខ ទូច ពន្យល់ថា៖«នៅពេល​យើង​បន្តឹង​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ខណៈដែល​កម្រិត​ចំណេះដឹង​និស្សិត​នៅ​ទាប​នោះ សិស្ស​ចាប់ផ្ដើម​ធុញថប់ រៀន​អត់​ចេះ។ សិស្ស​មិនដែល​មិន​ទម្លាប់​អាន​សៀវភៅ​ដល់ពេល​គ្រូ​ចាប់ផ្ដើម​ឲ្យ​ខំប្រឹង​អាន​សៀវភៅ ពួកគេ​ចាប់ផ្ដើម​ធុញ​នឹង​ការអាន។ សិស្ស​ខ្លះ​មានតែ​ទ្រឹស្ដី​ខ្វះ​ការអនុវត្ត»។

ក្រៅពី​បញ្ហា​និស្សិត និង​គ្រូបង្រៀន មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​លោក រស់ សា​លីន ក៏​សង្ស័យ​ទៅលើ​កម្មវិធីសិក្សា ឬ​ប្រព័ន្ធ​អប់រំ​ខ្លះ​ដែរ។ ហេតុដូច្នេះ​ហើយ​បានជា​អ្នកនាំពាក្យ​ក្រសួង​អប់រំ​រូបនេះ​ប្រាប់​ឲ្យ​ដឹងថា ក្រសួង​អប់រំ នឹង​ចុះ​ត្រួតពិនិត្យ នៅតាម​គ្រឹះស្ថាន​អប់រំ​ទាំងអស់​នៅ​ទូទាំងប្រទេស ចាប់ពី​ខែកក្កដា ដល់​ចុងឆ្នាំ២០១៥ ដើម្បី​ប្រមូល​ព័ត៌មាន​ស្ដីពី​គុណភាព​អប់រំ នៅតាម​គ្រឹះស្ថាន​ទាំងនោះ។ គម្រោង​នេះ​ស្ថិតនៅក្នុង​យុទ្ធនាការ នៃ​វាយតម្លៃ និង​ការពង្រឹង​គុណភាព​អប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​ឆ្នាំ២០១៦ខាងមុខ។

លោក រស់ សា​លីន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«បច្ចុប្បន្ននេះ​យើង​កំពុង​រៀបចំ​សកម្ម​ភាពចុះ​ប្រមូល​ព័ត៌មាន​ពី​គ្រឹះស្ថាន​ចំនួន១១ជាមុនសិន។ក្រុមការងារ​ប្រមូល​ព័ត៌មាន​រួមមាន មន្ត្រី​ក្រសួង​អប់រំ ក្រុមប្រឹក្សា​ក្រសួង​អប់រំ នាយកដ្ឋាន​ក្រសួង​អប់រំ ដែល​ត្រូវ​ត្រួតពិនិត្យ និង​ពិភាក្សា​ជាមួយ​សាកលវិទ្យាធិការ អំពី​កម្មវិធីសិក្សា សា្ថ​ន​ភាពជាក់ស្ដែង ដើម្បី​ពង្រឹង​ស្ដង់ដារ​ជំនាញ ពង្រឹង​ផ្ដោតលើ​គុណភាព​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ឆ្នាំ២០១៦»។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​នេះ​ក៏​ជំរុញ​ឲ្យ​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ទាំងអស់ ចាប់ផ្ដើម​ពង្រឹងគុណភាព​អប់រំ​ក្នុង​កម្មវិធីសិក្សា​របស់​ខ្លួន​ចាប់ពីពេលនេះ​ដែរ៕



Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com