ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ថា ស្ថានការណ៍​នយោបាយ​ល្អ ខណៈ​សកម្មជន​បក្ស​ខ្លួន១១នាក់​ជាប់ពន្ធនាគារ
22, Jul 2015 , 12:39 pm        
រូបភាព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី មានប្រសាសន៍ថា ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា មាន​ភាពល្អប្រសើរ​ជាង​មុន គួរ​ឲ្យ​កត់សម្គាល់ ខណៈដែល​ថ្ងៃទី២២ កក្កដា​នេះ គឺជា​ខួប១ឆ្នាំ នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។



លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន​ថា ទោះជា​នៅមាន​បញ្ហា​ជាច្រើន​ទៀត ដែល​គណបក្ស​ទាំងពីរ​មិនទាន់​ឯកភាពគ្នា​នៅឡើយ និង​ទោះ​ជាមាន​ព្យុះភ្លៀង​និង​ផ្គរ​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ខិតខំ​រក្សា និង​ពង្រឹង​វប្បធម៌​សន្ទនា ដែល​បានកើត​ចេញពី​កិច្ចព្រមព្រៀង​ខាងលើនេះ។ លោក សម រង្ស៊ី ដែល​នៅតែ​បញ្ជាក់​ពី​ជំហរ​របស់ខ្លួន​នៅក្នុង​ការថែរក្សា​វប្បធម៌​សន្ទនា ដែល​បង្កើតឡើង​ដោយ​រូបលោក និង​លោក ហ៊ុន សែន នោះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖« ថ្ងៃនេះ ជា​ខួប​ទីមួយ​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​ដំណោះស្រាយ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១។ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា មាន​ភាពល្អប្រសើរ​ជាង​មុន គួរ​ឲ្យ​កត់សម្គាល់»។

ការកត់សម្គាល់​របស់​លោក សម រង្ស៊ី ជុំវិញ​ស្ថានការណ៍​នយោបាយ​រយៈពេល១ឆ្នាំ នៃ​កិច្ចព្រមព្រៀង​នយោបាយ​នេះ ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​តុលាការ​ក្រុងភ្នំពេញ​បានសម្រេច​សាលក្រម សំណុំរឿង​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១០រូប​ទៀត ឲ្យ​ជាប់ពន្ធនាគារ ៧ឆ្នាំ ទៅ២០ឆ្នាំ  ពី​ពីបទ «ដឹកនាំ​កូប​កម្ម និង​អំពើ​ចូលរួម​ក្នុង​អំពើ​កូប​កម្ម» ពាក់ព័ន្ធ​នឹង​ករណី​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា នៅក្បែរ​ស្ពាន​នាគ កាលពី​ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ ។

ការសម្រេច​សាលក្រម​របស់​តុលាការ​នេះ ត្រូវបាន​សង្គម​ស៊ីវិល​យល់ថា ជា​រឿង​ពាក់ព័ន្ធ​បញ្ហានយោបាយ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សើរើ​រឿង​ព្រំដែន​ឡើងវិញ៕


Tag:
 លោក សម រង្ស៊ី
 ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com