ជាតិ
សង្គមជាតិ
សមាគម​ចុងភៅ​មិន​បោះបង់​មហិច្ឆតា​ចង់​ធ្វើ​អា​មុកយក្ស​ទម្ងន់​មួយ​តោន
23, Jul 2015 , 8:47 am        
រូបភាព
សៀមរាប៖ អា​មុកយក្ស​ដែលមាន​ទម្ងន់​មួយ​តោន គ្រោង​នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៦ខាងមុខ​នេះហើយ។ សមាគម​ចុងភៅ​កម្ពុជា ដែល​គេ​ស្គាល់​ថា បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​កម្ពុជា ដែល​បានធ្វើ​នំអន្សម​យក្ស​ទម្ងន់​ជាង៤ពាន់​គីឡូក្រាម​នោះ មាន​មហិច្ឆតា​ធ្វើ​អា​មុក​ទម្ងន់​មួយ​តោន ក្នុង​បំណង​យក​ប្រភេទ​ម្ហូប​ខ្មែរ បង្ហាញ​ដល់​អន្តរជាតិ​បាន​ស្គាល់។



«ប្រសិន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៦នៅតែ​បន្តធ្វើ តាម​គោលបំណង​របស់​យើង គឺ​ធ្វើ​អា​មុកយក្ស​ទម្ងន់​មួយ​តោន​ម្តង»។ នេះ​ជាការ​លើកឡើង​របស់លោក ឡង់ បូរ៉ា អនុប្រធាន​សមា​គ​មចុ​ង​ភៅ​កម្ពុជា។ ក្នុង​ពិធី​ទទួល​បណ្ណ​សរសើរ​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ផលិត​នំអន្សម​យក្ស​ឲ្យ​អន្តរជាតិ​បាន​ស្គាល់ ដោយ​ធ្វើ​ឲ្យ​នំអន្សម​ទម្ងន់​ជាង៤ពាន់ ចូលទៅក្នុង​កំណត់ត្រា​សៀវភៅ ហ្គី​ណេ​ស កាលពីថ្ងៃទី២០ កក្កដា លោក បូរ៉ា បញ្ជាក់ថា សមាគម​ចុងភៅ​របស់​លោក មាន​គម្រោង​រួចជាស្រេច រាល់​ការរៀបចំ​ធ្វើ​អា​មុកយក្ស។

បើទោះជា​មាន​មហិច្ឆតា​យ៉ាង​មុតមាំ​យ៉ាងណាក្តី តែ​រាល់​ការចំណាយ និង​ធនធាន​ឧបត្ថម្ភ​ដើម្បី​ធ្វើ​អា​មុក អនុប្រធាន​សមា​គ​មចុ​ង​ភៅ លោក បូរ៉ា មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ។ លោក​ពន្យល់ថា៖« យើង​មិនទាន់​សិក្សា​ឲ្យ​លម្អិត​ថា​អស់​ប៉ុន្មាន​ទេ។ ក្នុងនោះ​ត្រូវ​ចំណាយ​លើ​ការធ្វើ​ពុម្ព សាច់​ត្រី​ដែល​យើង​គ្រោង​ចំណាយ​អស់ ៧០០គីឡូ ផ្សិត ស្លឹក​ញ៉ និង​គ្រឿងផ្សំផ្សេងៗទៀត សរុប​ទាំងអស់ សាច់​អា​មុក​អាចមាន​ទម្ងន់​ប្រហាក់ប្រហែល​មួយ​តោន»។

លោក ឡង់ បូរ៉ា ពន្យល់​ពី​មូល​ហេតុដែល​ធ្វើ​ឲ្យ​សមាគម​ចុងភៅ​របស់លោក​ធ្វើ​អា​មុកយក្ស​នេះ​ថា៖« យើង​ចង់យក​ផ្នែក​ម្ហូប​ចូលរួម (សៀវភៅ​ហ្គី​ណេ​ស) ម្តង ព្រោះថា​ផ្នែក​នំ​យើង​បាន​ចូលរួម​រួចហើយ។ គោលបំណង​សំខាន់ គឺ​ចង់យក​ប្រភេទ​ម្ហូប​ខ្មែរ បង្ហាញ​ឲ្យ​អន្តរជាតិ​ស្គាល់​បាន​កាន់តែច្រើន»។ អា​មុកយក្ស​ទម្ងន់​មួយ​តោន ដែល​សមាគម​ចុងភៅ​គ្រោង​ធ្វើ​នៅ​ឆ្នាំ​ក្រោយនេះ អាច​និយាយបានថា គ្រាន់តែ​ជាការ​សាកល្បង​តែប៉ុណ្ណោះ។ ប្រសិនបើ​បាន​ជោគជ័យ​ក្នុង​ការផលិត សមាគម​ចុងភៅ​គ្រោង​នឹង​ស្នើសុំ​យក​អា​មុកយក្ស ចុះទៅ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records ផងដែរ។

គួរ​បញ្ជាក់ថា សមាគម​ចុងភៅ​កម្ពុជា បានប្រកាសភ្លាមៗក្រោយ​ទទួលបាន​ជោគជ័យ​ក្នុង​ការធ្វើ​នំអន្សម​យក្ស​ទម្ងន់ ៤០៤០គីឡូ នៅ​ទី​លានជល់ដំរី ខេត្តសៀមរាប ថា​ខ្លួន​នឹងធ្វើ​អា​មុកយក្ស ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៦ខាងមុខ៕


© រក្សាសិទ្ធិដោយ thmeythmey.com