អន្តរជាតិ
សន្តិសុខ​ឧបទ្វីប​កូរ៉េ​កាន់តែ​ផុយស្រួយ ខណៈ​កូរ៉េខាងជើង​ត្រៀមបាញ់មី​ស៊ី​លចម្ងាយ​​ឆ្ងាយ​ជាថ្មី
23, Jul 2015 , 11:39 am        
រូបភាព
ដោយ:
ទោះបី​ប្រទេស​កំពុងតែ​ស្ថិតនៅក្រោម​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ក៏ដោយ រដ្ឋាភិបាល​កូរ៉េខាងជើង​នៅតែ​បន្ត​មហិច្ឆតា​របស់ខ្លួន​ក្នុងការ​បង្កើន​សមត្ថភាព និង​ផលិត​សព្វាវុធ​ទំនើប។ ស្របពេល​ខួប​លើក​ទី៧០ នៃ​ការបង្កើត​ប្រទេស​ជិត​មកដល់​នោះ រដ្ឋាភិបាល​កូរ៉េខាងជើង បាន​សាងសង់​មូលដ្ឋាន​មី​ស៊ី​ល​ថ្មី​ដែលមាន​ឥទ្ធិពល​ខ្លាំង និង អាច​បាញ់​បាន​ចម្ងាយ​ឆ្ញា​យ​ជាង​មុន​ដែរ។ គេ​រំពឹងថា គេ​អាច​បាញ់​មី​ស៊ី​ល​បាន​នៅក្នុង​ថ្ងៃ​គំរប់​ខួប​ខាងមុខ​នេះដែរ។



រដ្ឋាភិបាល​ក្រុង​ព្យ៉ុ​ង​យ៉ាង បាន​សាងសង់​មូលដ្ឋាន​សម្រាប់​បាញ់​មី​ស៊ី​ល​ថ្មី​ដែលមាន​សមត្ថភាព​ខ្ពស់​និង អាច​បាញ់​បាន​ចម្ងាយ​កាន់តែ​ឆ្ញា​យ​ជាង​មុន​ទៀត។ ការសាងសង់​នេះ ទំនងជា​ត្រៀម​សម្រាប់​បាញ់​មី​ស៊ី​ល នៅក្នុង​ថ្ងៃ​ខួប​រំលឹក​នៃ​ការកកើតឡើង​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ផងដែរ។ នេះ​បើ​យោងតាម​ភា្ន​ក់​ងារ​សារពត៌មាន​កូរ៉េខាងត្បូង Yonhap ។

មូលដ្ឋាន​មី​ស៊ី​ល​ដែលមាន​កម្ពស់​ប្រមាណ៦៧ម៉ែត្រ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បាញ់​កាំជ្រួច​មី​ស៊ី​ល​ថ្មី ពិត​ជាមាន​ឥទ្ធិពល​ខ្លាំង និង អាច​បាញ់​ចេញទៅ​លំហ​កាន់តែ​ខ្ពស់ ដើម្បី​ជាការ​សាទរ​នៃ​ខួប​លើក​ទី៧០ នៃ​ការបង្កើត​គណបក្ស​កម្ម​ករ។ ថ្វី​ត្បិត​ព័ត៌មាន​នេះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ច្បាស់​ក៏ដោយ លទ្ធភាព​នៃ​ការ​អាច​កើតឡើង​គឺមាន​ច្រើន ព្រោះ​តាម​ទម្លាប់​កូរ៉េខាងជើង​មិន​ងាយ​ជូនដំណឹង​ឬ ផ្សាយ​ពី​ការបាញ់​មី​ស៊ី​ល​របស់ខ្លួន​ជាមុន​ឡើយ ។

ជាក់ស្តែង​កាលពី​ឆ្នាំ ២០១២ កូរ៉េខាងជើង បានធ្វើ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយសារតែ​ការ​មី​ស៊ី​ល​ទៅក្នុង​លំហ​ម្តង​រួចហើយ។ លើសពីនេះទៅទៀត​កូរ៉េខាងជើង ក៏​សម្រេចបាន​មី​ស៊ី​ល​យុទ្ធសាស្ត្រ​ដែល​អាច​បាញ់​ចេញពី​នាវាមុជទឹក​ផងដែរ​កន្លងមក។ សកម្មភាព​ផលិត​អាវុធទំនើបៗទាំងនេះ សុទ្ធសឹងតែ​ធ្វើឡើង​ដោយ​សម្ងាត់ និង មិនមាន​ជូនដំណឹង​មុន​ឡើយ។

យ៉ាងណាក៏ដោយ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ព្យ៉ុ​ង​យ៉ាង ពិតជា​បាញ់​មី​ស៊ី​ល​មែន​នោះ សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​ដែល​កំពុង​តានតឹង​ស្រាប់​នោះ នឹងត្រូវ​ស្ថិតក្រោម​ការគំរាមកំហែង​ខ្លាំង។ ជាពិសេស​នោះ កូរ៉េខាងជើង អាចនឹងទទួល​រង​នូវ​ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត បន្ថែម​លើ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​ដែលមាន​ស្រាប់​នោះ ព្រោះតែ​ការបន្ត​សកម្មភាព​ផលិត​អាវុធ​ប្រល័យ​លោក​របស់ខ្លួន៕


Tag:
 កូរ៉េខាងជើង
  មី​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com