ជាតិ
សង្គមជាតិ
ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី NGO ដោយគ្មាន​កែ​ប្រែ​ចំណុច​ណា​ឡើយ​
24, Jul 2015 , 12:27 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៤៤រូប បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) ជា​ឯកច្ឆន្ទ​ក្នុង​សំ​ឡង ៤៤/ ៤៤ ដោយ​ពុំមាន​ការកែសម្រួលខ្លឹមសារ​អ្វី​ទាំងអស់ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​លើក​ទី៧ នីតិកាល​ទី៣ នៅ​ថ្ងៃទី២៤ ខែកក្កដា។ ស្របពេល​ការអនុម័ត​នេះដែរ តំណាង NGO ព្រះសង្ឃ សកម្មជន​សិទ្ធិ និង​ដីធ្លី​ជាង ២០០អង្គ​នាក់ បានមក​ប្រមូល​ផ្តុំគ្នា នៅខាងមុខ​ព្រឹទ្ធសភា ទាមទារ​ឲ្យ​ច្រានចោល​ការពិនិត្យ​ពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តីពី NGO ដែល​ពួកគេ​ចាត់​ថា ជាការ​រឹតត្បិត​សិទ្ធិ​សេរី​ភា​បញ្ចេញមតិ នៃ​ដំណើការ​ការងារ​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល។



សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស CPP ចំនួន ៤៤នាក់ អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ឯកច្ឆន្ទ ទោះបីជា​តំណាង NGO ទាំង​ជាតិ និង​អន្តរជាតិ ព្រមទាំង​សកម្មជន​ដីធ្លី និង​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​ពន្យា​ការអនុម័ត និង​បន្ត​ពិនិត្យ​ក៏ដោយ។ ការអនុម័ត​ដោយ​ការលើកដៃ​បោះឆ្នោត​ជា​កញ្ចប់ ត្រូវបាន​រៀបចំឡើង​ភ្លាម បន្ទាប់​ពីបទ​អន្តរាគមន៍​លើសេចក្តីថ្លែងហេតុ​បញ្ជាក់​ពី​ហេតុផល និង​គោលបំណង នៃ​ការធ្វើ​ច្បាប់ពីសមាជិក​ព្រឹទ្ធសភា​ចំនួន ៨នាក់ អស់​រយៈពេល​ជាង ៨ម៉ោង ក្រោម​វត្តមាន​ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ។ ស្របពេល​ដែរ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្សប្រឆាំង​ទាំង ១១នាក់ ធ្វើពហិកា ក្នុងការ​អនុម័ត។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង និយាយថា ព្រឹទ្ធសភា​មិនបាន​កែសម្រួល ខ្លឹមសារ​ក្នុង​សេចក្តី ព្រាង​ច្បាប់​ស្តីពី NGO ទេ ពោលគឺ ព្រឹទ្ធសភា ទទួល​ខ្លឹមសារ​ទាំងស្រុង ដូច​អ្វីដែល រដ្ឋសភា បានអនុម័ត កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នា​សម័យប្រជុំ  រដ្ឋសភា​លើក​ទី៤ នីតិកាល​ទី៥ កន្លងទៅ។ ជាមួយគ្នានេះ អ្នកនាំពាក្យ​រូប អះអាងថា៖«សេចក្តី​​ព្រាង​​ច្បាប់​ស្តីពី NGOនេះ គឺ​ចែង​ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែលជា​ច្បាប់​កំពុង​អនុវត្ត​ក្នុងប្រទេស​ប្រជាធិបតេយ្យ​»។

ជាមួយគ្នានេះ លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ការពារ​ថា សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា​ការពារ​សិទ្ធិសេរីភាព ក្នុងការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ប្រទេស​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់ NGO។ លោក​បន្តថា ច្បាប់​នេះ នឹង ការពារ​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ក្នុង​ភាពជា​ដៃគូ​រវាង NGO ជាមួយនឹង​អាជ្ញាធរ​សាធារណៈ ក្នុង​គោលដៅ​អភិវឌ្ឍ​សង្គម។

បើតាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បន្ទាប់ពី​ព្រឹទ្ធសភា​អនុម័ត​រួច សេចក្តីព្រាងច្បាប់​នេះ នឹងដាក់​ថ្វាយ​ជូន​ព្រះមហាក្សត្រ ដើម្បី​ទ្រង់​ឡាយ​ព្រះ​ហត្ថលេខា ដាក់ចូល​ជា​ធរមាន។ តែ​យ៉ាងណា អ្នកនាំពាក្យ មិនអាច​បញ្ជាក់​ពី​កាលបរិច្ឆេទ​ចូល​ជាធរ​មាននៃ​ច្បាប់​នេះ​ទេ។

សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល តាក់តែង​ឡើងជា​លាយលក្ខណ៍​អក្សរ មាន៩ជំពូក និង៣៩មាត្រា។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រដ្ឋសភា​អនុម័ត​ចំនួន ៦៨/៦៨សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា៕


Tag:
 LANGO
  ព្រឹទ្ធសភា
 NGO
© រក្សាសិទ្ធិដោយ thmeythmey.com