យុវជន ហុង សុធន ចោល​ជំនាញ​បរិស្ថាន ទៅ​បន្ត​ការសិក្សា​ជំនាញ​ឆ្មប​នៅ​ប្រទេស​ថៃ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន ហុង សុធន ចោល​ជំនាញ​បរិស្ថាន ទៅ​បន្ត​ការសិក្សា​ជំនាញ​ឆ្មប​នៅ​ប្រទេស​ថៃ
24, Jul 2015 , 3:42 pm        
រូបភាព
ដោយ:
ក្នុង​វ័យ ២៣ឆ្នាំ ហុង សុធន ជា​និស្សិត​អាហារូបករណ៍​ម្ចាស់​ក្សត្រិយ៍​សុ​រិ​ន​ថន​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល ថ្នាក់​បរិញ្ញាបត្រ ជំនាញ​គិលានុប្បដ្ឋាក និង​ឆ្មប នៃ​សាកលវិទ្យាល័យ​ប៊ូរ​ផា នៅ​ប្រទេស​ថៃ។មូលហេតុ យុវជន សុធន សិក្សា​ជំនាញ​ឆ្មប ដែលជា​ជំនាញ​មួយ​សម្រាប់​នារី​ភាគច្រើន​នោះ និស្សិត​ឆ្នាំ​ទី៣ រូបនេះ និយាយថា​លោក​ចង់​លុបបំបាត់​ផ្នត់គំនិត​ទុទិដ្ឋិនិយម​ខ្មែរ​មួយចំនួន ដែល​តែងតែ​គិតថា «ឆ្មប»ភាគច្រើន ជានា​រី ។ លោក​ថា «យេនឌ័រ» មិន​គិតថា ជា​ឆ្មប​បុរស ឬ​នារី​ទេ គឺ​ឲ្យ​តែមាន​ចំណេះដឹង និង​សមត្ថភាព​ច្បាស់លាស់ ដើម្បី​ពិនិត្យ​ព្យាបាល និង​ថែទាំ​អ្នកជំងឺ។



មាន​ដើមកំណើត​ក្នុង​ខេត្តព្រៃវែង ហុង សុធន មិន​រារែក​នឹងដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ទៅ​បន្ត​សិក្សា​កម្រិត​ឧ​ត្ត​មសិ​ក្សា​នៅ​បរទេស​នោះឡើយ បន្ទាប់ពី​លោក​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប)និទ្ទេស B ពិន្ទុ ៩៩.៩ ក្នុង​ឆ្នាំ ២០១១។ ទោះជា​លោក​ទទួលបាន​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​បរិស្ថាន ពី​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ (RUPP) មួយ​រួចហើយ​ក៏ដោយ ក៏​លោក​នៅតែ​បន្ត​ព្យាយាម​ដាក់​ប្រឡង​ទៅ ប្រទេស​ថៃ​ថែមទៀត ដោយសារ​លោក​ចង់ដឹង​ពី​ប្រព័ន្ធ​អប់រំ​របស់​បរទេស។

 បំណងប្រាថ្នា របស់​យុវជន សុធន បានសម្រេច​នៅក្នុង ឆ្នាំ ២០១២ ដោយ​អតីត​សិស្ស​ពូកែ រូបវិទ្យា​រូបនេះ បានទទួល​អាហារូបករណ៍​ម្ចាស់​ក្សត្រិយ៍​សុ​រិ​ន​ថន​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល ថ្នាក់​បរិញ្ញាបត្រ នៅ​សាកលវិទ្យាល័យ​ប៊ូរ​ផា ប្រទេស​ថៃ។
យុវជន សុធន បាន និង​កំពុង​សិក្សា​ជំនាញ«ពេទ្យឆ្មប» ដែលជា​ជំនាញ​មួយ ដែល​លោក​គិត អាចជួយ​ពិនិត្យ​ព្យាបាល និង​ថែទាំ​អ្នកជំងឺ​ស្ត្រី​បានល្អ​ប្រសើរ​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​និយាយថា មូលហេតុ​ដែល​លោក​ចាប់យក​ជំនាញ​នេះ ព្រោះ​លោក​ចង់​ផ្លាស់ប្តូរ​ផ្នត់ គំនិត​ខ្មែរ​មួយចំនួន ដែល​តែងតែ​គិតថា ឆ្មប ភាគច្រើន ត្រូវតែ​ជានា​រី។

សុធន និយាយថា៖ «មនុស្ស​មួយចំនួន​តែងតែ​គិ​ថា «ឆ្មប» ត្រូវតែ​ជានា​រី តែ​ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ ព្រោះ យេន​ឌ័​រ មិន​ថា​បុរស ឬ​នារី​ទេ គឺអាច​រៀន​ទាំងអស់។ ឆ្មប​មាន​តាម​ជំនាញនីមួយៗ ជំនាញ​ពិនិត្យ​ថែទាំ​មុនពេល​សម្រាល ជំនាញ​សម្រាល​ទារក ជំនាញ​ក្រោយពេល​សម្រាល ជាដើម តែ​ឆ្មប​មិនមាន​សិទ្ធិ​វះកាត់​ធំ ដូច​វេជ្ជបណ្ឌិត​ទេ»។ នេះ​ជាការ​បញ្ជាក់​របស់លោក សុធន។

យុវជន​និយាយថា ឆ្មប ត្រូវតែមាន​ចំណេះដឹង ជំនាញ​សមត្ថភាព​ខ្ពស់ ដើម្បី​ថែទាំ​អ្នកជំងឺ ដូចនេះ​លោក​ថា មិនចាំបាច់​តែ​បុរស ឬ​នារី នោះទេ ដែល​អាច​ធ្វើបាន។

ឆ្លងតាម​បទពិសោធន៍​សិក្សា​នៅ​ប្រទេស​ថៃ​ជាង ៣ឆ្នាំ កន្លងមក អតីត​សិស្ស​ពូកែ​រូបវិទ្យា រូបនេះ និយាយថា និស្សិត​ថៃ​ភាគច្រើន ទទួលបាន​ការបណ្តុះ បណ្តាល​ទាំង​ផ្នែក​ទ្រី​ស្តី និង​ទាំង​ការអនុវត្តន៍​ផ្ទាល់ ស្ទើ​រាល់​ជំនាញ​ទាំងអស់​ក្នុង​គ្រឹះស្ថាន សិក្សា​របស់​រដ្ឋ​ថៃ។ ការសិក្សា​បែបនេះ សុធន អាច​ទទួលបាន​ចំណេះដឹង​ទូលាយ ជាជាង ការសិក្សា​តែ​ក្នុង​ទ្រី​ស្តី ដោយ​ពុំមាន​ការអនុវត្ត​ផ្ទាល់។

យុវជន​សម្បុរ​ស្រអែម​រូបនេះ និយាយថា លោក​អាច​ស្គាល់​ពី​ប្រព័ន្ធ​សិក្សា​នៅក្នុង​ប្រទេស កម្ពុជា​គ្រប់គ្រាន់ ឆ្លង​រយៈ​ការសិក្សា​ជាង ១២ឆ្នាំកន្លងមក ដោយឡែក​លោក​ពុំ​ដឹង​ការសិក្សា នៅ​បរទេស​ឡើយ ដូច្នេះ​ទើប​លោក​ព្យាយាម​ប្រឡង​យក​អាហា​រូបរ​កណ៍បរ​ទេស​ដោយ​សារ លោក​ចង់ដឹង ចង់​ស្គា​ល់ពី​ការ​វប្បធម៌ និង​ប្រព័ន្ធ​គុណភាព​អប់រំ​របស់គេ។

ជា​និស្សិត​ម្នាក់​មិន​ធ្លាប់មាន​បទពិសោធន៍​សិក្សា​នៅក្រៅ​ប្រទេស រួមទាំង​ថៃ​ផង​នោះ សុធន ចាត់ទុកថា បរិយាកាស​សិក្សា​នៅក្រៅ​ប្រទេស គឺ​ប្លែក​ពី​ប្រទេស​កម្ពុជា​ស្ទើ​តែ​ទាំងអស់ សម្រាប់​រូបលោក។សុធន ប្រាប់​ពីបទ​ពិសោធន៍ថ្មីៗ អំឡុងពេល​សិក្សា​ក្នុង​គ្រឹះស្ថាន​ឧ​ត្ត​ម សិក្សា​របស់​ថៃ​ថា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ​របស់​ថៃ គឺ​គេ​តម្រូវ​ឲ្យ​និស្សិត​ទាំង​ជាតិ និង​អន្តរជាតិ ស្នាក់នៅ និង​សិក្សា​នៅក្នុង​សាលា​ផ្ទាល់​តែម្តង ពោលគឺ​សាលា​មាន​កន្លែង​ឲ្យ និស្សិត​ទាំងស្រី ទាំងប្រុស​ស្នាក់នៅ ដោយ​ដាច់ដោយឡែក​ពីគ្នា។

មូលហេតុ​ដែល​សាលា តម្រូវ​ឲ្យ​និស្សិត​ស្នាក់នៅ​សាលា​នោះ យុវជន​រូបនេះ ប្រាប់ថា សាលា​ផ្តល់ឱកាស​ដល់​និស្សិត ក្នុងការ​អនុវត្ត​ទ្រឹស្តី ទាំង​ការអនុវត្ត។ ដោយសារ​ជា​និស្សិត​អាហារូបករណ៍​នោះ សុធន មិនត្រូវ​ចំណាយ​ថ្លៃ​អ្វី​ទាំងអស់ ពោលគឺ លោក​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​សិក្សា​តែប៉ុណ្ណោះ ហើយ សុធន ក៏​មិន​លំបាក​នឹងសិក្សា​មុខជំនាញ​នេះ​ទេ។
«ខ្ញុំ​រៀន​នៅ​ថៃ មាន​ឯកសារ​ក្នុង​បណ្ណាល័យ​គ្រប់គ្រាន់ ហើយ​សាស្ត្រាចារ្យ​ជំនាញនីមួយៗ សុទ្ធតែ​បទពិសោធន៍ ដែលជា​គ្រូពេទ្យ​តាម​មន្ទី​ពេទ្យ​ថៃ​តែម្តង។ ពួកគាត់​បង្រៀន​មាន​សីលធម៌ ចេះ​គួរសម មិន​ប្រកាន់​ថា និស្សិត​នោះ​ជាតិ​ថៃ ឬ​ជាតិ​ផ្សេង​ទេ»។ នេះ​ជាការ​អត្ថាធិប្បាយ​របស់ យុវជន ហុង សុធន។

ជាងនេះទៀត លោក​បន្ថែមថា សាលា​រដ្ឋ​ថៃ គេ​មាន​បន្ទប់ពិសោធន៍ និង​បន្ទប់​អនុវត្តន៍​ទ្រឹស្តី​គ្រប់​ជំនាន់ ទាំង​ជំនាញ​វិទ្យាសាស្ត្រ។ កូនពៅ ចំណោម​បងប្អូន ៨នាក់ ក្នុង​គ្រួសារ ដែលមាន​ឪពុក​ជា​បុគ្គលិក​រដ្ឋបាល​នៅ​វិទ្យាល័យ និង​ម្តាយ​ជា​អាជីវករ​រូបនេះ ចាត់ទុក​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​ថៃ ដូចជា​ផ្ទះ​របស់លោក​ដែរ។

ក្រោយពី​បញ្ចប់​ការសិក្សា​នៅក្នុង​ប្រទេស​ថៃ សុធន គ្រោង​នឹងធ្វើ​ការងារ​នៅ​ទីនោះ ដើម្បី​យក​ពិសោធន៍​មុន នឹង​មក​កម្ពុជា​វិញ។ «ខ្ញុំ​ចង់យក​ពិសោធន៍​នៅ​ថៃ ២ ទៅ៣ឆ្នាំ​សិន​ហើយ ខ្ញុំ​នឹង​ត្រឡប់មក​ធ្វើការ​នៅ​កម្ពុជា»។ នេះ​ជា​បញ្ជាក់​របសលោក សុធន៕


Tag:
 និស្សិត​សិក្សា​នៅក្រៅ​ប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com