ជាតិ
ព្រះសង្ឃ​និង​ការប្រតិបត្តិ​ចូល​ព្រះវស្សា
28, Jul 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ

សរសេរ​ដោយ​សមណៈ​និស្សិត រី សង្ហា គង់នៅ​វត្ត សារា​វ័ន​តេ​ជោ ភ្នំពេញ
ទូរស័ព្ទ៖ ០១០៧៤១៧៩៣


មិនយូរ​ឡើយ​ការចូល​វស្សា​នឹង​មកដល់ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី៣១ខែកក្កដា​ខាងមុខនេះ​ដែល​ត្រូវ​នឹង​ថ្ងៃ១រោច​ខែ​អាសាធ​ឬ​ទុតិយាសាធ​បើតាម​ប្រតិទិន​ខ្មែរ។ ការចូល​វស្សា​នេះ​គឺជា​ប្រពៃណី​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា​ជាពិសេស​សម្រាប់​ភិក្ខុសង្ឃ​ដែលជា​អ្នកបួស​ប្រតិបត្តិ​ក្នុង​សាសនា​ដែលមាន​តាំងពី​បុរាណកាល​មក ទម្លាប់​នៃ​ការចូល​វស្សា​មិនអាច​មាន​នរណា​កែប្រែ​បានឡើយ ព្រោះនេះ​គឺជា​កា​រប​ញ្ញ​តិ្ត​របស់​ព្រះសម្មាសម្ពុទ្ធ​តាំងពី​ព្រះអង្គ​គង់នៅ​ម្ល៉េះ។ ទម្លាប់​របស់​ប្រជាជន​ខ្មែរ​ឲ្យ​តែ​ដល់​រដូវ​ចូល​វស្សា​តែងតែ​នាំយក​ទេយ្យវត្ថុ​មាន ទាន​ព្រះវស្សា ប្រេងកាត ប្រេងម៉ាស៊ូត នឹង​ទេយ្យទានផ្សេងៗទៀត​យកទៅ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំពោះ​ប្រទេស​មួយចំនួន​ដែលជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា ដូចជា​ប្រទេស​ថៃ​ជាដើម បាន​ប្រតិបត្តិ​នៃ​ការចូល​វស្សា​បាន​តឹងតែង​ល្អ​ណាស់​ដោយ​រដ្ឋាភិបាល​រប​ស់​គេ​មានច្បាប់​ហាម​មិន​ឲ្យ​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ចូល​ព្រះវស្សា​ផងដែរ។ ចំពោះ​ការប្រតិបត្តិ​របស់​ភិក្ខុសង្ឃ​ដែល​គង់​ចាំ​វស្សា​វិញ​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ទេ​នៃ​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា​ហីនយាន។




ចំពោះ​ប្រវត្តិ​នៃ​ការចូល​វស្សា​វិញ បើ​យោងទៅតាម​វិន័យ​បិដក​ភាគ៧ត្រង់​វ​ស្សូប​នា​យិ​ក​ក្ខ​ន្ធ​ក: ដំបូង​ឡើយ​ការចូល​វស្សា​ព្រះសម្មាសម្ពុទ្ធ​មិនទាន់បាន​បញ្ញត្តិ​ឡើយ លុះ​ក្រោយមក​នៅពេលដែល​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​គង់នៅ​វត្ត​វេឡុ​វន ក្រុង​រាជគ្រឹះ ដោយមាន​ពាក្យ​តិះដៀល​ពី​ពុទ្ធបរិស័ទ​ទៅលើ​ព្រះសង្ឃ​ដែលជា​សមណៈ​សក្យ​បុត្រ​បាន​និមន្ត​ក្នុង​រដូវវស្សា​ដើរ​ជាន់​ដំណាំ​ពុទ្ធបរិស័ទ នឹង​សត្វល្អិតផ្សេងៗ ឲ្យ​ដល់​នៅ​សេចក្តី​វិនាស ក៏​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​បាន​បញ្ញត្តិ​ឲ្យ​ព្រះសង្ឃ​ចូល​វស្សា៣ខែ។ហើយ​ការចូល​វស្សា​នេះ​មាន​ពីរ​យ៉ាង​គឺ​ការចូល​វស្សា​មុន ហៅថា​បុ​រិ​មិ​កាវ​ស្សា១ និង ការចូល​វស្សា​ក្រោយ​ហៅថា​ប​ច្ឆិ​មិ​កាវ​ស្សា១ចំពោះ​ការចូល​វស្សា​មុន​បើតាម​គម្ពីរ​ដដែល​ព្រះសម្មាសម្ពុទ្ធ​បានអនុញ្ញាត​ឲ្យ​ភិក្ខុសង្ឃ​ចូល​វស្សា​នៅ​ថ្ងៃ១រោច​ខែ​អាសាធ និង​ការចូល​វស្សា​ក្រោយ​បានអនុញ្ញាត​ឲ្យ​ភិក្ខុសង្ឃ​គួរ​ចូល​នៅ​ថ្ងៃ១រោច​ខែ​ស្រា​ឍ​គឺ​ក្រោយ​ការចូល​វស្សា​មុន​មួយខែ។

ការប្រតិបត្តិ​របស់​ព្រះ​ភិក្ខុសង្ឃ​ក្នុងពេល​ចូល​វស្សា​វិញ​មាន​លក្ខណៈ​តឹងតែង​ជាខ្លាំង ដោយ​ហាម​មិន​ឲ្យ​ព្រះសង្ឃ​និមន្ត​ចេញ​ក្រៅ​វត្ត​ឲ្យ​ហួស​រាត្រី​បានឡើយ កាលណា​ព្រះសង្ឃ​និមន្ត​ចេញ​ក្រៅ​វត្ត​ឲ្យ​ហួស​រាត្រី​មានន័យថា​ដាច់​វស្សា​មិនអាច​ទទួល​អនុមោទនា​អានិសង្ស​កឋិន​បានឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ព្រះសម្មាសម្ពុទ្ធ​បានអនុញ្ញាត​ឲ្យ​ភិក្ខុសង្ឃ​ចេញ​ក្រៅ​វត្ត​បាន​ក្នុង​រយៈពេល៧ថ្ងៃ បើសិន​មាន​កិច្ច​និមន្ត​ពី​ពុទ្ធបរិស័ទ​ដើម្បី​ទទួល​ភត្ត,ឬ​ព្រះសង្ឃ​មាន​ជម្ងឺ,ឪពុកម្តាយ​មាន​ជម្ងឺ,បងប្អូន​សាច់ញាតិ​មាន​ជម្ងឺ​ជាដើម ភិក្ខុសង្ឃ​អាច​និមន្ត​ចេញ​ក្រៅ​វត្ត​បាន​ក្នុង​រយៈពេល៧ថ្ងៃ ដែល​ក្នុង​ព្រះវិន័យ​ហៅថា​សត្តា​ហ​ករណី​យ គឺ​កិច្ច​ដែល​ព្រះសង្ឃ​ត្រូវធ្វើ​ក្នុង​រយៈ៧ថ្ងៃ។ ដោយឡែក​ចំពោះ​ព្រះសង្ឃ​ដែល​និមន្ត​ចេញ​ក្រៅ​វត្ត​ដើម្បី​ទៅ​រៀន​ឬក៏​និមន្ត​បិណ្ឌបាត​ដែលជា​កិច្ច​ប្រចាំថ្ងៃ​ហើយ​មិនបាន​ឲ្យ​ហួស​រាត្រី​គឺ​មិនមាន​ទោស​ពៃ​អ្វី​ទេ។


© រក្សាសិទ្ធិដោយ thmeythmey.com