ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ថា មិន​ច​រចាជាមួយ​មេដឹកនាំ​CNRP រឿង​ឃុំខ្លួន​សកម្មជន១១នាក់​ឡើយ
28, Jul 2015 , 9:45 am        
រូបភាព
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បដិសេធថា លោក​មិន​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពី​រឿង​ឃុំខ្លួន​សកម្មជន​ទាំង១១នាក់ របស់​គណបក្ស​នេះឡើយ។ លោក ហ៊ុន សែន បញ្ជាក់ថា រូបលោក​គ្រាន់តែ​អាច​ផឹក​ទឹកតែ​និង​សួរសុខទុក្ខ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ តែ​បញ្ហា​ឃុំខ្លួន​អ្នក​ទាំងនោះ ជាការ​សម្រេច​របស់​តុលាការ មិន​ពាក់ព័ន្ធ​នឹង​រូបលោក​នោះទេ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹងទៅ​សាលាឧទ្ធរណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​សកម្មជន​ខ្លួន ដែលជា​វិធី​ល្អ​ជាង​ជួប​ច​ចារ​ជាមួយ​រូបលោក ។ ការលើកឡើង​របស់ លោក ហ៊ុន សែន បែបនេះ ធ្វើឡើង​នៅក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម ថ្វាយ​សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៅ​វត្ត​បទុម​វ​ត្តី រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែកក្កដា ក្រោយពី​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ថា លោក​នឹង​ជំរុញ​ឲ្យ​មាន​ជំនួប​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុនសែន ដើម្បី​ពិភាក្សា​ដោះលែង សកម្មជន​ទាំង១១នាក់ ។



សូម​ស្ដាប់​សំឡេង៖




កាលពី​ថ្ងៃទី២៧ កក្កដា លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បញ្ជាក់ថា រូបលោក ក៏​គ្រោង​ស្នើ​ជួប​ជាមួយ​លោក ស ខេង ប្រធាន​ក្រុម​មតិ​ភាគច្រើន​រដ្ឋសភា​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​សកម្ម​ខ្លួន តែ​លោក​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ។

លោក កឹម សុខា មាន​ជំនឿ​ចិត្ត​ថា គណបក្ស​ខ្លួន​នៅមាន​ផ្លូវ​ចំនួន៣ក្នុង​ការជួយ​សកម្មជន​ខ្លួន រួមមាន ការ​តតាំង​តាមផ្លូវ​ច្បាប់ ប្ដឹងទៅ​សាលាឧទ្ធរណ៍​នឹង​អាចជួយ​ឲ្យ​សកម្មជន​ទាំង១១រូបនោះ នៅក្រៅ​ឃុំ ដោយ​លោក​បាន​លើក​ហេតុផល​ថា គ្រា​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​សាលក្រម​កាត់ទោស​សកម្ម​ជន​ទាំងនោះ គឺ​មិនមាន​វត្តមាន​មេធាវី​របស់​ចុងចោទ​ឡើយ។ លោក បន្ថែមថា កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី២២ កក្កដា និង​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ ក៏​ជា​មធ្យោបាយ​ដែល​អាចជួយ​ដោះលែង​សកម្មជន​ខ្លួន​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com