អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ទម្លាក់​គ្រាប់​បរមាណូ​កម្ទេច​ទីក្រុង​ជប៉ុន​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ថ្ងៃនេះ​កាល៧០ឆ្នាំមុន
06, Aug 2015 , 9:20 am        
រូបភាព


ថ្ងៃនេះ​កាលពី៧០ឆ្នាំមុន អាមេរិក​បាន​ទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា(Hiroshima)ប្រទេស​ជប៉ុន។ ប្រជាជន​ប្រហែល៨ ម៉ឺន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​អំណាច​គ្រាប់​បរមាណូ និង​មនុស្ស៣៥០០០នាក់​ទៀត​រងរបួស។ យ៉ាងណាក៏ដោយ សារធាតុ​វិទ្យុសកម្ម​នៃ​គ្រាប់​បរមាណូ​នេះ​បានសម្លាប់​ជនជាតិ​ជប៉ុន​យ៉ាងហោច៦ម៉ឺន​នាក់​ផ្សេងទៀត​ផងដែរត្រឹម​ចុង​ឆ្នាំ​១៩៤៥​។



ថ្ងៃ ៦ សីហា ឆ្នាំ១៩៤៥ នៅ​ម៉ោង​ប្រហែល ២ ៖៤៥នាទី​ព្រឹក (ម៉ោង​ប្រទេស​ជប៉ុន) យន្តហោះ​ទម្លាក់​គ្រាប់បែក B-29 អាមេរិក​មួយគ្រឿង​ឈ្មោះ Enola Gay បាន ហោះ​ចេញពី​កោះ​Tinian ដើម្បី​កម្ទេច​ទីក្រុង​ជប៉ុន ហ៊ី​រ៉ូ​ស៊ី​ម៉ា។ យន្តហោះ​នេះ​បានធ្វើ​ដំណើរ​មកដល់​ទី​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​និង​ដាច់ចិត្ត​ទម្លាក់​គ្រាប់​នៅ​ម៉ោង៨៖១៦នាទី​ព្រឹក។ រឿង​ដែល​រន្ធត់​បំផុត​នោះ​គ្រាន់តែ​គ្រាប់បែកបរមាណូ​ធ្លាក់​ដល់​ដី​ភ្លាម ទីក្រុង​ទាំងមូល​ខ្ទេច​ស្ទើរ​គ្មាន​សល់ ហើយ​មនុស្ស​ប្រហែល ៨ម៉ឺន​នាក់​ស្លាប់ភ្លាមៗ និង​មនុស្ស​ប្រហែល៣៥០០០នាក់​ទៀត​រងរបួស​ផងដែរ ។

គ្រាប់បែកបរមាណូ​ដែល​សម្លាប់​មនុស្ស​រាប់សែន​នាក់​នៅ​ទីក្រុង ហ៊ី​រ៉ូ​ស៊ី​ម៉ា​ត្រឹម​ជា​គ្រាប់បែក​ទីមួយ ហើយ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា  Little Boy ។ បី​ថ្ងៃក្រោយ​ការទម្លាក់​គ្រាប់​នេះ គ្រាប់បែកបរមាណូ​មួយ​គ្រាប់​ទៀត​ត្រូវបាន​ទាហានជើងអាកាស​អាមេរិក​ទម្លាក់​កម្ទេច​ទីក្រុង​ជប៉ុន Nagasaki  ដែល​បណ្តាល​ឲ្យ​ប្រជាជន​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ស្លាប់​យ៉ាង​អាណោច​អាធ​ម។

គេ​ដឹង​ច្បាស់​ថា ការទម្លាក់​គ្រាប់បែក​ប្រល័យ​លោក​កម្ទេច​ទីក្រុង​ជប៉ុន​នេះ ជាការ​សម្រេចចិត្ត​ផ្ទាល់​របស់​ប្រធានាធិបតី​អាមេរិក Harry S. Truman ក្រោយ​ខឹង​ជប៉ុន​មិន​ព្រម​ចុះចាញ់​សង្គ្រាមលោកលើកទី២ដោយ​ឥត​លក្ខខណ្ឌ​តាម​អ្វីដែល​ភាគី​សន្និសីទ​ក្រុង Potsdam បានទាមទារ។ប្រធានាធិបតី​យល់ថា ការទម្លាក់​គ្រាប់បែកបរមាណូ​ប្រឆាំង​ជប៉ុន​នេះ​នឹង​ការពារ​មិន​ឲ្យ​សង្គ្រាម​រីក​រាលដាល និង​ការបាត់​បង់ជីវិត​មនុស្ស​កាន់តែច្រើន ប្រសិនជា​អាមេរិក​ត្រូវ​ប្រើប្រាស់​ទ័ព​វាយ​ឈ្លានពាន​ទឹកដី​ជប៉ុន។ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​រង​ការបំផ្លិច​បំ​ផ្លា​ញា​យ៉ាងដំណំ​ដោយ​គ្រាប់​បរមាណូ​ពីរ​គ្រាប់ មេដឹកនាំ​ជប៉ុន​យល់ព្រម​ប្រកាស​លើក​ទង់ជ័យ​ស ចុះចាញ់​សង្គ្រាម​ដោយ​ឥត​លក្ខខណ្ឌ​មែន ប៉ុន្តែ​សង្គ្រាមលោកលើកទី២ចប់​ជា​ផ្លូវការ​នៅ​ដើមខែ​កញ្ញា​ឆ្នាំ ១៩៤៥។

មកទល់​ពេល​បច្ចុប្បន្ននេះ នៅតែមាន​ការជជែក​ពិភាក្សាគ្នា​ជុំវិញ​ការទម្លាក់​គ្រាប់បែក​នេះ ដោយ​ខ្លះ​អះអាងថា ការទម្លាក់​គ្រាប់បែកបរមាណូ​ប្រឆាំង​ជប៉ុន​ជា​កំហុសឆ្គង​របស់​អាមេរិក ព្រោះ​អាមេរិក​អាចមាន​វិធី​ផ្សេងទៀត​ដើម្បី​ដាក់​គំនៀប​ឲ្យ​ជប៉ុន​ចុះចាញ់ ដោយ​មិនបាច់​ប្រើ​អាវុធ​ប្រល័យ​លោក​នេះឡើយ។ យ៉ាងណា​ក៏ដោយចុះ ការប្រើប្រាស់​គ្រាប់បែក​អា​តូ​មិ​កនៅ​ជប៉ុន​ក្លាយជា​ប្រវត្តិសាស្ត្រ​និង​រឿងរ៉ាវ​ខ្លោចផ្សា​សម្រាប់​ប្រជាជន​ជប៉ុន​និង​ពិភពលោក។ ដូច្នេះ​ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ការប្រើប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ​នេះ​មិនអាច​កើតមានឡើង​ជាថ្មី​ទៀតឡើយ​នៅពេល​ខាងមុខ៕




Tag:
 ប្រវត្តិសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com