ជាតិ
សង្គមជាតិ
ការលើកស្ទួយ​ទេសចរណ៍​ជនជាតិដើម​ភាគតិច​កម្ពុជា​ជួយ​កាត់បន្ថយ​ភាពក្រីក្រក្នុង​សហគមន៍
08, Aug 2015 , 7:39 pm        
រូបភាព

សិក្ខាសាលា​ពិគ្រោះ​យោបល់​ជុំវិញ​ការអភិវឌ្ឍ​ទេសចរណ៍​ជនជាតិដើម​ភាគតិច​ភាគ​ឥ​សាន្ត​ប្រទេស​កម្ពុជា ត្រូវបាន​រៀបចំឡើង​នៅក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ដោយ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សហការ​ជាមួយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​កូរ៉េខាងត្បូង (ReDI) ។ សិក្ខាសាលា​នេះ​មានកម្ម​វត្ថុ​បង្ហាញ​ពី​សមិទ្ធផល​គម្រោង​ស្រាវជ្រាវ​អភិវឌ្ឍន៍​ទេសចរណ៍​ជនជាតិដើម ដើម្បី​ជំរុញ​ឲ្យ ការរក្សា​អត្តសញ្ញាណ​ជនជាតិដើម  បង្កើន​ចំណូល និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​តាមរយៈ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផងដែរ។



សិក្ខាសាលា​ចំនួន​ពីរ​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃ៤ និង​ថ្ងៃ ៦ខែសីហា​កន្លងទៅ​នៅក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ដោយ​ផ្តោតលើ​ការពិគ្រោះ​យោបល់​លើ​ការជំរុញ​ការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ជនជាតិដើម​ភាគតិច​នៅ​ភូមិភាគ​ឥ​សាន្ត​ប្រទេស​កម្ពុជា។ សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការសហការ​គ្នា​រវាង​សាកល​ភូមិន្ទ​ភ្នំពេញ ក្រសួងទេសចរណ៍ និង វិទ្យាស្ថាន​អភិវឌ្ឍន៍​របស់​កូរ៉េ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA)។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ដេ​ប៉ា​តឺ​ម៉​ង់​អភិវឌ្ឍន៍​សហគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សិក្ខាសាលា​ដែល​ត្រូវបាន​រៀបចំឡើង​ពីរ​ថ្ងៃនេះ​គឺ​ដើម្បី​បង្ហាញ​សមិទ្ធផល​សម្រេចបាន​ក្រោយពី​អនុវត្ត​គម្រោង​ស្រាវជ្រាវ​ស្តីពី«យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ជនជាតិភាគតិច​នៅ​ភាគ​ឥ​សាន្ត​ប្រ​ទស​កម្ពុជា»អស់​ប្រហែល៦ខែ​មកហើយ​នោះ។  

សិក្ខាសាលា​ត្រូវបាន​គេ​រៀបចំឡើង​រយៈពេល​ពីរ​ថ្ងៃ​ដាច់ពីគ្នា ដោយ​ថ្ងៃទី ៤សីហា សិក្ខាសាលា​ធ្វើឡើង​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគីរី និង​ថ្ងៃទី៦សីហា សិក្ខាសាលា​នេះ​ត្រូវបាន​ប្រា​ព្ធ​ឡើង​នៅ​ខេត្ត​មណ្ឌល​គី​រី។ គេ​ឃើញ​មាន​វត្តមាន​សាកលវិទ្យាធិការរង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លោក សុខ វ​ណ្ណី ប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍន៍ Lee Tae Joo     នាយិកា​រង​ទីភ្នាក់ងារ KOICA  ក៏ដូចជា​មន្ត្រី​ជំនាញ​មកពី​មន្ទីរ​វប្បធម៌ មន្ទីរ​កសិកម្ម មន្ទីរ​បរិស្ថាន អង្គការក្រៅរដ្ឋាភិបាល និង​អភិបាលរង​ខេត្ត​ទាំងពីរ។

យោងតាម​ប្រសាសន៍​សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លោក សុខ វ​ណ្ណី គម្រោង​ស្រាវជ្រាវ​នេះ​អាចជួយ​ឲ្យ​សហគមន៍​ជនជាតិដើម​ភាគតិច​លើកកម្ពស់​អត្ដ​សញ្ញាណ​ខ្លួនឯង អាច​ស្វែងរក​ប្រាក់ចំណូល​បន្ថែម​ក្នុង​គ្រួសារ និង​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុង​សហគមន៍​ជនជាតិដើម​ភា​គិ​តិច​កម្ពុជា​ផង តាមរយៈ​ការលើកស្ទួយ​ផលិតផល​ទេសចរណ៍​តាមបែប​ជនជាតិដើម​ភាគតិច​ផង។

ទីតាំងសំខាន់ៗចំនួន​ពីរ​ក្នុង​ខេត្ត​រតនគីរី​និង​មណ្ឌល​គី​រី​ត្រូវបាន​គេ​ជ្រើសរើស​សម្រាប់​ការស្រាវជ្រាវ ហើយ​អ្នកទេសចរ​ប្រហែល៥០០នាក់​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការស្ទង់មតិ។ ក្រោយ​អនុវត្ត​គម្រោង​អស់​ពេល៦ខែ​មកនេះ ស្ថាប័ន​ពាក់ព័ន្ធ​បង្កើតបាន​របាយកាណ៍​មួយ​ដែល​បង្ហាញ​ពី​លទ្ធភាព​នៃ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជនជាតិដើម​ភាគតិច ព្រមទាំង​បញ្ហា​ប្រឈម​នានា​ដែល​ចាំ​ត្រូវ​ដោះស្រាយ​ផង។ អ្វីដែល​សំខាន់​របាយការណ៍​ស្រាវជ្រាវ​បានផ្តល់​ជា​អនុសាសន៍​ឬ​ផែនការ​យុទ្ធសាស្ត្រសំខាន់ៗជាច្រើន​សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ​មកប្រើប្រាស់​ជំរុញ​ឲ្យ​ការអភិវឌ្ឍន៍​ទេសចរណ៍​ជនជាតិដើម​ភាគតិច​នៅ​ភូមិភាគ​ឥ​សាន្ត​ប្រទេស​កម្ពុជា​អាច​សម្រេច​ជោគជ័យ​និង​ប្រកបដោយ​ចីរភាព។

ក្រោយ​អ្នកជំនាញ​ធ្វើ​បទ​បង្ហាញ ដោយ​លើកឡើង​ពី​សមិទ្ធផល​នៃ​ការស្រាវជ្រាវ​និង​អនុ​សាស្ត្រ​ជា​យុទ្ធសាស្ត្រ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជនជាតិដើម​ភាគតិច​នៅ​ភាគ​ឥ​សាន្ត​ប្រទេស​កម្ពុជា មន្ត្រី​តំណាង​អាជ្ញាធ​ខេត្ត​និង​ក្រសួង​ពាក់ព័ន្ធ​បានបង្ហាញ​ក្តី​រីករាយ​និង​គាំទ្រ​យ៉ាងខ្លាំង​ផងដែរ។ គេ​រំពឹងថា​គម្រោង​ស្រាវជ្រាវ​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជនជាតិដើម​ភាគតិច និង​ជំរុញ​ឲ្យ​វិស័យនេះ​ក្លាយជា​វិស័យ​ដែលមាន​សក្តានុពល​ទាក់ទាញ​ភ្ងៀ​វ​ទេសចរ​និង​បង្កើន​ចំណូល​ប្រជាជន​ក្នុង​តំបន់​ដែរ៕

 


Tag:
 ទេសចរណ៍ជនជាតិដើមភាគតិច
 RUPP
© រក្សាសិទ្ធិដោយ thmeythmey.com