អន្តរជាតិ
អ្នកទេសចរ​បារាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​សុខចិត្ត​ស្លាប់ ដោយ​ទុក​ទឹក​សង្គ្រោះ​ជីវិត​កូន
10, Aug 2015 , 8:39 am        
រូបភាព
ដោយ: ធីតា


សហរដ្ឋអាមេរិក ៖ អ្នកទេសចរ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់ នៅពេលដែល​ពួកគេ​ដើរ​កម្សាន្ត​នៅក្នុង​តំបន់​វាលរហោឋាន​នៃ​រដ្ឋ New Mexico ដែល​ស្ថិតនៅ​ភាគ​និរតី​សហរដ្ឋអាមេរិក។ ដោយសារតែ​កម្តៅ​ឡើង​ខ្ពស់​ពេក ប្តី​ប្រពន្ធ​មួយគូ​នេះ​សុខចិត្ត​សង្គ្រោះ​ជីវិត​កូន ដោយ​ទុក​ទឹក​ឲ្យ​កូន​ផឹក នេះ​បើតាម​ការបញ្ជាក់​របស់​ប៉ូលិស កាលពី​ថ្ងៃ​សុក្រ​នេះ។



លោក David Steiner អាយុ ៤២ ឆ្នាំ និង​ភរិយា Ornella Steiner អាយុ ៥១ ឆ្នាំ​មកពី​តំបន់ Bourgogne ប្រទេស​បារាំង បាននាំគ្នា​ដើរលេង​នៅក្នុង​ឧទ្យាន​ជាតិ White Sands កាលពី​រសៀល​ថ្ងៃ​អង្គារ​កន្លងទៅនេះ ដោយមាន​ទឹកតែ​ពីរ​ដប​ជាប់​ជាមួយ​ខ្លួន​ប៉ុណ្ណោះ។ ពេលនេះ លទ្ធផល​នៃ​កោសល​វិច័យ​មិនទាន់​ត្រូវបាន​បង្ហាញ​នៅឡើយ​ទេ តែ​ជាការ​សន្និដ្ឋាន ពួកគេ​បាន​ស្លាប់​ដោយសារតែ​កម្តៅ​ខ្ពស់​ពេក នេះ​បើតាម​ការអះអាង​របស់​ប៉ូលិស​ស៊ើបអង្កេត​មួយរូប​ទៅកាន់​ទីភ្នាក់ងារ AFP ។

ប៉ូលិស​រូបនេះ​បញ្ជាក់ថា នៅពេលដែល​ក្រុមការងារ​ឧទ្យាន​ជាតិ​ដើរ​មើល​ជុំវិញ​តំបន់​នោះ ដំបូង ពួកគេ​ប្រទះឃើញ​សាកសព​របស់​ស្ត្រី​ជា​ម្តាយ។ ពួកគេ​ក៏​បើក​មើល​ម៉ាស៊ីនថតរូប ហើយ​ឃើញថា ស្ត្រី​នេះ​មាន​គ្នា​ពីរ​នាក់​ទៀត។ បន្ទាប់ពី​ដើរ​តាមដាន​ជើង នៅ​ទីបំផុត ពួកគេ​ក៏​រកឃើញ​បុរស​ជា​ឪពុក​ដែល​បាន​បាត់បង់​ជីវិត​ទៅហើយ​នៅក្បែរ​កូនប្រុស​អាយុ ៩ ឆ្នាំ​ម្នាក់។

ក្មេងប្រុស​នេះ​នៅមាន​ដង្ហើម តែ​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន។ ក្មេង​នេះ​ត្រូវបាន​បញ្ជូនភ្លាមៗទៅកាន់​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់។ ជីតា​របស់​ក្មេងប្រុស​បាន​មានប្រសាសន៍ថា៖ « David និង Ornella បាន​ឲ្យ​ទឹក​ដែល​ពួកគេ​មាន​ចុងក្រោយ​ទៅ​កូន ដើម្បី​ឲ្យ​កូន​រស់រាន »។ បើតាម​ជីតា​រូបនេះ ក្មេង​បាន​ផុតពី​គ្រោះថ្នាក់​ហើយ ហើយនឹង​ត្រឡប់​ទៅ Roissy ប្រទេស​បារាំង​ជាមួយ​ជីដូន​វិញ។

បើតាម​សារព័ត៌មាន Alamogordo Daily News ក្រុមគ្រួសារ​ជនជាតិ​បារាំង​នេះ​បាន​ដើរ​កម្សាន្ត​នៅ​សហរដ្ឋអាមេរិក នៅ​តំបន់​វាលរហោឋាន​ដែលមាន​សីតុណ្ហភាព​ប្រមាណ ៣៨ អង្សា​សេ។ នៅ​ទីនោះ គឺមាន​តែ​វាល​ខ្សាច់​លាតសន្ធឹង​ល្វឹងល្វើយ គ្មាន​ម្លប់​ដើមឈើ ហើយក៏​គ្មាន​ប្រភពទឹក​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com