កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
៦សំណួរ​ទៅកាន់​ម្តាយ​របស់​កីឡាករ អាត អូន​តូច
10, Aug 2015 , 12:50 pm        
រូបភាព
អាត អូន​តូច អាយុ១៣ឆ្នាំ មាឌតូច និង​កម្ពស់​ទាប​ដែល​ត្រូវ​នឹង​ឈ្មោះ​ពី​កំណើត​របស់ខ្លួន បាន​ក្លាយជា​កីឡាករ​ម្នាក់​ដ៏​លេចធ្លោ​នា​អំឡុង​នៃ​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF BIDC U16 Championship ឆ្នាំ២០១៥ ។ ដើម្បី​ឲ្យ​ដឹងថា អូន​តូច ស្ថិតនៅក្នុង​ស្ថានភាព​គ្រួសារ​បែបណា​នោះ លោក អ៊ឹង ចំរើន និពន្ធ​នាយករង​សារព័ត៌មានថ្មីៗ បាន​សាកសួរ​តាម​ទូរ​សព្ទ៦សំណួរ​ទៅកាន់​ម្តាយ​របស់​កីឡាករ​រូបនេះ។ អ្នកស្រី សៅ សុ​ឃីម ហៅ​សុន អាយុ៤៨ឆ្នាំ គឺ​ជា​ស្ត្រី​មេម៉ាយ​ដែល​កំពុង​រស់នៅ​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី។



បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ជើងឯក​អាយុ​ក្រោម១៦ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន អូន​តូច មានឈ្មោះ​ល្បីល្បាញ​ខ្លាំង តើ​អ្នក​មីង​ដែលជា​ម្តាយ​មាន​អារម្មណ៍​យ៉ាងដូចម្តេច​ដែរ?

អ្នកស្រី សៅ សុ​ឃីម៖ ក្មួយ ខ្ញុំ​មិនដឹង​ជា​រក​ពាក្យ​អ្វី​និយាយ​ទេ។ អ្នក​រតនៈគិរី គេ​នាំគ្នា​និយាយ និង​កោតសរសើ​អូន​តូច គ្រប់ៗគ្នា។ ខ្ញុំ​រំភើប​មែនទែន ខ្ញុំ​ទៅណា​មក​ណា គេ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ជា​ម្តាយ​របស់​អូន​តូច​មែនឬ? និយាយ​រួម គេ​ចាប់ផ្តើម​ស្គាល់​ខ្ញុំ​កាន់តែច្រើន​ដោយសារតែ​កូន​នេះឯង។

តើ​អ្នក​មីង​បាន​តាមដាន​ការប្រកួត​របស់​កូន​ដែរឬទេ?
អ្នកស្រី សៅ សុ​ឃីម៖ ខ្ញុំ​មិនដែល​រំលង​ឡើយ។ ខ្ញុំ​ទៅ​មើល​ទូរទស្សន៍​នៅផ្ទះ​អ្នកជិតខាង។ នៅពេលដែល​លឺ​គេ​ស្រែកថា អូន​តូច អូន​តូច ខ្ញុំ​រំភើប និង​ក្តុកក្តួល​ក្នុង​ចិត្ត​ខ្លាំងណាស់។ ពេល​កូន​ដួល ខ្ញុំ​មាន​អារម្មណ៍​អាណិតកូន​ខ្លាំងណាស់។ ក្រោយ​ការប្រកួតម្តងៗ ខ្ញុំ​បាន​ទូរ​សព្ទ​ទៅ​កូន​ដោយ​ចង់ដឹង​ពី​ការឈឺចាប់​របស់គេ ប៉ុន្តែ​អូន​តូច បាន​ប្រាប់​ខ្ញុំ​វិញ​ថា ប្រសិន​ការ​ដួល​របស់គេ​មិន​ធ្ងន់ធ្ងរ​ទេនោះ គេ​ត្រូវ​ក្រោក​ឡើងភ្លាមៗដើម្បី​បន្ត​ការប្រកួត ពីព្រោះ​អូន​តូច​មិន​ចង់​ឲ្យ​អ្នកគាំទ្រ​អាក់អន់ចិត្ត និង​ចោទថា គេ​ទន់ជ្រាយ។

ហេតុអ្វី បានដាក់​ឈ្មោះ​កូន​ថា អាត អូន​តូច?

អ្នកស្រី សៅ សុ​ឃីម៖ អាត គឺ​ស្វាមី​ខ្ញុំ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺលើសឈាម​តាំងតែ​ពី​អូន​តូច អាយុ៣ឆ្នាំ។ អូន​តូច គឺជា​កូនពៅ​ក្នុងចំណោមកូនប្រុសៗទាំង៥នាក់​របស់ខ្ញុំ។ កូន​ម្នាក់នេះ​កើតមក​តូច​ជាងគេ និង​ពៅ​គេ​ទៀត ដូច្នេះហើយ បាន​ខ្ញុំ និង​ប៉ា វា សម្រេច​ដាក់ឈ្មោះ អាត អូន​តូច តែម្តងទៅ។

អូន​តូច​ជា ក្មេង​បែបណា​ដែរ?
អ្នកស្រី សៅ សុ​ឃីម៖ និយាយ​តាម​ត្រង់ អូន​តូច មិនដែល​បែក​ពី​ខ្ញុំ​ឡើយ។ កូន​នេះ​ស្រឡាញ់​កីឡា​ខ្លាំងណាស់ ជាពិសេស​ពេលទំនេរ គេ​តែងតែ​សុំ​ខ្ញុំ​ទៅលេង​បាល់ទាត់​ជាមួយ​មិត្ត​ភក្តិ។ ខ្ញុំ​ចេះតែ​ហាម​ដែរ ព្រោះ​ខ្លាច​គ្រោះថ្នាក់​បាក់ដៃ បាក់ជើង ប៉ុន្តែ​គេ​មិន​ស្តាប់​ឡើយ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ អូន​តូច មិនដែល​នាំ​បញ្ហា​ដល់​ខ្ញុំ និងបងៗរបស់​ពួកគេ​នោះឡើយ។ និយាយ​តាម​ត្រង់​មុនពេល​ទៅ​នៅ​ភ្នំពេញ អូន​តូច កម្រ​សុំ​លុយ​ខ្ញុំ​ចាយ​ណាស់ ដោយ​ព្រឹក​ឡើង​មុន​ទៅ​សាលា គេ​ឧស្សាហ៍​ទៅ​លាងចាន​នៅ​ហាង​គុយទាវ ក្បែរ​ផ្ទះ​ដើម្បី​ទទួលបាន​កំរៃ​ខ្លះ​ទុក​ចាយវាយ​ខ្លួនឯង។ ពេលខ្លះ​ម្ចាស់​ហាង​ឲ្យ​ពី៤០០០រៀល​ទៅ៥០០០រៀល​ផងដែរ។

អ្នក​មីង​អាច​រៀបរាប់​ពី​ជីវភាព​របស់ខ្លួន​បានដែរ​ឬទេ?

អ្នកស្រី សៅ សុ​ឃីម៖ តាំងពី​ស្វាមី​ទទួលមរណភាព​ទៅ ខ្ញុំ​ទទួលបន្ទុក​មើល​កូនប្រុស​រហូតដល់​ទៅ៥នាក់។  សព្វថ្ងៃ កូនច្បង​រស់នៅ​ជាមួយ​ប្រពន្ធ​នៅ​ក្រចេះ ហើយ​ខ្ញុំ​នៅ​ជាមួយ​កូន​ទី​ពីរ ដែលមាន​គ្រួសារ​រួចហើយ និង​កូន២នាក់​ទៀត​ដែល​កំពុង​នៅ​រៀន។ កន្លងមក ខ្ញុំ​លក់​បាយ លក់​ណែម​នៅ​សាលាបឋមសិក្សា ឡា​បាន​សៀក និង​ស៊ីឈ្នួល​បោក​ខោអាវ​ឲ្យ​គេ ដើម្បី​ចិញ្ចឹមកូនៗ ។ បច្ចុប្បន្ន​ខ្ញុំ​ដាំបាយ​ធ្វើ​ម្ហូប និង​សម្អាតផ្ទះ​ឲ្យ​គ្រួសារ​ជនបរទេស​មួយ ដែល​ទទួលបាន​កម្រៃ​ប្រមាណ១០០ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ផងដែរ។ ខ្ញុំ​បាន​សម្រាល​បន្ទុក​មួយចំនួន​លើ​ការចំណាយ​របស់​អូន​តូច ពីព្រោះ​ខាង​សហព័ន្ធ​បាល់ទាត់​ជា​អ្នកទទួលបន្ទុក​រាប់រ​ង​លើ​ការរៀនសូត្រ និង​ការឧបត្ថម្ភផ្សេងៗ ប៉ុន្តែ​អូន​តូច ក៏​ឧស្សាហ៍​ទូរ​សព្ទ​មកសុំ​ឲ្យ​ខ្ញុំ​កោស​កាត១ដុល្លារ​ឲ្យ​ទៅ​គេ​ផងដែរ [សើច...] ។

តើ​អ្នក​មីង​រំពឹង​យ៉ាងម៉េច​ដែរ​ចំពោះ​អនាគត​របស់ អូន​តូច?

អ្នកស្រី សៅ សុ​ឃីម៖ ខ្ញុំ​មិនដឹងថា យ៉ាងម៉េច​ទេ ប៉ុន្តែ​ខ្ញុំ​មានតែ​ជំរុញ​ឲ្យ​កូន​ខិតខំ​ប្រឹងប្រែង​ដើម្បី​អនាគត​ទាំង​ការរៀនសូត្រ និង​ការប្រកួតម្តងៗ ។ ខ្ញុំ​បាន​ទៅ​មើល​កន្លែង​គេ​រស់នៅ​ផងដែរ ខ្ញុំ​គិតថា អូន​តូច នឹងមាន​អនាគត​ល្អ ។ ខ្ញុំ​រំភើប​ណាស់​ពេល​ឃើញ​កូន​ចេញពី​ប្រកួត​នៅក្រៅ​ប្រទេសម្តងៗ ដូចជា​នៅ​ឡាវ និង​ជប៉ុន ជាដើម […] ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com