ជាតិ
សិល្បះ
រឿង«៣.៥០»ដ៏​ចម្រូងចម្រាស នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី១០ខែកញ្ញា
10, Aug 2015 , 3:13 pm        
រូបភាព


ខ្សែភាពយន្ត​រឿង«បី​កន្លះ»ឬ«៣.៥០» ដ៏​ចម្រូងចម្រាស នឹង​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃទី១០ខែកញ្ញា​ខាងមុខនេះ។ រោងភាពយន្ត​ចំនួន៦នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប នឹង​ចា​ក់ប​ញ្ជាំ​ង​ខ្សែភាពយន្ត​នេះ​ព្រម​គ្នា​នៅ​ថ្ងៃទី១០ខែក្រោយ​នេះ។



ខ្សែភាពយន្ត ដែល​ឆ្លុះបញ្ចាំង​ពី​អំពើ​ជួញដូរ​ផ្លូវភេទ​និង​មនុស្ស​ខុសច្បាប់​នៅ​កម្ពុជា បានទទួល​ភ្លើង​ខៀវ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឲ្យ​ចាក់ផ្សាយ​ឡើងវិញ​កាលពី​ខែមេសា​កន្លងទៅ  បន្ទាប់ពី​រដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យ​ចាក់ផ្សាយ​តាំងពី​ឆ្នាំ២០១៣មក ក្រោម​ហេតុផល​ថា​ប៉ះពាល់​ដល់​សីលធម៌​និង​សេចក្តី​ថ្លែ​ថ្នូរ​របស់​ស្ត្រី​កម្ពុជា។

ដោយ​មើលឃើញ​ពី​ការចាប់អារម្មណ៍​បញ្ហា​សង្គម​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន ផលិតករ​ភាពយន្ត​រឿង «៣.៥០» លោក ឆាយ បូរ៉ា រំពឹងថា​ភាពយន្ត​មួយ​ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការរំលោភបំពាន​ផ្លូវភេទ​លើ​ស្ត្រី និង​ការជួញដូរ​ផ្លូវភេទ​ដែល​ធ្លាប់មាន និង​កំពុង​កើត​មាននៅ​កម្ពុជា​នេះ នឹង​ទទួលបាន​គាំទ្រ​ច្រើន ប្រហាក់ប្រហែល​ទៅនឹង​រឿង«ឃ្លា​តទៅ​សែនឆ្ងាយ»ឬ «Lost Loves» ដែរ។

ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា សន្និសីទ​សារព័ត៌មាន​ស្តីពី​ការដាក់​ប​ញ្ជាំ​ង​រឿង»៣.៥០» នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី៧ខែកញ្ញា នៅ​រោងភាពយន្ត​Major Cineplix ផ្សារ​ទំនើប​EAON។

បើតាម​លោក ឆាយ បូរ៉ា បើទោះបី​ក្រសួង​អនុញាត​ឲ្យ​ចាក់ផ្សាយ​មែន ប៉ុន្តែ​ក្រសួង​តម្រូវ​ឲ្យ​កាត់​នាទី​ចោល​ខ្លះ នៅ​ឈុត​មួយ​នៅក្នុង​សាច់រឿង គឺ​ឈុត«ដេរ​សន្ទះ​ព្រហ្មចារី» មក​នៅត្រឹម១នាទី ដែល​ដើមឡើយ​ឆុត​នេះ មាន​រយៈពេល៣នាទី​នោះ។

ក្រៅពី​ការចាក់​ប​ញ្ជាំ​ង​នៅតាម​បណ្តា​រោងភាពយន្ត ម្ចាស់​ផលិតកម្ម​ដើមត្នោត​រូបនេះ ចង់​ឲ្យ​រឿង«៣.៥០» បានដាក់​ប​ញ្ជាំ​ង​នៅតាម​ស្ថានីយទូរទស្សន៍​ផងដែរ ព្រោះ​អាច​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​បាន​ទស្សនា និង​យល់​ពី​ទិដ្ឋភាព​ដែល​កើតមាន​នៅក្នុង​សង្គម​ខ្មែរ។

កន្លងមក​ភាពយន្ត​ដែល​និយាយ​ពី​តម្លៃ​របស់​ក្មេងស្រី​ម្នាក់​ស្មើនឹង​ប្រាក់ ៣.៥០ដុល្លារ ដើម្បី​ទទួលបាន​សេវាកម្ម​ផ្លូវភេទ​ដ៏​ចម្រូងចម្រាស​មួយ​នេះ ធ្លាប់បាន​ចាក់​ប​ញ្ជាំ​ង​នៅក្នុង​ប្រទេស​ផ្សេងទៀត​នៅ​អាស៊ី និង​អឺរ៉ុប និង​អាមេរិក​ផងដែរ ដូចជា​ប្រទេស​សិង្ហ​បុរី អេ​ស្ប៉ា​ញ និង​នៅ​សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ផងដែរ៕






© រក្សាសិទ្ធិដោយ thmeythmey.com