ជាតិ
លោក ហ៊ុន សែន បញ្ជាឲ្យ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​ម្នាក់​របស់​គណ​បក្ស សម រង្ស៊ី​
13, Aug 2015 , 9:57 am        
រូបភាព
លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធ​សភា គណបក្ស​ សម រង្ស៊ី​
លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធ​សភា គណបក្ស​ សម រង្ស៊ី​
ដោយ:
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាពិធី​ចែក​សញ្ញា​បត្រ​​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​បញ្ជាឲ្យ​ចាប់​ខ្លួន​សមា​ជិក​ព្រឹទ្ធ​សភា​ម្នាក់​របស់គណបក្ស​ សម រង្ស៊ី ដែល​បាន​បក​ស្រាយ​ពីបញ្ហា​ព្រំដែន ជាពិសេស​ទាក់ទងនឹងកិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា និង​វៀតណាម។ ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា បាន​វាយ​តម្លៃថា សមាជិក​ព្រឹទ្ធ​សភា គណបក្ស​ប្រឆាំង បាន​បកស្រាយ​ខុស​ពី​ការពិត ដោយ​បានចុះ​ផ្សាយ​ការ​បក​ស្រាយ​របស់​ខ្លួន​នៅ​បណ្តាញ​សង្គម​ហ្វេសប៊ុក។



លោក​ ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​បក​ស្រាយបែបនេះ​ គឺ​ជា​បទល្មើស​ក្បត់​ជាតិ។ លោកក៏​បាន​​ហាមផង​ដែរ​ចំពោះ​​ការធ្វើ​​អន្តរាគមន៍នានា​ពី​បណ្តាទូត​បរទេស និង​គណបក្ស​នយោបាយ​ ព្រោះនេះ​គ្រាន់តែ​ជា​រឿង​បុគ្គល​ម្នាក់​ប៉ុណ្ណោះ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​លើក​ឡើងពី​ឈ្មោះ​សមាជិកព្រឹទ្ធ​សភានោះឡើយ ប៉ុន្តែ​គេ​អាចប៉ាន់​ស្មាន​ថា ជា​លោក ហុង សុខហួរ ដែល​កាលពី​ថ្ងៃពុធ​ម្សិលមិញ សមាជិក​ព្រឹទ្ធ​សភារូបនេះ បាននិយាយចោទ​ប្រកាន់​លោក ហេង សំរិន ប្រមុខ​រដ្ឋសម័យ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា និង​ភាគី​វៀតណាម អំពី​ការ​រំលាយ​ព្រំ​ដែន​ប្រទេស​ទាំងពីរ​នា​ឆ្នាំ​១៩៧៩​ តាម​រយៈ​សន្ធិ​សញ្ញា​៕

Tag:
 ព្រំដែន​
© រក្សាសិទ្ធិដោយ thmeythmey.com