ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុម​លោក សុខ ទូច បដិសេធ​ផែនទី២ផ្ទាំង​របស់​សង្គ្រោះ​ជាតិ
14, Aug 2015 , 10:32 am        
រូបភាព
 
ភ្នំពេញ៖ នៅ​ម៉ោង៩ ព្រឹក​ថ្ងៃទី១៤ ខែសីហា នេះ ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា នៃ រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ផ្តើម​បើក​ពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី​នានា ដែល​ពួកគេ​ទទួល​ពី​ភាគី​ពាក់ព័ន្ធ កន្លងទៅ នៅ​រាជបណ្ឌិត្យសភាកម្ពុជា។ក្រុម​លោក សុខ ទូច បានសម្រេច​ច្រានចោល​ផែនទី២ផ្ទាំង​ក្នុងចំណោម២៦ផ្ទាំង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដោយមូលហេតុថាផែនទីនោះខុសពីផែនទីរដ្ឋាភិបាលមិនអាចផ្ទៀងផ្ទាត់បាន។មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្រាវជ្រាវ​រក​ផែនទី​ចំនួន២ផ្ទាំង​ទៀត មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល។



ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន លោក សុខ ទូច ថ្លែងថា ក្រុមការងារ​របស់លោក ទទួល​ផែនទី​ទាំងនេះ ពី​ភាគី​ពាក់ព័ន្ធ ក្នុងនោះ រួមមាន ផែនទី​របស់​រដ្ឋាភិបាល​ចំនួន ២៦ផ្ទាំង គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២៦ផ្ទាំង ផែនទី​របស់​អង្គការសហប្រជាជាតិ (UN) និង​ផែនទី​ក្នុង​បណ្ណាល័យនៅ​ប្រទេស​បារាំង ជាដើម។

ការចាប់ផ្តើម​ពិនិត្យ​ដំបូង ក្រុម​លោក សុខ ទូច បានសម្រេច​ច្រានចោល​ផែនទី២ផ្ទាំង​ក្នុងចំណោម២៦ផ្ទាំង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ។ ក្រុមការងារ​រាជបណ្ឌិត្យសភា កត់សម្គាល់​ឃើញថា ផែនទី​មួយ​ផ្ទាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ទាក់ទង​នឹង​ទឹកដី​វៀតណាម​សុទ្ធសាធ​ដែល​មិនអាច​យកមក​ធ្វើការ​ស្រាវជ្រាវ​បានឡើយ រីឯ​ផែនទី​មួយទៀត គឺជា​ផែនទី​រួម។

លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ ដែល​បាន​ចូលរួម​ផ្ទៀងផ្ទាត់​ផែនទី​របស់​គណបក្ស​ខ្លួន និង​ផែនទី​រដ្ឋាភិបាល​នោះ បាន​បញ្ជាក់ថា លោក​នឹង​លើក​បញ្ហា​នៃ​ខ្វះ​ផែនទី​ពី​ផ្ទាំង​នេះ ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្វែងរក​ផែនទី២ផ្ទាំង​បន្ថែមទៀត យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល។ ខណៈដែល​ផែនទី២៤ផ្ទាំង ក្នុងចំណោម២៦ផ្ទាំង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដូចគ្នា​នឹង​ផែនទី​រដ្ឋាភិបាល​ក៏ដោយ តែ​លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ មិនទាន់​អាច​បញ្ជាក់​ពី​ការ​សម្រេចយក​ផែនទី​រួមជាមួយ​រដ្ឋាភិបាល​នៅឡើយ​ទេ ដោយ​រងចាំ​ការពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាមុនសិន។

ផែនទី​ដែល​ត្រូវបាន​យក​ផ្ទៀ​ត​ផ្ទាត់​នៅ​ព្រឹក​នេះ​រួមមាន ផែនទី​មាន​ប្រភព​មកពី​វិទ្យា​សា្ថ​ន​ភូមិសាស្ត្រ​ជាតិ​បារាំង (IGN) ផែនទី​អង្គការសហប្រជាជាតិ ផែនទី​របស់​រដ្ឋាភិបាល និង​ផែនទី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ។

ភាគី​ពាក់ព័ន្ធ​នានា បាន​ចូលរួម​ក្នុង​ពិធី​ពិនិត្យ​ផែនទី នា​ព្រឹក​នេះ រួមមាន តំណាង​ព្រឹទ្ធសភា តំណាង​រដ្ឋសភា តំណាង​គណបក្ស​ទាំងពីរ ក្រុមប្រឹក្សាធម្មនុញ្ញ រួមទាំង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត៕



Tag:
 សុខ ទូច
  ផែនទី
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com