ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពន្ធដារ​ពី​ស៊ុយអែត
14, Aug 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានស្នើ​សុំ​អាជ្ញាធរ​ពន្ធដារ​នៃ​ប្រទេស ស៊ុយអែត ជួយ​ចែករំលែក​បទពិសោធន៍ល្អៗ ចំពោះ​ការកែទម្រង់​គោលនយោបាយ​ពន្ធដារ និង​រដ្ឋបាល​ពន្ធ​ការ​កម្ពុជា។ 

ការលើកឡើង​បែបនេះ គឺ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា រវាង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​គណៈប្រតិភូ​អាជ្ញាធរ​ពន្ធដារ នៃ​ប្រទេស​ស៊ុយអែត ដែល​ដឹកនាំ​ដោយ លោកស្រី​Anna Maj Hultgard ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា កាលពីពេល​កន្លងទៅ។
 
លោក អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ថ្លែង​កោតសរសើរ និង​សង្ឃឹមថា​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​អាជ្ញាធរ​ពន្ធដារ​ស៊ុយអែត​នាពេលនេះ​ទទួលបាន​លទ្ធផល​ល្អ និង​ឈានទៅ​មានការ​រៀបចំ​គម្រោង​ជំនួយ​បច្ចេកទេស​ដល់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កម្ពុជា។ 
 
ក្នុងជំនួប​នោះ​ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​ផ្តោតលើ​ការស្វែងរក​សក្តានុពល​សម្រាប់​កិច្ចសហប្រតិបត្តិការ រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ជាមួយ​អាជ្ញាធរ​ពន្ធដារ​ស៊ុយអែត ព្រមទាំង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កម្ពុជា ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល និង​បន្ត​ពង្រីក និង​ពង្រឹង​កិច្ច សហប្រតិបត្តិការ​ថែមទៀត​រវាង​កម្ពុជា និង​ស៊ុយអែត៕
 
ប្រភព ៖ AKP
 

Tag:
 ពន្ធដារ
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com