ពីនេះ ពីនោះ
ខុសគ្នា! «អរគុណ» គឺអរចំពោះគុណ​គេ រីឯ «អគុណ» គឺសភាព​មិនមែនជាគុណ
11, Apr 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
បើ​មើល ឬ​សរសេរ​ដោយ​មិនបាន​យកចិត្តទុកដាក់ យើង​មិនឃើញ​ពី​ភាពខុសគ្នា​រវាង ពាក្យ «អរគុណ» និង «អគុណ»  នោះឡើយ។ តែ​តាមពិត វត្តមាន​អក្សរ «រ» នាំ​ឲ្យ​ពាក្យ​ទាំងពីរ មានន័យ​ខុសគ្នា​ទាំងស្រុង។

 
សារព័ត៌មានថ្មីៗ សូម​លើកយក​​ពាក្យ​ទាំងពីរ​នេះ មកពន្យល់​ដោយ​ផ្អែក​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ព្រះសង្ឃរាជ ជួន ណាត ដូចខាងក្រោម៖ 
 
១. ពាក្យ «អរគុណ» កើតចេញពី​ពាក្យ «អរ» និង «គុណ»
-អរ មានន័យថា មាន​អំណរ, មាន​សោមនស្ស, រីករាយ​ចិត្ត, មានចិត្ត​រីករាយ : អរ​ព្រោះ​បានទ្រព្យ​គាប់ចិត្ត; បាន​ឮថា​កូន​ប្រឡង​ជាប់ ខ្ញុំ​អរ​ណាស់ ! ។
 
-គុណ គឺ សេចក្ដីចម្រើន; ថ្នាក់; ជាន់; លក្ខណៈ; ចំណែក; សេចក្ដី​ល្អ; សភាព; បែបបទ...។ សភាវធម៌​ដែល​ចម្រើន​ឡើង​ដោយ​លក្ខណៈ​របស់ខ្លួន​គួរ​គោរព​តបស្នង​នឹង​ខាន ពុំបាន : គុណមាតា, គុណបិតា, គុណគ្រូ, គុណ​លោក​អ្នកមាន​ឧបការៈ​លើ​ខ្លួន ។  ធម៌​ដែល​គួរ​នឹក គួរ​រំពឹង​ដល់ : គុណព្រះពុទ្ធ-ព្រះធម៌-ព្រះសង្ឃ ។
 
- អរគុណ អរ​ចំពោះ​គុណ​គេ, មាន​អំណរគុណ​គេ : ដោយ​គេ​បាន​ជួយសង្គ្រោះ​ខ្ញុំ​បន្តិច​ប៉ុណ្ណឹង ខ្ញុំ​នឹង​អរគុណ​គេ​មិន​ភ្លេច ។ 
 
- អរគុណ ! ពាក្យ​សម្រាប់​ទទួល​អំណរ​ចំពោះ​គុណ​គេ​ក្នុង​ទី​ចំពោះមុខ ។ តាម​ធម្មតា​របស់​អ្នក​សុភាព​ឬ​អ្នកមាន​ច្បាប់, សូម្បី​គ្រាន់តែ​គេ​ហុច​អ្វី​បន្តិចបន្តួច​ឲ្យ​មក​ខ្លួន ឬ​គេ​គូស​ឈើគូស​កាន់​ឲ្យ​ខ្លួន​អុជ​បារី​ប៉ុណ្ណោះ​ក៏ត្រូវ​បញ្ចេញវាចារ អរគុណ​គេ​ថា អរគុណ ! ឬថា អរគុណ​លោក !, អរគុណ​អ្នក ! ... ។
 
២.ពាក្យ «អគុណ»
សភាព​មិនមែនជា​គុណ (ទោស) ។ ពាក្យកាព្យ៖ រី​ជនពាល​ស៊ុន ពុំ​ស្គាល់​អគុណ ថា​គួរ​ចៀសវាង ចេះតែ​ប្រព្រឹត្ត តាមចិត្ត​ពុំ​រាង ជីក​គាស់​រំលាង រំលើង​ឫសគល់ ។ ទោះ​ប្រាជ្ញ​ប្រាយ​ប្រាប់ នៅតែ​ពុំ​ស្ដាប់ ងងឹតងងល់ ងងើល​ចចើង ឡើងចាង​ឥត​យល់ ធម៌​ព្រះ​ទសពល ស្រោចស្រង់​ពុំរួច ។
 
- អគុណកថា  មានន័យ​សម្ដី​ដែលជា​ទោស ។  អគុណភាព គឺ ភាវៈ​ឬ​ដំណើរ​ជា​ទោស ។ល។
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com