ជាតិ
សង្គមជាតិ
យុវជន​នាំគ្នា​ដាំ​ដើមឈើ​នៅ​ក្រុងកែប​ដើម្បី​ទប់ទល់​នឹង​គ្រោះធម្មជាតិ
17, Aug 2015 , 2:35 pm        
រូបភាព
ដោយ: ថ្មីៗ
កែប៖សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​សាខា​ចតុមុខ​បានធ្វើ​ការរៀបចំ​យុទ្ធនា​ការដាំ​ដើមឈើ​មួយ ដែលមាន​ឈ្មោះថា «យើង​នាំគ្នា​ដាំ​ដើម ឈើ ក្រុងកែប ២០១៥!» ក្នុង​ខេត្ត​កែប ដោយមាន​ការចូលរួម​ពី​សមាជិក​ចាស់ និង​ថ្មី សហការី ប្រជាពលរដ្ឋ អ្នកទេសចរ និង​ភាគី​ពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ជាង ១ពាន់​នាក់​កាលពីដើម​ខែសីហា ឆ្នាំ២០១៥ ។


 
នា​ឆ្នាំ២០១១ JCI កម្ពុជា (www.jcicambodia.com)អង្គការ​ថ្នាក់ជាតិ​របស់​យើងខ្ញុំ បានធ្វើ​យុទ្ធនាការ​ដូចគ្នានេះដែរ​នៅក្នុង​ខេត្តសៀមរាប ប្រកបដោយ​លទ្ធផល​វិជ្ជមាន​បំផុត ព្រមទាំង​ការចូលរួម​យ៉ាងសកម្ម​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន ហើយ​នៅ​ឆ្នាំ២០១៤ JCI ចតុមុខ​បាន​រំលឹកស្មារតី​ស្រឡាញ់​បរិស្ថាន​នេះ តាមរយៈ​គម្រោង «តោះ​យើង​នាំគ្នា​ដាំ​ដើមឈើ ក្រុងព្រះសីហនុ ដោយមាន​អ្នកចូលរួម ដល់​ទៅ២ពាន់​នាក់ និង​មានការ​គាំទ្រ​ពី​គ្រប់​ស្ថាប័ន និង​ពលរដ្ឋ។
ក្នុង​ឆ្នាំ​ដដែល​នេះដែរ ដើម្បី​រួមចំណែក​ដល់​ការពារ​ឆ្នេរកែប សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ សាខា​ចតុមុខ កំពុង​ដាក់ចេញ​នូវ​យុទ្ធនា​ការដាំ​ដើម​កោង​កាង​ចំនួន២ពាន់​ដើម និង​ដើមឈើ​សម្រាប់​រុក្ខវិថី និង​ទីសាធារណៈ​ប្រមាណ៤រយ ដើម​នៅក្នុង​ខេត្ត​កែប ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​រួមបញ្ចូល​សកម្មភាព​អប់រំ និង​កម្សាន្ត ដែល​ត្រូវ​បានរៀបចំ​នៅលើ​ឆ្នេរសមុទ្រ​រួមទាំង​នៅ​សាលារៀនផ្សេងៗជាមួយ​ពលរដ្ឋ​នៅ​ទីនោះ​ទាំង​ក្មេង ទាំងចាស់។
 
កម្មវិធី​នេះ​ក៏មាន​ការចូលរួម​ជាពិសេស​អំពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប លោក កែន ស​ត្ថា និង រដ្ឋលេខាធិការ ក្រសួង បរិស្ថាន លោក ស៊ូ សាវុធ។  ដោយឡែក គម្រោង​នេះ​អាច​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន ដោយ​សហការ​ជាមួយ សហភាព សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) និង AISEC Cambodia។ ក្នុងនោះ ក្រសួងបរិស្ថាន​បាន​ឧបត្ថម្ភ​ដើម​កោង​កាង​ចំនួន២ពាន់​ដើម​និង​ដើម​រុក្ខវិថី​ប្រមាណ៤រយ​ដើម។ ស.ស.យ.ក. ជា​ក្រុម​រៀបចំ​ការបោះ​ជុំរុំ សម្រាប់​អ្នកចូលរួម​ពី​ភ្នំពេញ អប់រំ​ពី​ការដាំ​ដើម​កោង​កាង និង​សម្របសម្រួល​ដល់​ការដាំ​ដើមឈើ​ផ្ទាល់​ផង។ រីឯ AISEC Cambodia មាន​ភារកិច្ច​ខាង​ផ្នែក កម្សាន្ត​សម្រាប់​កម្មវិធី​រាត្រី​ថ្ងៃទី០៨ ខែសីហា។ 
ក្រោម​កិច្ចពិភាក្សា​របស់​ក្រុម​បឹ​ក្សា​ភិ​បាល និង សមាជិក​របស់ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ សាខា​ចតុមុខ​បាន​ស្វែងយល់ថា ដើម​កោង​កាង ជា​រុក្ខជាតិ​ដែល​បន្ស៊ាំ​នឹង​ការរស់នៅ​ក្នុង​ទឹកប្រៃ ហើយ​លូតលាស់​ក្នុង​តំបន់​ចន្លោះ​ជំនោរ ហើយ​ដើរតួនាទី​សំខាន់ ជា​របាំង​ការពារ​តំបន់ឆ្នេរ។ ដើម​កោង​កាង​មាន​ដុះ​សឹង​គ្រប់កន្លែង​តាម​ឆ្នេរសមុទ្រ​កម្ពុជា និង​ទ្រទ្រង់​ដល់​សេដ្ឋកិច្ចជាតិ និង​តំបន់ ក៏ដូចជា​បរិស្ថាន​ឆ្នេរ​តាមរយៈ៖ ការផ្តល់​ជា​សម្ភារ​សំណង់​និង​ថាមពល ការផ្តល់​ជម្រក​ដល់​ត្រី​ពង និង​កន្លែង​ភ្ញាស់​កូន ការផ្តល់​ជា​ជម្រក​ដល់ បក្សី​ទឹក និង​ថនិកសត្វ​នានា ការការពារ​តំបន់ឆ្នេរ​ពី​ការ​សឹក​រិច​រិល ការកាត់បន្ថយ​គ្រោះធម្មជាតិ​ដូចជា​ព្យុះ និង​រលក ព្រមទាំង​រក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ​នៅ​តំបន់ឆ្នេរ​ទៀតផង។
 
សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ស្គាល់​នៅ​ឆ្នាំ ២០១០ ដោយមាន​សាខា​ក្នុងស្រុក​ចំនួន​បី​នៅក្នុង​ទីក្រុង​ភ្នំពេញ (ភ្នំពេញ ចតុមុខ និង មេគង្គ) និង​មាន​សមាជិក​ជាង200 ហើយ​សាខា​ចតុមុខ​ត្រូវ​បង្កើតឡើង​នៅ​ឆ្នាំ២០១១ ។ 
 
JCI ត្រូវបាន​បង្កើតឡើងរ​យៈ​ពេល១០០ឆ្នាំ នៅក្នុង​ប្រទេស​ចំនួន១២៤ ទូទាំង​ពិភពលោក ហើយ​មាន​សមាជិក​ប្រមាណ ២០០.០០០នាក់៕ 
 
អត្ថបទ​ផ្តល់អោយ​ដោយ​ក្រុមនិស្សិត
 

Tag:
 ធម្មជាតិ
 ព្រៃឈើ
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com