ពីនេះ ពីនោះ
បង្ក្រាប​អារម្មណ៍​ខឹង​ក្រោធ ត្រូវ​ប្រើ​ចិត្ត ឬ​គំនិត?
18, Aug 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​រស់នៅ​ចាំបាច់​ត្រូវមាន​ទំនាក់ទំនង រាប់អាន បង្កើត​មិត្តភាព​ជាមួយគ្នា​ទៅវិញទៅមក។ ការទំនាក់ទំនង​នេះ​គ្មានអ្វី​ឋិតថេរ​នោះទេ វា​រមែង​តែមាន​ការប្រទាំងប្រទើស​ពាក្យសម្តី​គ្នា ដោយ​ចេតនា ឬ​អ​ចេតនា។ នៅពេលដែល​មនុស្ស​ប្រទាក់​សម្តី​គ្នាខ្លាំងៗ ប្រើ​ទឹកមុខ កាយវិការ​និង​ប្រតិកម្ម​អវិជ្ជមាន​នានា​ដាក់គ្នារ​បែបនេះ ធ្វើ​ឲ្យ​ក្បាល​របស់​បុគ្គល​ទាំងនោះ​បិទបាំង​មិន​ឲ្យ​គិត​អ្វី​ចេញ​ទាំងអស់ គឺ​មានតែ​កំហឹង​ខឹង​ក្រោធ ឬ​អាច​កើតជា​ហិង្សា​ដាក់គ្នា​តែប៉ុណ្ណោះ។ ហេតុអ្វី​បានជា​មនុស្ស​ពិបាក​គ្រប់គ្រង​កំហឹង​ខឹង​ក្រោធ​ខ្លាំង​ម្ល៉េះ? តើ​ត្រូវ​ដោះស្រាយ​អារម្មណ៍​ខឹង​ក្រោធ​នេះ ដោយ​របៀប​ណា?


 
មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​មានការ​ឈឺចាប់ ខឹង​ក្រោធ រំជើបរំជួល​នឹង​ពាក្យសម្តី​របស់គេ រហូត​ឈានទៅដល់​ការ​ស្អប់ និង​ការប្រើ​ហិង្សា​ដាក់គ្នា​យ៉ាង​ដូច្នេះ គឺ​មកពី​បុគ្គល​នោះ​ចូលចិត្ត​យក​ភាសា​បេះដូង​មក​ប្រើ​ច្រើនជាង​យក​សមត្ថភាព​នៃ​គំនិត​មក​ពិចារណា ពោលគឺ​ពួកគេ​ចូលចិត្ត​ផ្តេកផ្តួល​ទៅលើ​អារម្មណ៍​ខ្លាំងពេក និង​យកចិត្ត​មក​គ្រប់​ដណ្តប់​លើ​ខួរក្បាល និង​លើ​គំនិត​មិន​ឲ្យ​គិតអ្វីៗទាំងអស់ ហើយ​ចាប់ផ្តើម​យក​អារម្មណ៍​មក​ដោះស្រាយ​កំហឹង​ជំនួស​ខួរក្បាល​វិញ។
 
ការឈឺចាប់​ខឹងសម្បា​នឹង​អ្នកដទៃ គឺ​មិនមែន​មកពី​ការ​ទទួលរង​នូវ​ប្រតិកម្ម ឬ​ពាក្យសម្តី​អសីលធម៌​ណាមួយ​របស់​អ្នកដទៃ​ជិះ​មកលើ​អ្នក​នោះទេ។ ប៉ុន្តែ​ការខឹង​សម្បា​នេះ​អាច​កើតឡើង លុះត្រាតែ​បុគ្គល​នោះ​ខ្សោយ​ផ្នែក​ការគិត​ពិចារណា ដែល​ធ្វើ​ឲ្យ​អំណាច​នៃ​ការគិត​បែប​អវិជ្ជមាន​មក​គ្រប​សង្កត់​លើ​អារម្មណ៍​របស់ខ្លួន​វិញ។ 
 
ដូច្នេះ ដំណោះស្រាយ​នៃ​កំហឹង​ខឹង​ក្រោធ គឺ​គំនិត​បែប​វិជ្ជមាន។ គំនិត​នេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទប់​អារម្មណ៍​ខឹង​ក្រោធ និង​ដោះស្រាយ​បញ្ហា​នៅពេលដែល​អ្នកទទួលរ​ង​នូវ​ការប៉ះទង្គិច ជិះ​ឥទ្ធិពល​ទៅដល់​ចិត្ត និង​ខ្លួនប្រាណ។ ដូច​ពាក្យ​មួយ​ឃ្លា​បាន​លើកឡើងថា «ធ្វើ​អ្វី​ត្រូវ​ធ្វើតាម​ការគិត កុំ​ធ្វើ​តាមចិត្ត» ព្រោះ​ចិត្ត​មិនមាន​លទ្ធភាព​បែងចែក​ល្អ​ឬ​អាក្រក់ ខុស​ឬ​ត្រូវ​បានទេ គឺ​មានតែ​គំនិត និង​ការគិត​ពិចារណា​ប៉ុណ្ណោះ ដែល​អាចបែងចែក​បាន​ថា​អ្វី​ល្អ អ្វី​អាក្រក់ អ្វី​ខុស និង​អ្វី​ត្រូវ។
 
ទោះបីជា​យ៉ាងណាក៏ដោយ ទាំង​ចិត្ត​និង​គំនិត​មិនអាច​បាត់បង់​មួយណា​បានទេ វា​ត្រូវតែមាន​អន្តរ​ទំនាក់ទំនង​ជាមួយគ្នា​ជានិច្ច ព្រោះ​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​កើតមាន​នូវ​សេចក្តីស្រឡាញ់ មនោសញ្ចេតនា និង​ការខឹង​ស្អប់។ ប៉ុន្តែ​គំនិត​ជួយ​គ្រប់​គ្រង់​អារម្មណ៍ និង​ការប្រព្រឹត្តិ​របស់​ចិត្ត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com