បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក សួស យ៉ា​រ៉ា៖ «យុវជន​CPP ត្រូវមាន​គុណធម៌ ដើម្បី​ទទួល​អ​ម្រែ​ក​ពី​ចាស់ទុំ»
23, Aug 2015 , 11:29 am        
រូបភាព
ក្នុងនាម​ជា​អ្នកនាំពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល លោក សួស យ៉ា​រ៉ា បានផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មានថ្មីៗ ដើម្បី​និយាយ​អំពី​ទស្សនៈទាន​របស់​គណបក្ស​កាន់អំណាច​មួយ​នេះ។ អ្នកនាំពាក្យ​វ័យក្មេង​បាន​ពន្យល់​អំពី​ភាពខ្លាំង​របស់​គណបក្ស​លោក ដែល​ផ្តល់​តម្លៃ​ទៅលើ​ការបង្កើត​តំណ​ភាព​រវាង​ជំនាន់​មនុស្ស​ចាស់​និង​មនុស្ស​ជំនាន់​ថ្មី។ ជាងនេះ​ទៅទៀត បើតាម​ការបញ្ជា​ក់រប​ស់លោក សួស យ៉ា​រ៉ា ដដែល មនុស្ស​ជំនាន់​ថ្មី​ត្រូវមាន​គុណធម៌​ខ្ពស់ ក្នុងការ​ទទួល​មរតក​ពី​ចាស់ទុំ ហើយ​រក្សា និង​អភិវឌ្ឍ​មរតក​ទាំងនោះ​ទៅ​អនាគត​ទៀតផង។



សូម​លោក​អ្នកអាន​បទសម្ភាសន៍​រវាង​លោក លាង ដឺ​លុច និពន្ធ​នាយក​នៃ​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូចតទៅ៖
 
លោក លាង ដឺ​លុច៖ លើសពី​តួនាទី​ជា​អ្នកតំណាងរាស្ត្រ​ដែលជា​តួនាទី​មមាញឹក​ហើយ​នោះ លោក​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើសរើស​ឲ្យ​ធ្វើជា​អ្នកនាំពាក្យ​ដែល​មិនមែនជា​តួនាទី​តូចតាច​ទៀត។ សម្រាប់​លោក តើ​តួនាទី​អ្នកនាំពាក្យ​របស់​គណបក្ស​កាន់អំណាច វា​បានធ្វើ​ឲ្យ​មាន​មោទនភាព ឬក៏​វា​ធ្វើ​ឲ្យ​លោក​បារម្ភ​ទៅវិញ?
លោក សួស យ៉ា​រ៉ា៖ មនុស្ស​យើង​រីករាយ​ណាស់ នៅពេល​ថ្នាក់ដឹកនាំ​ទុកចិត្ត ហើយ​ប្រគល់​ការងារ​ឲ្យ។ បើ​ការងារ​នោះ​មានការ​ប្រឈម​ច្រើន យើង​ក៏​បារម្ភ​ដែរ ថា​តើ​យើង​អាចធ្វើ​ការងារ​នោះបាន​ដែរឬទេ? តើ​យើង​អាចបំពេញ​ការងារ​នោះ តប​តាម​ការទុកចិត្ត និង​ការស្រឡាញ់​របស់​ថ្នាក់ដឹកនាំ​ទាំងអស់​បានដែរ​ឬទេ? ខ្ញុំ​ក៏​ធ្លាប់​សួរ​ខ្លួនឯង​ដែរ។ ដូច្នេះ ជា​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​យល់ថា វា​ជា​ការងារ​មួយ​ដែល​ខ្ញុំ​ត្រូវបំពេញ​ដោយ​ប្រយ័ត្នប្រយែង​បំផុត។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅពេល​យើង​បញ្ជូន​សារ​មួយ​ទៅ​សាធារណៈជន​ហើយ សារ​នោះ​ត្រូវតែ​អនុវត្ត ត្រូវតែ​ជាការ​ពិត និង​ផ្លូវការ។ មិនមែន ជា​សារ​ប្រជា​ភិ​ថុ​ត​ទេ។ ព្រោះ​សារ​ប្រជា​ភិ​ថុ​ត នឹង​អាចមាន​ផលវិបាក​ត្រឡប់មកវិញ។ អ្វីដែល​ខ្ញុំ​ប្រឹងរៀន​សូត្រ​បន្ថែម ក្នុង​អាជីព គឺ​ការកសាង​ជំនឿ​ក្នុងចំណោម​ប្រជាជន មកលើ​គណបក្ស​ប្រជាជន​កម្ពុជា។
 
លោក លាង ដឺ​លុច៖ គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​វ័យ​ចំណាស់​ជាងគេ​មួយ​នៅ​កម្ពុជា។ ថ្វីដ្បិតតែ​គណបក្ស​នេះ​កំពុង​បន្ត​កាន់អំណាច​ក្នុង​នីតិកាល​ទី៥នេះ​មែន ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​ចុងក្រោយ​ដែល​បង្ហាញ​ពី​ការធ្លាក់ចុះ​ប្រជាប្រិយភាព​របស់​គណបក្ស​នេះ ការិយាល័យ​នយោបាយ​របស់​គណបក្ស​នេះ​បានបង្ហាញ​ពី​ការលើកស្ទួយ និង​ជំរុញ​មនុស្ស​ជំនាន់​ក្រោយ​យ៉ាងខ្លាំង។ តើ​លោក​អាច​ពន្យល់​ប្រាប់​បានទេ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវការ​មនុស្ស​ជំនាន់​ក្រោយ​ច្រើន​ប៉ុណ្ណា​ដើម្បី​ជួយ​ស្តារ​ប្រជាប្រិយភាព​គណបក្ស​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងវិញ?
លោក សួស យ៉ា​រ៉ា៖ ការកសាង​គណបក្ស​មួយ យើង​ត្រូវការ​ពេលវេលា និង​ដំណ​ភាព។ ខ្ញុំ​ចង់​ជម្រាប​ថា ភាពខ្លាំង​របស់​គណបក្ស​មួយ គឺ​មិនមែន​ការផ្លាស់ប្តូរ​ទេ។ ភាពខ្លាំង​របស់​បក្ស​មួយ គឺ​សំដៅលើ​តំណ​ភាព។ បើសិនជា​បក្ស​មួយ​អាច​កសាង​មរតក​បានល្អ ហើយ​ផ្ទេរមរតក​នោះ​ឲ្យ​អ្នកជំនាន់ក្រោយ​បាន ទើប​ជា​ជ័យជម្នះ​របស់​បក្ស។ មិនមែន ទាល់តែ​ផ្លាស់ប្តូរ​ទើប​ល្អ​នោះទេ។ ហេតុ​ដូច្នេះហើយ បានជា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើពាក្យ​ថា កំណែទម្រង់។ គឺ​កំណែទម្រង់ ប្រកបដោយ​តំណ​ភាព។ មានន័យថា រក្សា​ចាស់ បង្កើន​ថ្មី។ អ៊ីចឹង​បានជា​មិត្តភក្តិ ឬ​ខ្ញុំ ពួកយើង​ធ្វើ​យ៉ាងម៉េច​ក៏ដោយ គឺ​យើង​ត្រូវ​រៀនសូត្រ​ពីចាស់ៗ បូក​ជាមួយ​ចំណេះដឹង​របស់​យើង​ដែលមាន​ស្រាប់។ យើង​ធ្វើ​ឲ្យ​មាន​តំណ​ភាព។ ការបង្កើត​តំណ​ភាព​នេះហើយ ដែល​ធ្វើអោយ​គណបក្ស​ទាំងមូល បាន​កាន់អំណាច​រយៈពេល​ជិត៤០ឆ្នាំ​មកនេះ។  នឹងមាន​តំណ​ភាព​ទៀត។ គណបក្ស​មាន​វ័យ៦៤ឆ្នាំ​ហើយ ស្មើនឹង៣ ទៅ៤ជំនាន់​ហើយ។ តើ​ជំនាន់​យើង​ត្រូវ​បន្ត​របៀប​ម៉េច? ដូច្នេះ​មនុស្ស​ជំនាន់​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន ភារកិច្ច ម៉ឺងម៉ាត់​ក្នុង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន ដើម្បី​នាំ​ជំនឿ​របស់​ប្រជាជន មកលើ​គណបក្ស ដើម្បី​គណបក្ស​មានឱកាស​ពង្រឹង​ទស្សនវិជ្ជា​នយោបាយ នាំ​ប្រទេស​ទៅ​សុភមង្គល។ ក្នុង​តំណ​ភាព​នេះ យុវជន​ត្រូវមាន​ភាពក្លាហាន ប្រើប្រាស់​ចំណេះវិជ្ជា​របស់ខ្លួន ស្រប​នឹង​និន្នាការ​ប្រទេស និង​របត់​នយោបាយ​អ​ន្ត​រ​ជាតិ។
 
លោក លាង ដឺ​លុច៖ បើ​និយាយ​អំពី​តំណ​ភាព តើ​លោក​យល់ថា​មនុស្ស​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ត្រូវមាន​សមត្ថភាព​អ្វីខ្លះ ដើម្បី​អាច​ទទួល​មរតក​ពី​ចាស់ទុំ​បាន?
លោក សួស យ៉ា​រ៉ា៖ ការកសាង​សង្គម​មាន២កត្តា។ គឺ​នយោបាយ និង​សេដ្ឋកិច្ច ត្រូវ​ដើរ​ទន្ទឹមគ្នា។ តែ​ខ្ញុំ​ថា នៅមាន​កត្តា​មួយទៀត ដែល​ត្រូវ​ហ្វឹកហ្វឺន​តំណើរ​ស្របគ្នា​ដែរ នោះ​គឺ ហ្វឹកហ្វឺន​ទស្សនៈ​មនុស្សនិយម។ ទស្សនៈ​មនុស្សនិយម​នេះ គឺ​សំខាន់បំផុត។ ធ្វើ​អ្វី​ក៏ដោយ ទាំង​សេដ្ឋកិច្ច និង​នយោបាយ គឺ​ត្រូវ​បម្រើ​មនុស្សជាតិ ត្រូវ​បម្រើ​គុណធម៌​របស់​មនុស្ស។ បើ​មនុស្ស​គ្មាន​គុណធម៌​ហើយ ទោះ​ពូកែ​ទាំង​សេដ្ឋកិច្ច និង​នយោបាយ ក៏​មិនអាច​ទទួល​អ​ម្រែ​ក​ពី​ថ្នាក់ដឹកនាំ​ដែល​បាន​កសាង​ប្រទេស​ថ្មី​មក​នោះទេ។ ត្រូវធ្វើ​អ្វី​ដើម្បី​គុណធម៌ ដើម្បី​សីលធម៌​ប្រទេស ធ្វើ​អ្វី​ដើម្បី​មរតក ទើប​ប្រទេស​អាច​រឹងមាំ​បាន។
 
លោក លាង ដឺ​លុច៖ យើង​គួរ​ទទួលស្គាល់ថា អ្នកបោះឆ្នោត​ក្នុងពេល​បច្ចុប្បន្ន និង​នៅ​ថ្ងៃ​ខាងមុខ សុទ្ធតែ​មានការ​អប់រំ​ខ្ពស់ និង​មានការ​យល់ដឹង​ច្រើន។ ការចែក​អំណោយ​ប្រហែល​វា​លែង​ក្លាយជា​វិធី​តែមួយ​នៃ​ការទាក់ទាញ​សម្មានចិត្ត​ពលរដ្ឋ​អ្នកបោះឆ្នោត​ហើយ។ សំណួរ​ចុងក្រោយ​របស់ខ្ញុំ​គឺថា តើ​មនុស្ស​ជំនាន់​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​យុទ្ធវិធី​យ៉ាងណា ឬ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ?
លោក សួស យ៉ា​រ៉ា៖ ក្នុងនាម​អ្នកនយោបាយ​វ័យក្មេង ខ្ញុំ​យល់ថា ដើម្បី​ទាក់ទាញ​សម្មានចិត្ត​ប្រជាជន​ក្នុង​សម័យនេះ យើង​ត្រូវមាន៣យ៉ាង៖ ទី១ គឺ​ការឆ្លើយតប។ ក្នុងនាម​មន្ត្រី តើ​ត្រូវ​ឆ្លើយតប​បែបណា​ចំពោះ​តម្រូវការ​របស់​ពលរ​ដ្ឋ។ ប្រជាជន​មិនត្រូវ​ការ​អំណោយ​ទៀត​ទេ។ តើ​ឆ្លើយតប​របៀប​ម៉េច? ទី២ គឺ​កា​រទ​ទួ​ខុសត្រូវ។ បើ​មាន​ប្រធាន​ស័ក តើ​ការទទួលខុសត្រូវ​កម្រិត​ណា​ដើម្បី​ការរស់នៅ​របស់​ពលរ​ដ្ឋ។ ទី៣ គឺ​បញ្ហា​ជាតិនិយម ដែលជា​បញ្ហា​ក្តៅ។ តើ​អ្នក​បានធ្វើ​អ្វីខ្លះ ដើម្បី​លើក​តម្លៃ​ជាតិ​របស់​យើង ក្នុង​អតីត និង​បច្ចុប្បន្ន អោយឃើញ​ខុសគ្នា។ ៣ចំនុច​នេះ ដែល​ខ្ញុំ​គិតថា មនុស្ស​ជំនាន់​ថ្មី​របស់​បក្ស​ប្រជាជន​អាច​ចូលរួម​ដើម្បី​ទាក់ទាញ​សម្មានចិត្ត​អ្នកបោះឆ្នោត៕

Tag:
 សួស យ៉ា​រ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com