ជាតិ
សង្គមជាតិ
ព្រៃវែង៖ អនុរក្ស​ម្នាក់​យក​ទូរ​សព្ទ​ដៃ​តាម​ខ្លួន ប្រព្រឹត្ត​ផ្ទុយ​វិន័យ​ក្រសួង​អប់រំ
24, Aug 2015 , 9:36 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ប្រធាន​មេ​ប្រយោគ​ប្រចាំ​មណ្ឌល​ប្រឡង​មួយ​ក្នុង​ខេត្តព្រៃវែង បាន​ដកហូត​ទូរស័ព្ទដៃ​របស់ អនុរក្ស​ម្នាក់ នៅ​ព្រឹក​ថ្ងៃ២៤ សីហា។ នេះ​បើតាម​ការផ្សាយ​លើទំព័រហ្វេសប៊ុក​អង្គភាព​ប្រឆាំងអំពើពុករលួយ ដែលរាយការណ៍​ដោយលោក នួន បូ​ផល អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​អំពើពុករលួយ។



បើតាមការផ្សាយដែល ACU ​មិន​បញ្ចេញ​អត្តសញ្ញាណ​អនុរក្ស ករណី​មួយ​នេះ ​ជា​កំហុស​របស់​អនុរក្ស ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា។

កាលពី​ថ្ងៃទី១៩ ខែសីហា រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា រ៉ុ​ន បញ្ជាក់ថា អ្នក​ដែល​អាច​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ក្នុង​មណ្ឌល​ប្រឡងនីមួយៗ រួមមាន គណៈមេប្រយោគ​ទូទាំងប្រទេស ប្រធាន​អប្បមាទ ប្រធាន​មណ្ឌល​សំណេរ​ប្រធាន​កម្លាំង​ការពារ​ម្នាក់ និង​អ្នកសង្កេតការណ៍ ប៉ុណ្ណោះ។

ចំពោះ​កម្រិត​ពិន័យ​រដ្ឋបាល​លើ​មន្ត្រី​អប់រំ​វិញ លោក​រដ្ឋមន្ត្រី​រៀបរាប់​ពី​ទណ្ឌកម្ម​ខាង​វិន័យ​ថា ចែកចេញជា​ពីរ​កម្រិត​គឺ កម្រិត​ទីមួយ, ការស្តីបន្ទោស, ការបន្ទោស​ដោយមាន​ចំណារ​ក្នុង​សំណុំលិខិត​ផ្ទាល់ខ្លួន, ការផ្លាស់​ដោយ​បង្ខំ​តាម​វិធានការ​ខាង​វិន័យ, ការ​លុបឈ្មោះ​ចេញពី​តារាង​ឡើង​ឋានន្តរស័ក្ដិ ឬ​ថ្នាក់​ជាដើម​ចំពោះ​មន្ត្រី​អប់រំ​ប្រព្រឹត្ត​កំហុស។
ទណ្ឌកម្ម​កម្រិត​មួយ រួមមាន អនុញ្ញាត​ឲ្យ​បេក្ខជន​ចម្លង​កិច្ចការ​គ្នា,អនុញ្ញាត​ឲ្យ​បេក្ខជន​យក​សំណៅ​ឯកសារ​និង​ឧបករណ៍​អេឡិចត្រូនិក​ចូលក្នុង​បន្ទប់​ប្រឡង, អនុញ្ញាត​ឲ្យ​បេក្ខជន​និយាយ​ឆ្លើយឆ្លង​គ្នា​ឬ​ដើរ​ពី​តុ​មួយ​ទៅ​តុ​មួយ, យក​សំណៅ​ឯកសារ​ពី​អ្នកដទៃ​ឬ​ពី​បេក្ខជន​ម្នាក់​ទៅ​ឲ្យ​បេក្ខជន​ម្នាក់ទៀត​ចម្លង,ប្ដូរ​ប្លង់​តុ​ឲ្យ​បេក្ខជន​ខុសពី​ការកំណត់​របស់​គណៈមេប្រយោគ, អនុញ្ញាត​ឲ្យ​សិស្ស​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​បន្ទប់​ប្រឡង, ដាក់ពិន្ទុ​ខុស​ប្រក្រតី​ក្នុង​ការកែ​សន្លឹក​កិច្ចការ​បេក្ខជន, អនុញ្ញាត​ឲ្យ​អ្នកដទៃ​ប្រឡង​ជំនួស​បេក្ខជន, និង​ជួយ​លាក់កំបាំង​ទង្វើ​មិន​ត្រឹមត្រូវ​របស់​មន្ត្រី​អប់រំ​ផ្សេងទៀត។

ដោយឡែក ទណ្ឌកម្ម​ខាង​វិន័យ​កម្រិត​ទី​ពីរ គឺ​ការស្ដីបន្ទោស​ជា​ទម្ងន់​និង​លុបឈ្មោះ​ចេញពី​តារាង​ឡើង​ឋានន្តរស័ក្ដិ ឬ​ថ្នាក់, ដាក់​ឲ្យ​នៅ​ទំនេរ​គ្មាន​បៀវត្ស​មិន​ឲ្យ​លើសពី​មួយឆ្នាំ, ព្រមទាំង​ដាក់​ឲ្យ​ចូលនិវត្តន៍​មុន​កំណត់ ឬ​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ​និង​បណ្ដេញ​ចេញពី​មុខតំណែង​រាជការ​ជាដើម។

មន្ត្រី​អប់រំ​ដែល​ចាត់​ថា​ប្រព្រឹត្ត​កំហុស​នេះ រួមមាន មន្ត្រី​ជួយ​ធ្វើ​ចម្លើយ​ឲ្យ​បេក្ខជន​និង​ធ្វើចរាចរ​ចម្លើយ​ពី​បន្ទប់​ប្រឡង​មួយ​ទៅ​បន្ទប់​មួយទៀត, ជួយ​បេក្ខជន​ដោយ​សហការគ្នា​មើលផ្លូវ​គណៈ​គ្រប់គ្រង, ផ្ដល់​សញ្ញា​ឲ្យ​សិស្ស​ឬ​ផ្ដល់​លេខ​សម្ងាត់​ដល់​អ្នក​កែ​ដើម្បី​ជា​សញ្ញា​សម្រាប់​កែ​កិច្ចការ,ធ្វើឲ្យបែកធ្លាយវិញ្ញាសា, ប្ដូរសន្លឹកកិច្ចការឲ្យបេក្ខជនក្រោយពេលប្រឡងរួច, សរសេរបន្ថែមខ្លឹមសារលើសន្លឹកកិច្ចការបេក្ខជន, បញ្ចុះបញ្ចូលបេក្ខជន ឬអ្នកអាណាព្យាបាលឲ្យសូកប៉ាន់ដើម្បីប្រឡងជាប់ឬទទួលបាន និទ្ទេសល្អ, បង្កើតបណ្ដាញស្វែងរកផលកម្រៃពីការប្រឡង, ទទួលប្រាក់ពីបេក្ខជនជាថ្នូរនឹងការចម្លង ឬធ្វើចម្លើយឲ្យបេក្ខជន, គំរាម ឬសម្លុតបេក្ខជនក្នុងពេលប្រឡង, និងបង្កើតក្រុមធ្វើចម្លើយក្នុងពេលកំពុងដំណើរការប្រឡង និងការចូលរួមឬឲ្យគេធ្វើគណៈកម្មការជំនួសបុគ្គលិកអប់រំទូទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com