អន្តរជាតិ
ម៉ាឡេស៊ី​ចេញមុខ​ធ្វើ​អ្នកសម្របសម្រួល​ការ​ចរចា​វាង​រដ្ឋាភិបាល​ថៃ​និង​ក្រុម​ឧទ្ទាម​ភាគខាងត្បូង
25, Aug 2015 , 4:51 pm        
រូបភាព
ដោយ:
អ្នកតំណាង​របស់​រដ្ឋា​ភិ​បាល​ថៃ និង តំណាង​ក្រុម​ឧទ្ទាម​ភាគខាងត្បូង នឹង​ផ្តើម​ការចរចា​ជំហាន​ដំបូង ដើម្បី​កាត់បន្ថយ​ការប្រឈមមុខគ្នា ក្រោម​ការសម្របសម្រួល​ដោយ​ភាគី​ម៉ាឡេស៊ី​នៅក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ។

 

 
តាម​ការគ្រោងទុក​នៅ​ថ្ងៃស្អែក​នេះ អ្នកតំណាង​រដ្ឋាភិបាល​ថៃ និង ក្រុម​ឧទ្ទាម​ភាគខាងត្បូង នឹង​ផ្តើម កិច្ចចរចា ដោយមាន​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់ ភាគខាងត្បូង​ថៃ​កន្លងមក។ ជំនួប​នេះ គឺជា​លើកដំបូង​ហើយ​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ព្រមព្រៀង​ធ្វើជា​អ្នកសម្របសម្រួល​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ឆ្នាំមុន។
 
យោងតាម​លោក  Ahmad Zamzamin Hashim ជា​អ្នកសម្របសម្រួល​ម៉ាឡេស៊ី ជំនួប​រវាង​ភាគី​រដ្ឋា ភិ​បាល​ថៃ និង ក្រុម​ឧទ្ទាម មិនទាន់​បានកំណត់​ពី​របៀប​វីរៈ​នៅឡើយ​នោះទេ ក៏ប៉ុន្តែ​ជំនួប​នេះ គឺជា​ការ ផ្សារភ្ជាប់​ទំនាក់ទំនង​ភាគី​ទាំងពីរ​ជាមុនសិន។ លោក​សង្ឃឹមថា ជំនួប​នេះ នឹង​ជួយ​ត្រួស​ត្រាច​ផ្លូវ សម្រាប់​ភាគី​ទាំងពីរ ដើម្បី​ឲ្យ​មានការ​យោគយល់​គ្នា​ជារួម​មួយ​លើ​បញ្ហា ដែល​អាច​ជំរុញ​ឲ្យ​ការចរចា​គ្នា នៅ​កម្រិត​បន្តបន្ទាប់។ 
 
ក្នុង​រយៈពេល​ចុងក្រោយ​នេះ អំពើ​ឃាតកម្ម​នៃ​ការបាញ់សម្លាប់​ប្រជាជន និង ការប្រឈមមុខគ្នា​រវាង ក្រុម​ឧទ្ទាម និង ក្រុម​ប៉ូលីស​នៅក្នុង​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស បាន​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់។ សកម្មភាព​នេះ ពិតជា​បាន​គំរាមកំហែង​ដល់​សន្តិសុខសម្រាប់​ប្រជាជន​ស្លូតត្រង់​ដែល​រស់នៅ ទីនោះ​ផងដែរ។ 
 
ជុំវិញ​បញ្ហា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ Aksara Kerdpol ជា​អ្នកតំណាង​ភាគី​រដ្ឋាភិបាល​ថៃ បាន​អះអាងថា ការកំណត់​តំបន់​សុវត្ថិភាព គឺជា​បញ្ហា​អាទិភាព​ដែល​នឹង​លើក​ក្នុង​របៀបវារៈ​នេះ។ 
សូម​រម្លឹក​ផងដែរ កាលពី​ចុងឆ្នាំ២០១៤ លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចាន់​អូ​ចា បានធ្វើ​ទស្សនកិច្ច ទៅកាន់​ម៉ាឡេស៊ី ហើយ​ក្នុងនោះ លោក​បាន​ព្រមព្រៀង​ជាមួយ​លោក ណា​ជីប ដើម្បី​ជួយ​ធ្វើជា​អ្នក សម្របសម្រួល​ក្នុង​បញ្ហា​នេះ។ 
 
សូមរ​បញ្ជាក់​ផងដែរ​ថា ក្រុម​ឧទ្ទាម​ភាគខាងត្បូង ឬ Mara Patani  គឺជា​សម្ព​ន្ធ័​នៃ​ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន ប្រាំមួយ​ក្រុម ដែលមាន​ឥទ្ធិពល​នៅ​តំបន់​ភាគខាងត្បូង​ថៃ។ ហើយ​សកម្មភាព​ដែល​ពួកគេ​បានធ្វើ​កន្លង មក​ញឹកញាប់ គឺ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត។ ចំពោះ​ការចង់បាន​របស់​ពួកគេ​និង តែងតែ​ត្រូវបាន​រដ្ឋា ភិ​បាល​ថៃ​ច្រានចោល​ជា​បន្តបន្ទាប់​នោះ​គឺ ការទាមទារ​ស្វ័យភាព​គ្រប់គ្រង​នៅក្នុង​តំបន់។ 
 
កន្លងមក​រដ្ឋាភិបាល​ថៃ បានចេញ​វិធានការ​ជាច្រើន​រួមមាន​ទាំង​ការប្រើប្រាស់​ហិង្សា​ដោយ​ប្រដាប់អាវុធ និង បច្ចេក​ក្នុងការ​គ្រប់គ្រង​DNA ដើម្បី​ងាយស្រួល​ក្នុងការ​កំណត់​មុខសញ្ញា​ជនល្មើស ដែល​បាន ប្រព្រឹត្ត​នៅ​តំបន់​ភាគខាងត្បូង។ យ៉ាងណាមិញ យន្តការ​ទាំងនេះ ត្រូវបាន​បរាជ័យ​ជា​បន្តបន្ទាប់ ក្នុង​អាណត្តិ​របស់​រដ្ឋាភិបាល​ថៃ៕ 
 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com