ព័ត៍មានសុខភាព
សុខភាព៖ ជំងឺស្វាយ បង្កឡើង​ដោយ​មូលហេតុ​អ្វីខ្លះ?
24, Oct 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ជំងឺស្វាយ គឺជា​ការបង្ក​រោគ ដោយ​បាក់តេរី​មួយ​ប្រភេទ ដែល​ច្រើនតែ​ឆ្លង​តាមរយៈ​ការរួម​ភេទ។ ជំងឺ​នេះ ចាប់ផ្តើម​មាន​ជាមួយនឹង​ដំបៅ ដែល​គ្មាន​ការឈឺចាប់ ហើយ​តែងតែ​កើតមាន នៅលើ​ប្រដាប់ភេទ រន្ធ​គូថ ឬ​មាត់។ ជំងឺស្វាយ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត តាមរយៈ​ការប៉ះពាល់​លើ​ស្បែក ឬ​តំបន់​ស្បែក​ដែលមាន​ទឹករំអិល ហើយ​មាន​ដំបៅ។


 
ក្រោយពី​ឆ្លង​ជំងឺ​នេះ​រួច បាក់តេរី នឹង​សម្ងំ​ក្នុង​រាងកាយ រយៈពេល​ច្រើន​ឆ្នាំ មុនពេល​ក្លាយខ្លួន ទៅជា​បាក់តេរី​ដែល​សកម្ម​ម្តងទៀត។ ចំពោះ​អ្នក​ជំងឺឆ្លង ភ្លាមៗ អាច​ព្យាបាល​ជាសះស្បើយ ដោយ​ការចាក់​ថ្នាំ​ផ្សះ Penicillin។ បើ​មិនមាន​ការព្យាបាល​ទេនោះ ជំងឺ​នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​បេះដូង ខួរក្បាល ឬ​សរីរាង្គផ្សេងៗទៀត ព្រមទាំង​ប៉ះពាល់​ដល់​អាយុជីវិត​ទៀតផង។
 
នៅ​សហរដ្ឋអាមេរិក ស្ត្រី​ដែល​កើត​ជំងឺស្វាយ ត្រូវបាន​ថយចុះ​ចាប់តាំងពី​ឆ្នាំ ២០១០ មក​ម្លេះ ប៉ុន្តែ បែរជា​ឃើញ​ច្រើន លើ​បុរស​ទៅវិញ ជាពិសេស បុរស​ដែល​រួមភេទ​ដូចគ្នា។ ការ​មាន​ដំបៅ​នៅ​ប្រដាប់ភេទ ដែល​ទាក់ទង​នឹង​ជំងឺស្វាយ អាចធ្វើ​ឲ្យ​ងាយ​នឹង​ឆ្លង​ជំងឺអេដស៍​ខ្លាំង។ មូលហេតុ​របស់​ជំងឺស្វាយ គឺ​បង្កឡើង​ដោយ​បាក់តេរី​មួយ​ប្រភេទ ឈ្មោះថា Treponema Pallidum។ ផ្លូវ​ឆ្លង​ដែល​គេ ជួបប្រទះ​ញឹកញាប់​ជាងគេ​បំផុត​នោះ​គឺ ការប៉ះពាល់​ដំបៅ​របស់​អ្នកជំងឺ ក្នុងពេល​រួមភេទ។ បាក់តេរី អាច​ឆ្លង​ចូលទៅក្នុង​រាងកាយ​បាន តាមរយៈ​ការ​ដាច់​រលាត់​តិចតួច ឬ​រហែក​ស្បែក។ ជំងឺស្វាយ គឺជា​ជំងឺ​ដែលមាន​អត្រា នៃ​ការឆ្លង​ខ្ពស់។
 
អ្វីដែល​មិនសូវ​ជួបប្រទះ​នោះ​គឺថា ជំងឺស្វាយ ប្រហែលជា​ចម្លង​តាមរយៈ ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ដោយ​គ្មាន​ការការពារ (ការ​ថើ​ម​ជាដើម) ឬ​ចម្លង​ពី​ម្តាយ​ដែលមាន​ជំងឺ ទៅ​ឲ្យ​កូន​ក្នុង​ផ្ទៃ ឬ​សម្រាលកូន (ពេល​មាន​ដំបៅ​នៅ​ប្រដាប់ភេទ)។ ជំងឺស្វាយ មិនអាច​ចម្លង​បាន តាមរយៈ​ការប្រើប្រាស់​បង្គន់​រួមគ្នា រ៉ូ​ប៊ី​ណេ​ទឹក​រួមគ្នា សម្លៀកបំពាក់​រួមគ្នា ឬ​ប្រើ​សម្ភារៈ​ក្នុង​ផ្ទះបាយ​រួមគ្នា​ឡើយ។
 
នៅពេល​ជំងឺស្វាយ ត្រូវបាន​ជាសះស្បើយ​ហើយ វា​នឹង​មិនអាច​កើតឡើង​មកវិញ​ទេ។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​អាច​នឹង​ឆ្លង​ជំងឺ​នេះ​ម្តងទៀត បើសិនជា​អ្នក​នៅតែមាន​ទំនាក់ទំនង​ផ្លូវភេទ ជាមួយ​មនុស្ស​ដែលមាន​ដំបៅ​ជំងឺស្វាយ៕ 
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com