ព័ត៍មានសុខភាព
សុខភាព៖ អត្ថប្រយោជន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល របស់​ម្រេចខ្មៅ
04, Nov 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

 
ក្រៅពី​រសជាតិ​ហឹរតិចៗរបស់​ម្រេចខ្មៅ វា​ក៏​ផ្តល់​ជា​គ្រឿងផ្សំ​ដ៏​ឈ្ងុយឆ្ងាញ់ ដល់​ម្ហូបអាហារ​របស់​មេផ្ទះ​គ្រប់រូប ដែល​និយម​ភាព​ហឹរ តាមបែប​ធម្មជាតិ​រប​ស់វា​ដែរ។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ម្រេចខ្មៅ នឹង​ផ្តល់នូវ​អត្ថប្រយោជន៍ ដ៏​អស្ចារ្យ​មួយចំនួនទៀត ដល់​សុខភាព​មនុស្ស​យើង ដូចជា អាច​យកមក​ផ្តាច់​បារី ជំនួយ​ដល់​ការឈឺចាប់ ជួយ​ឲ្យ​ការបោក​សម្លៀកបំពាក់​កាន់តែ​ស្អាត​ល្អ បំបាត់​ការ​តឹង​ច្រមុះ និងអ្វីៗជាច្រើន​ទៀត។

ជួយ​រក្សា​ពណ៌​សម្លៀកបំពាក់​ពេល​បោក
តើ​ពណ៌​សម្លៀកបំពាក់​ដែល​អ្នក​ចូលចិត្ត កំពុងតែ​ខូចខាត ដោយសារតែ​ការបោក​សម្លៀកបំពាក់​ញឹកញាប់​ពេក​មែន​ទេ? តើ​មាន​ដំណោះស្រាយ​ហើយ ឬ​នៅ? អ្នក​គួរតែ​រោយ​ម្រេចខ្មៅ​មួយ​ស្លាបព្រា លើ​សម្លៀក​ផង មុននឹង​បើកទឹក​បោក​សម្លៀកបំពាក់​ក្នុង​ម៉ាស៊ីន។ ការធ្វើ​បែបនេះ នឹង​ជួយ​ថែរក្សា​ពណ៌​សម្លៀកបំពាក់ កុំ​ឲ្យ​បែកចេញ និង​រក្សា​ភាព​ភ្លឺរលោង​របស់​សម្លៀកបំពាក់​បាន​ទៀត។
 
សម្រួល​ដល់​ការ​ក្អកមាន​ស្លេស
ឥឡូវនេះ អ្នក​អាច​លុបបំបាត់ ការ​ក្អកមាន​ស្លេស បាន​យ៉ាង​ងាយ​តាមរយៈ ការ​ញ៉ាំ​តែ​ម្រេច លាយ​ទឹកឃ្មុំ​មួយ​ពែង។ ឥទ្ធិពល​របស់​ម្រេច នឹង​ភ្ញោ​ច​ទៅ​របត់​ឈាម​រត់ និង​ជួយ​ឲ្យ​ស្លេស​ចេញ​បាន​ស្រួល ខណៈពេលដែល​ទឹកឃ្មុំ ដើរតួនាទី​ជា​ថ្នាំ​ផ្សះ និង​បំបាត់​ការ​ក្អក​តាមបែប​ធម្មជាតិ។ ចូរ​លាយ​ម្រេចខ្មៅស្រស់ៗមួយ​ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកឃ្មុំ​ពីរ​ស្លាបព្រា​បាយ​ក្នុង​ពែង​មួយ។ បន្ទាប់មក ចាក់ទឹក​ដាំ​ពុះ​បំពេញ​ល្បាយ​នេះ ហើយ​ទុកចោល ១៥ នាទី។ ពេលនេះ អ្នក​អាច​ក្រេប​រសជាតិ​របស់​វាតិចៗបាន​ហើយ។ វិធី​ដើម្បី​បំបាត់​ការ​ក្អក​មួយទៀត​គឺ រោយ​ម្រេចខ្មៅ​លើ​ចំណិត​ក្រូចឆ្មារ ហើយ​ព្យាយាម​ជញ្ជក់​ក្រូចឆ្មារ​នោះ​រហូតដល់​មាន​អារម្មណ៍​ថា ការ​ក្អក​របស់​អ្នក​ធូរស្រាល​ហើយ។
 
ជំនួយ​ដល់​ការផ្តាច់​បារី
តាម​ការសិក្សា​មួយ ដែល​ចុះផ្សាយ​កាលពី​ឆ្នាំ ២០១៣ ក្នុង​សារព័ត៌មាន Joual of Alteative and Complementary Medicine បាន​រកឃើញថា ការ​ស្រូប​ក្លិន​របស់​ប្រេង​ម្រេចខ្មៅ អាចជួយ​កាត់បន្ថយ​ការស្រេកឃ្លាន របស់​អ្នកញៀន​ជាតិ​នីកូទីន។ នៅពេល​ពួកគេ​ធ្វើការ​សម្ភាសន៍​នោះ អ្នកចូលរួម​បាន​ឲ្យ​ដឹងថា ពួកគេ​មាន​អារម្មណ៍ល្អ​ហើយ និង​ឈឺឈៀបៗក្នុង​បំពង់ក ដែលជា​អារម្មណ៍​ស្រដៀង​គ្នា នឹង​ពេល​ពួកគេ ជក់បារី​មាន​ជាតិ​នីកូទីន​ដែរ។ បន្ទាប់មក អ្នកស្រាវជ្រាវ​បាន​ណែនាំ​ឲ្យ​អ្នក​ជក់បារី​ទាំងអស់ បន្តក់​ប្រេង​ម្រេច​ពីរ​បី​ដំណក់​ក្នុង​សម្លី និង​ស្រង់ក្លិន​របស់​វា នៅពេល​មាន​អារម្មណ៍​ចង់​ជក់បារី៕
 
 
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com