អន្តរជាតិ
សេដ្ឋី​អេ​ហ្ស៊ី​ប​ចិត្តធម៌​ប្រកាស​ជួយ​ជនភៀសខ្លួន​ដោយ​ទិញ​កោះ​បង្កើត​ប្រទេស
05, Sep 2015 , 8:45 am        
រូបភាព
មហាសេដ្ឋី​អេ​ហ្ស៊ី​បលោក Naguib Sawiris បានប្រកាស​ផ្តល់​លុយ​ចន្លោះ​ពី១០ ទៅ ១០០លាន​ដុល្លារ​ដើម្បី​ទិញ​កោះ​ពី​អ៊ីតាលី​ឬ​ក្រិ​ក​ឲ្យ​ជនជាតិ​ភៀសខ្លួន​រស់នៅ។  លោក​ចង់​ទិញ​កោះ​នោះ​ដើម្បី​ធ្វើជា​រដ្ឋ​មួយ​ឲ្យ​ជនភៀសខ្លួន​ដែល​ខំ​ផ្សងព្រេង​ប្តូរជីវិត​មកពី​មជ្ឈិមបូព៌ា អាហ្វ្រិក​ឬ​អាស៊ី​កណ្តាល​រស់នៅ។​លោក​ក៏មាន​គំនិត​ជួយ​ធ្វើយ៉ាងណា​ផ្តល់​ការងារ​ដល់​ប្រជាជន​ទាំងនោះ​ដើម្បី​ឲ្យ​ពួក​អាច​សង់​ប្រទេស​ថ្មី​នេះ​បាន។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។



អាច​ថា​រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​មួយ​ដែរ នៅពេលដែល​មហាសេដ្ឋី​ជនជាតិ​អេ​ហ្ស៊ី​បម្នាក់​គឺ​លោក Naguib Sawiri បាន​ចេញមុខ​ប្រកា​សទិញ​កោះ​នៅក្នុង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ពី​ប្រទេស​អ៊ីតាលី ឬ​កោះ​របស់​ក្រិ​ក​ក៏បាន​សម្រាប់​ឲ្យ​ជនភៀសខ្លួន​ស្នាក់នៅ។

ការប្រកាស​ចំណាយលុយ​សន្ធឹកសន្ធាប់​ក្នុងន័យ​មនុស្សធម៌​នេះ​កើតឡើង​ក្រោយ​ពេលដែល​រូបភាព​ក្មេងប្រុស​វ័យ៣ឆ្នាំ​ជនជាតិ​ស៊ី​រី​និង​ក្មេង​ឯទៀត​ដែល​លង់ទឹក​នៅ​ឆ្នេរ​តួ​ក​គី​ត្រូវបាន​គេ​ចែកចាយ​ពាសពេញ​សារ​ព័ត​មាន​ពិភពលោក​និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម។ រូបភាព​នោះបាន​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​តក់​ស្លុត​និង​អាសូរ​ដល់​ជីវិត​ជន​ភៀស​ខ្លូន​និង​ជន​អន្តោរ​ប្រវេសន៍​តាម​ទូក​មក​អឺរ៉ុប​ជាខ្លាំង។

លោក គ្រោង​ចំណាយលុយ​ចន្លោះ​ពី១០ ទៅ១០០លាន​ដុល្លារ​ដើម្បី​ទិញ​កោះ  និងអាច​បង្កើត​រដ្ឋ​មួយ​ជាទី​ស្នាក់អាស្រ័យ​របស់​ជ​ន​ភៀសខ្លួន​ផង​គ្នា។ ហើយ​គំនិត​មួយទៀត​គឺ​លោក​ចង់​ជួយ​ធ្វើយ៉ាងណា​ឲ្យ​ជនភៀសខ្លួន​ទាំងនោះ​មានការ​ងារ​ល្មម​អាច​កសាង​ប្រទេស​ថ្មី​នេះ​បាន​ប្រកបដោយ​ចីរភាព។ កោះ​ដែល​លោក​ចង់​បង្កើតជា​រដ្ឋ​ឯករាជ្យ​នោះ​មាន​ឈ្មោះថា «ក្តីសង្ឃឹម»។ លោក​សង្កត់ធ្ងន់ថា ជនភៀសខ្លួន​ទាំងនោះ​គ្រាន់តែ​ស្នាក់នៅ​បណ្តោះអាសន្ន​សិន​ក៏បាន​ទម្រាំ​ស្រុកទេស​ខ្លួន​មាន​ស្ថិរភាព​ឡើងវិញ។

លោក​ដំបូង​ឡើយ​បានប្រកាស​បែបនេះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter ហើយ​មនុស្ស​មួយចំនួន​បាន​ហៅ​គំនិត​របស់លោក​ថា​ជា​គំនិត​ឆ្គួ​ត​លីលា​ទៀតផង។ តែ​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន លោក​បាន​លើកឡើងថា អាច​ថា​ជា​គំនិត​ឆ្គួ​ត​ក៏​ថា​បាន ប៉ុន្តែ​ប្រទេស​ក្រិ​ក​ក្តី អ៊ីតាលី​ក្តី​មាន​កោះ​ជាច្រើន​ទុកចោល​ដោយ​គ្រប់​ដណ្តប់​ដោយ​ខ្សាច់។

ហើយ​លោក​ក៏បាន​លើក​អំណះអំណាង​ថា ចុះបើ​យក​វា​មកប្រើប្រាស់​ដើម្បី​សង់​លំនៅ​ឲ្យ​ជនភៀសខ្លួន​ដែល​ត្រូវការ​ជម្រក​ស្នាក់នៅ​ប​ណ្ណោះ​អាសន្ន ឬ​អាចជា​អចិន្ត្រៃយ៍​បើសិនជា​អាច​នោះ មាន​ទាស់ខុស​ដែរ​មែន​ទេ?។ លោក​ឆ្លៀត​ទិតៀន​អឺរ៉ុប​ផង​ថា វា​ពិត​ដែល​គំនិត​លោក​ហាក់ដូចជា​ប្លែក​និង​ពិបាក​អនុវត្ត ប៉ុន្តែ​វា​គ្រាន់​ជាង​ទុក​ឲ្យ​ជនភៀសខ្លួន​ទាំងនោះ​បាត់បង់​ជីវិត​និង​ត្រូវគេ​ធ្វើបាប​ដូច​សត្វពាហនៈ។

លោក​បន្ថែម យ៉ាងហោចណាស់​នៅលើ​កោះនោះ​មិនមាន​វត្តមាន​លោក អាសាដ ហើយ​និង​ក្រុម​ភេរវជន​សាហាវ​ឃោ​ឃៅដូចជា​ក្រុមរដ្ឋឥស្លាមដែរ។ ពួកគេ​អាច​កសាង​ជីវភាព ហើយ​បើ​មិន​ពេញចិត្ត​ស្នាក់នៅ​យូរអង្វែង ពួកគេ​អាច​ត្រលប់​ទៅ​ស្រុក​វិញ​បាន​ផងដែរ។

ជុំវិញ​ការជួយ​ជនភៀសខ្លួន​នេះដែរ មានការ​សាកសួរ​លោក Naguib Sawiris ថាបើ​ចង់​ជួយ​ជនភៀសខ្លួន ម្តេច​មិនបង្កើត​នៅក្នុង​ទឹកដី​អេ​ហ្ស៊ី​ប​វិញ។ លោក​បាន​អធិប្បាយ​ថា វា​ពិបាក​ទៅរួច​ណាស់។ រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​នឹងមិន​អនុ​ញ្ញា​ឲ្យ​ទទួល​ជនភៀសខ្លួន​ជាដាច់ខាត។

លោក​Naguib Sawiris ជា​មហាសេដ្ឋី​លំដាប់​ទី២នៅ​អេ​ហ្ស៊ី​ប ដែល​លោក​មានទ្រព្យ​ប្រហែល៣ពាន់​លាន​ដុល្លារ​អាមេរិក។ លោក​ជា​ម្ចាស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​ឈ្មោះថា Orascom TMT ហើយ​ក្រុមហ៊ុន​នេះ​ផ្តល់​បណ្តាញ​ទូរ​សព្ទ​ពាសពេញ​ទ្វីបអាហ្វ្រិក​និង​នៅ​មជ្ឈិមបូព៌ា​ផង៕


Tag:
 ជនភៀសខ្លួន
 ជនអន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com